ខេត្តបន្ទាយមានជ័យ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោងប្រមាណ ១០និង១២នាទី ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចផ្លូវរថភ្លើង ខាងក្រោយរោងចក្រចាស់មួយកន្លែង ស្ថិតក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីពលរដ្ឋប្រទះឃើញសពបុរសម្នាក់ ដេកផ្កាប់មុខស្លាប់យ៉ាងអាណោចអាធ័មនៅលើផ្លូវរថភ្លើង។
ប្រភពពីពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា សាកសពមានឈ្មោះ នី ណន ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរជាកម្មកររោងចក្រ។ តាមការសង្ស័យ ក្រោយពីគាត់បានចេញពីធ្វើការងារ ធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏ត្រូវបានរថភ្លើងបុក ឬកៀរ បណ្ដាលឲ្យបាត់បង់ជីវិតនៅនឹងកន្លែងតែម្ដង។ 
ក្រោយទទួលដំណឹងនេះ សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីធ្វើការពិនិត្យជាក់ស្ដែង និងរង់ចាំការធ្វើកោសល្យវិច័យទៅលើសាកសពពីសំណាក់មន្ត្រីជំនាញ ដើម្បីស្វែងរកមូលហេតុពិតប្រាកដនៃការស្លាប់ បាត់បង់ជីវិតរបស់ជនរងគ្រោះ មុននឹងប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
