រាជធានីភ្នំពេញ ៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ស្តែង កាលពីវេលាម៉ោង១១:៣០នាទីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥។ ជនសង្ស័យរូបនេះបានប្រព្រឹត្តបទល្មើសរក្សាទុក និងជួញដូរសារធាតុញៀនដោយខុសច្បាប់ នៅចំណុចផ្លូវលេខ២៤៧ ក្រុម២៧ ភូមិ១១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ សេង ពេជ្រ ហៅពេជ្រ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ និងស្នាក់នៅមិនពិតប្រាកដនៅរាជធានីភ្នំពេញ។ ក្រោយឃាត់ខ្លួន ជនសង្ស័យក៏បានវិជ្ជមានសារធាតុញៀនក្នុងទឹកនោមផងដែរ។
វត្ថុតាងដែលចាប់យកបានរួមមានម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់ធំល្មម។ បច្ចុប្បន្ន ជនសង្ស័យខាងលើកំពុងត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរបន្ថែម និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់បន្ត៕
