ហ្វីលីពីន កំពុងត្រៀមទប់ទល់នឹងព្យុះទីហ្វុងដ៏មហិមាមួយទៀត! ព្យុះ Fung-Wong ឬ Uwan ដែលមានទំហំធំជាងប្រទេសហ្វីលីពីនទាំងមូល ត្រូវបានគេរំពឹងថានឹងវាយប្រហារដល់ដីគោកប្រទេសនេះនៅល្ងាចថ្ងៃអាទិត្យ ទី៩ ខែវិច្ឆិកា ជាមួយនឹងល្បឿនខ្យល់ដ៏កាចសាហាវ ១២០ គីឡូម៉ែត្រក្នុងមួយម៉ោង និងខ្យល់កន្ត្រាក់ឡើងដល់ ១៥០ គីឡូម៉ែត្រក្នុងមួយម៉ោង។
ទីភ្នាក់ងារអាកាសធាតុ ភូមិសាស្ត្រ និងតារាសាស្ត្រហ្វីលីពីន បានឲ្យដឹងថា ព្យុះដែលទទួលបានរហស្សនាមថា «ព្យុះបិសាច» ដោយសារឥទ្ធិពលដ៏ខ្លាំងក្លារបស់វា កំពុងតែបង្កើនកម្លាំងខ្លួនក្លាយទៅជាកំពូលព្យុះទីហ្វុងដ៏សាហាវ។ គេព្យាករណ៍ថា Fung-Wong នឹងវាយប្រហារយ៉ាងពេញទំហឹងចំខេត្ត Batanes រហូតដល់ប្រជុំកោះ Bohol ក្នុងតំបន់ Visayas ដែលអាចបង្កជាមហន្តរាយធ្ងន់ធ្ងរ។
ដោយសារតែភាពកំណាចដែលមិនធ្លាប់មានពីមុនមក អាជ្ញាធរនៅតាមតំបន់ដែលស្ថិតចំផ្លូវនៃព្យុះ បានចេញសេចក្តីព្រមានអំពីគ្រោះថ្នាក់ និងប្រកាសអាសន្នរួចហើយ ដោយអំពាវនាវឲ្យប្រជាពលរដ្ឋជម្លៀសខ្លួនទៅកាន់ទីទួលសុវត្ថិភាពជាបន្ទាន់ និងចាត់វិធានការទប់ទល់គ្រប់បែបយ៉ាង។
គួរឲ្យសោកស្ដាយ ប្រទេសហ្វីលីពីន មិនទាន់បានធូរស្បើយពេញលេញនៅឡើយទេ ពីការវាយប្រហាររបស់ព្យុះ Kalmaegi ដែលបានបោកបក់កាលពីដើមសប្តាហ៍នេះ ហើយបានបន្សល់ទុកនូវទំហំនៃការខូចខាតយ៉ាងធ្ងន់ធ្ងរ។ គិតត្រឹមថ្ងៃសៅរ៍ ព្យុះ Kalmaegi បានបណ្តាលឲ្យមនុស្ស ២២៤ នាក់បាត់បង់ជីវិត ជាពិសេសនៅខេត្ត Cebu។
យ៉ាងណាមិញ ទោះបីជាព្យុះ Kalmaegi ត្រូវបានចាត់ទុកថាជាព្យុះសាហាវបំផុតប្រចាំឆ្នាំរួចទៅហើយក៏ដោយ ក៏មហាជននៅតែបន្តតាមដានយ៉ាងយកចិត្តទុកដាក់ថា តើព្យុះថ្មី Fung-Wong នេះនឹងអាចក្លាយជាព្យុះដែលខ្លាំងជាង Kalmaegi ហើយបង្កការបំផ្លិចបំផ្លាញកាន់តែធំធេងដល់កម្រិតណាទៀត? 
