រាជរដ្ឋាភិបាល​ជួយ​កសិករ​រងគ្រោះ! ខេត្ត​តាកែវ​ចែក​ពូជស្រូវ ៣០តោន ដល់​ពលរដ្ឋ​៥​ស្រុក

រាជរដ្ឋាភិបាល​ជួយ​កសិករ​រងគ្រោះ! ខេត្ត​តាកែវ​ចែក​ពូជស្រូវ ៣០តោន ដល់​ពលរដ្ឋ​៥​ស្រុក

(ខេត្តតាកែវ)៖ នៅរសៀលថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា រដ្ឋបាលខេត្តតាកែវ បាន​នាំយក​ពូជស្រូវ​ជិត ៣០តោន ចែកជូន​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់​លិច​ដំណាំ​ស្រូវ ក្នុងស្រុក​ចំនួន​៥ នៃ​ខេត្ត​តាកែវ។ ការ​ចែក​ពូជស្រូវ​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ជួយ​សម្រាល​ការលំបាក​របស់​ប្រជាកសិករ ដែល​បាន​បាត់បង់​ផលដំណាំ​ដោយសារ​គ្រោះធម្មជាតិ។

ឯកឧត្តម វ៉ី សំណាង អភិបាល​ខេត្ត​តាកែវ ព្រមទាំង​ប្រធាន​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ និង​អភិបាលស្រុក​ទាំង ៥ រួមមាន ស្រុក​ទ្រាំង ស្រុក​អង្គរបូរី ស្រុក​បូរីជលសារ ស្រុក​កោះអណ្ដែត និង​ស្រុក​ព្រៃកប្បាស បាន​អញ្ជើញ​អមដំណើរ​ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ប្រតិភូ​អមដំណើរ បាន​អញ្ជើញ​នាំយក​ពូជស្រូវ ចំនួន ២៩.៩០០ គីឡូក្រាម មក​ចែកជូន​ពលរដ្ឋ​ចំនួន ២៩៩ គ្រួសារ ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​ជន់​លិច​ដំណាំ​ស្រូវ​ក្នុង​ខេត្ត​តាកែវ។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត​តាកែវ បាន​ថ្លែង​បញ្ជាក់​ថា សម្រាប់​ខេត្ត​តាកែវ ការ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា និង​រដូវប្រាំង​របស់​បងប្អូន​ប្រជាកសិករ​នៅក្នុង​ខេត្ត​ មាន​ការកើនឡើង​ទៅតាម​ផែនការ​ដែល​បាន​គ្រោងទុក។ លោក​បន្តថា នៅ​រដូវវស្សា​កន្លងទៅនេះ ស្រូវ​របស់​បងប្អូន​ប្រជាកសិករ​មួយចំនួន ត្រូវ​បាន​រងគ្រោះ​ដោយសារ​ទឹកជំនន់​ភ្លៀង ប៉ុន្តែ​អាជ្ញាធរខេត្ត ជាពិសេស​រាជរដ្ឋាភិបាល និង​ក្រសួងកសិកម្ម បាន​យកចិត្តទុកដាក់​ចុះជួយ​បងប្អូន​បាន​ទាន់ពេលវេលា។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ក៏បាន​លើកឡើង​ពី​ការយកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួងកសិកម្ម ក្នុងការ​ជួយ​កសិករ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់ និង​បាន​ស្វះស្វែងរក​ទីផ្សារ​កសិផល​ជូន​បងប្អូន​ប្រជាកសិករ​ផងដែរ។ លោក​បាន​បន្ថែម​ថា ទោះបីជា​តម្លៃ​ស្រូវ​មាន​ការធ្លាក់ចុះ​ក៏ដោយ ក៏​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ជួយ​កសិករ​ក្នុង​ការបញ្ចុះ​ថ្លៃដើម​ផលិត​ឱ្យមាន​តម្លៃ​ទាប ដូចជា​ជី​កសិកម្ម និង​ថ្នាំ​បាញ់​សម្លាប់​សត្វល្អិត​ជាដើម ដើម្បី​ធានា​ថា​ការលក់​ស្រូវ​របស់​កសិករ​នៅតែ​មាន​ការ​ចំណេញ។

ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​គូសបញ្ជាក់​ពី​កម្មវិធី​គោលនយោបាយ​អាទិភាព​របស់​រាជរដ្ឋាភិបាល​ក្នុង​ការរក្សា​លំនឹង​ថ្លៃ កាត់បន្ថយ​ថ្លៃដើម​ផលិត ការដាក់ពង្រាយ​មន្ត្រី​បច្ចេកទេស​កសិកម្ម​ទៅគ្រប់​ឃុំ-សង្កាត់ និង​ការរៀបចំ​សហគមន៍​កសិកម្ម​ទំនើប ដើម្បី​ជួយ​គាំទ្រ​លើ​ផ្នែក​បច្ចេកទេស និង​ជួយ​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​នឹង​ការងារ​កសិកម្ម​ដល់​កសិករ​ផងដែរ។

សូម​បញ្ជាក់​ផងដែរ​ថា ពូជស្រូវ​ប្រមាណ ៣០ តោន ត្រូវ​បាន​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ចុះ​ចែក​ដល់​បងប្អូន​ប្រជាកសិករ​ដែល​រង​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់​នៅក្នុង​ស្រុក​ចំនួន ៥ របស់​ខេត្ត​តាកែវ ដល់​ចំនួន ២៩៩ គ្រួសារ។ នេះ​ជា​ការឆ្លើយតប​យ៉ាង​ឆាប់រហ័ស​ពី​រាជរដ្ឋាភិបាល​ចំពោះ​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ។

ប្រភព៖ ក្រសួងមហាផ្ទៃ

administrator

Related Articles