សាលា​ជ័យ​ថា​វី នៅតែ​បំពាន! អាជ្ញាធរ​ខណ្ឌ​៧​មក​រា ដឹកនាំ​ចុះ​រុះរើ​សំណង់​បិទផ្លូវ​សាធារណៈ

សាលា​ជ័យ​ថា​វី នៅតែ​បំពាន! អាជ្ញាធរ​ខណ្ឌ​៧​មក​រា ដឹកនាំ​ចុះ​រុះរើ​សំណង់​បិទផ្លូវ​សាធារណៈ

រាជធានី​ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២៥ នេះ រដ្ឋបាល​ខណ្ឌ​៧​មក​រា បាន​ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​ពិនិត្យ និង​ចាត់វិធានការ​លើ​ទីតាំង​សាលា​បង្រៀន​គួរ «​ជ័យ​ថា​វី​» ដែល​បាន​សាងសង់​សំណង់​រំលោភ​បំពាន​លើ​ចំណី​ផ្លូវ​សាធារណៈ​លេខ​១៤៩ ស្ថិត​ក្នុង​សង្កាត់​វាលវង់​។ ការ​ចុះ​អនុវត្ត​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​សេចក្តីជូនដំណឹង​ជា​បន្តបន្ទាប់​ទៅ​ម្ចាស់​សំណង់ ហើយ​អាជ្ញាធរ​បាន​កត់សម្គាល់​ឃើញ​ថា គ្រួសារ​ដែល​ជាប់​ពាក់ព័ន្ធ​ផ្សេងទៀត​បាន​យល់ព្រម​រុះរើ​តាម​ការណែនាំ ប៉ុន្តែ​សាលា​ជ័យ​ថា​វី នៅតែ​មិន​ព្រម​សហការ​ឡើយ​។
លោក ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌ​៧​មក​រា តំណាង​លោក ថេ​ង សុ​ថុ​ល អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ បាន​បញ្ជាក់​ថា ការងារ​នេះ​បាន​ទទួល​ការ​អនុញ្ញាត​ពី​ក្រសួង​រៀបចំ​ដែនដី នគរ​រូប​នី​យ៍​កម្ម និង​សំណង់ ព្រមទាំង​រដ្ឋបាល​រាជធានី​ភ្នំពេញ បន្ទាប់ពី​ពិនិត្យ​ឃើញ​យ៉ាង​ច្បាស់​ថា សំណង់​នេះ​បាន​រំលោភ​បំពាន​ដងផ្លូវ​សាធារណៈ​ទាំងស្រុង ដែល​បង្ក​ឲ្យ​ប៉ះពាល់​ដល់​លំហូរ​ចរាចរណ៍ សោភ័ណភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​យ៉ាងធ្ងន់ធ្ងរ​ក្នុង​តំបន់​។
អភិបាលរង​ខណ្ឌ​រូប​នេះ ក៏​បាន​ព្រមាន​ផង​ដែរ​ថា កំឡុង​ពេល​ចុះ​រុះរើ​អនុវត្តន៍​វិធានការ​រដ្ឋបាល​នេះ អាជ្ញាធរ​នឹង​មិន​ទទួលខុសត្រូវ​ចំពោះ​ការ​បាត់បង់ ឬ​ខូចខាត​ទ្រព្យសម្បត្តិ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ណា​ដែល​នៅតែ​បន្ត​រំលោភ​បំពាន ហើយ​មិន​ព្រម​ចូលរួម​សហការ​រុះរើ​ជាមួយ​អាជ្ញាធរ​នោះ​ឡើយ​។
ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក៏បាន​ចេញ​សេចក្តីជូនដំណឹង​ជំរុញ​ឱ្យ​ម្ចាស់​សាលា​ជ័យ​ថា​វី រុះរើ​សំណង់​របស់​ខ្លួន​ដែរ បន្ទាប់ពី​ការ​ចុះ​ពិនិត្យ​ជាក់ស្តែង​បាន​រក​ឃើញ​ថា៖

១. សំណង់​នេះ​បាន​សាងសង់​ពី​ដែក​ជា​រោង​សម្រាប់​ចំណត​កង់​-​ម៉ូតូ​របស់​បុគ្គលិក និង​សិស្ស​។

២. សំណង់​នេះ​បាន​បិទផ្លូវ​សាធារណៈ​លេខ​១៤៩ បង្ក​ឱ្យ​មាន​ភាព​អាណា​ធិ​ប​តេ​យ្យ និង​បាត់បង់​សណ្តាប់ធ្នាប់​ដោយសារ​ការ​ដាក់​កង់ ម៉ូតូ​ពាសពេញ​ផ្លូវ​។

៣. សំណង់​ដែល​បិទផ្លូវ​បែប​នេះ មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ខូច​សោភ័ណភាព និង​សណ្តាប់ធ្នាប់​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ប៉ះពាល់​ដល់​លំហូរ​ចរាចរណ៍ សុវត្ថិភាព និង​ការ​សង្គ្រោះ​នានា​នៅ​ពេល​មាន​អគ្គិភ័យ​កើតឡើង​ជាយថាហេតុ​ទៀត​ផង​។

administrator

Related Articles