ព័ត៌មានរន្ធត់មួយបានកើតឡើងនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៨ ខែវិច្ឆិកា បន្ទាប់ពីហេតុការណ៍ភ្លើងឆាបឆេះកប៉ាល់ដឹកកុងតឺន័រមួយគ្រឿងយ៉ាងសន្ធោសន្ធៅ នៅក្នុងរដ្ឋ Johor។ ភ្លើងដែលឆេះយ៉ាងគំហុកនេះ បានបណ្តាលឱ្យមនុស្សយ៉ាងតិច ៣នាក់បានបាត់បង់ជីវិត និង ៣នាក់ផ្សេងទៀតរងរបួសធ្ងន់ធ្ងរ។ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។
លោក Mohamad Anuar Mohamad Amdzah មេបញ្ជាការប្រតិបត្តិការនៃនាយកដ្ឋានពន្លត់អគ្គីភ័យនិងជួយសង្គ្រោះម៉ាឡេស៊ី បានបញ្ជាក់ថា កប៉ាល់ដែលរងគ្រោះដោយអគ្គីភ័យនេះ គឺមានឈ្មោះ MSC Kyparissia ដែលបានចូលចតនៅកំពង់ផែ Tanjung Pelepas (PTP)។ ប្រភពដើមនៃអណ្តាតភ្លើង ត្រូវបានគេដឹងថាបានចាប់ផ្តើមឆេះចេញពីផ្នែកខាងក្រោមនៃប្លុកទី ៥ របស់កប៉ាល់ ខណៈដែលក្រុមបុគ្គលិកកំពុងមមាញឹកក្នុងការរុះរើយកកុងតឺន័រចេញពីកប៉ាល់។
ក្នុងចំណោមជនរងគ្រោះដែលបានបាត់បង់ជីវិតទាំងបីនាក់ គឺមានម្នាក់ជាជនជាតិម៉ាឡេស៊ី ម្នាក់ជាជនជាតិហ្វីលីពីន និងម្នាក់ទៀតជាជនជាតិអង់គ្លេស។ ចំណែកឯអ្នករងរបួសទាំងបីនាក់វិញ គឺមានម្នាក់ជាជនជាតិម៉ាឡេស៊ី និង ២នាក់ផ្សេងទៀតជាជនជាតិហ្វីលីពីន។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើល និងក្តីសោកសៅយ៉ាងខ្លាំងដល់សាធារណជន។

