រាជធានីភ្នំពេញ៖ រូបភាពមួយចំនួនដែលត្រូវបានថតជាប់ និងចែកចាយតាមបណ្ដាញសង្គម បានបង្កជាចម្ងល់យ៉ាងខ្លាំង អំពីមូលហេតុដែលអ្នកបើកបរមួយចំនួនធំហ៊ានប្រព្រឹត្តបទល្មើសចរាចរណ៍យ៉ាងគឃ្លើន នៅពេលគ្មានវត្តមានមន្ត្រីនគរបាលចរាចរណ៍ឈរជើង។ ទិដ្ឋភាពនេះបានធ្វើឱ្យសាធារណជនជាច្រើន មានការសោកស្ដាយ និងចោទជាសំនួរថា តើប្រទេសជាតិដែលគ្រប់គ្រងដោយច្បាប់មួយនេះ ហេតុអ្វីក៏អ្នកបើកបរដឹកជញ្ជូន និងរថយន្តឯកជនមួយចំនួន អាចប្រព្រឹត្តទង្វើទាំងនេះបានដោយគ្មានការខ្លាចរអា?

ជាក់ស្ដែង ករណីដែលប្រជាពលរដ្ឋបានថតជាប់កាលពីពេលថ្មីៗនេះ បានបង្ហាញយ៉ាងច្បាស់អំពីបទល្មើសចរាចរណ៍ជាច្រើនប្រភេទ។ ក្នុងនោះ មានរថយន្តម៉ាក Alphard មួយគ្រឿង ដែលមានស្លាកលេខត្រឹមត្រូវតាមច្បាប់ ប៉ុន្តែម្ចាស់រថយន្តដែលគេសង្ស័យថាជាជនបរទេស បានយកស្លាក “VIP” មកបិទពីលើស្លាកលេខដើម ហើយបើកបរតាមដងផ្លូវដោយគ្មានការគោរពច្បាប់សូម្បីបន្តិច។ តាមទស្សនៈផ្លូវច្បាប់ ករណីប្រើប្រាស់ស្លាកលេខក្លែងនេះ អាចចាត់ទុកជាបទល្មើសព្រហ្មទណ្ឌ។ មិនតែប៉ុណ្ណោះ រថយន្តដឹកជញ្ជូនមួយចំនួនទៀត បានផ្ទុកទំនិញលើសចំណុះ និងសំពីងសំពោង ដែលងាយបង្កគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀត។ ម្ចាស់រថយន្តទាំងនេះហាក់មិនខ្វល់ខ្វាយអ្វីឡើយ ដោយសារតែពួកគេយល់ថាគ្មានវត្តមានមន្ត្រីនគរបាលចរាចរណ៍នៅតាមដងផ្លូវ។
ដូច្នេះ ស្របពេលដែលស្ថានភាពព្រំដែនមានភាពស្ងប់ស្ងាត់ឡើងវិញ មន្ត្រីនគរបាលចរាចរណ៍ គួរតែដាក់គោលដៅពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ឡើងវិញជាបន្ទាន់។ នេះគឺដើម្បីទប់ស្កាត់កុំឱ្យជនល្មើសបន្តប្រព្រឹត្តបទល្មើសតាមអំពើចិត្ត ដែលអាចបង្កគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ និងផ្តល់ឱកាសដល់ជនខិលខូចប្រើប្រាស់ស្លាកលេខក្លែងក្លាយ ដែលធ្វើឱ្យពិបាកក្នុងការកំណត់អត្តសញ្ញាណ និងឈានទៅដល់ការប្រព្រឹត្តបទល្មើសផ្សេងៗទៀត។
ដោយ៖ ក្រុមការងារព័ត៌មាន
