ខេត្តកណ្តាល៖ មានការភ្ញាក់ផ្អើលជាខ្លាំងនៅស្រុកកោះធំ ខេត្តកណ្ដាល បន្ទាប់ពីប្រជាពលរដ្ឋបានប្រទះឃើញសពបុរសម្នាក់ស្ថិតក្នុងស្ថានភាពស្អុយរលួយយ៉ាងដំណំ ត្រូវបានគេញាត់ចូលទៅក្នុងវ៉ាលិស ហើយយកទៅបោះចោលក្នុងគុម្ពោតព្រៃមួយកន្លែង ក្បែរផ្លូវជាតិលេខ២៣។ ករណីដ៏រន្ធត់នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយសមត្ថកិច្ចសង្ស័យថាជាអំពើឃាតកម្ម។

សមត្ថកិច្ចស្រុកកោះធំបានបញ្ជាក់ថា សពបុរសខាងលើមានអាយុប្រហែល ៣៥ឆ្នាំ ប៉ុន្តែពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ វត្ថុតាងដែលត្រូវបានចាប់យកនៅកន្លែងកើតហេតុ រួមមាន៖ វ៉ាលិសពណ៌ទឹកប្រាក់មួយ, ខ្សែសាកទូរស័ព្ទចំនួន ៥ខ្សែ, ខ្សែភ្លើងឌុយបីពណ៌សមួយខ្សែ, ខ្សែ Wi-Fi ចំនួន ២ខ្សែ និងដែកកេះចំនួន ២។

បើតាមការបំភ្លឺរបស់លោក អូន អុន ភេទប្រុស អាយុ៤៥ឆ្នាំ និងលោក មុត មឿន ភេទប្រុស អាយុ៦០ឆ្នាំ ដែលជាប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានកើតហេតុ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក អូន អុន ខណៈកំពុងឃ្វាលគោនៅវាលស្រែ ក៏បានប្រទះឃើញវ៉ាលិសពណ៌ទឹកប្រាក់មួយនៅចន្លោះដើមជ្រែ២ដើម ដោយមានធុំក្លិនស្អុយចេញមក។ ដោយមានការសង្ស័យថាអាចមានអ្វីមិនប្រក្រតី លោកក៏ប្រញាប់រាយការណ៍ជូននាយប៉ុស្តិ៍រដ្ឋបាលឃុំលើកដែក ដែលបន្តរាយការណ៍ទៅអធិការស្រុកកោះធំ ដើម្បីចាត់កម្លាំងជំនាញចុះទៅត្រួតពិនិត្យ។

ក្រោយទទួលបានព័ត៌មាននេះភ្លាម កម្លាំងសមត្ថកិច្ចចម្រុះបានចុះទៅដល់ទីតាំងកើតហេតុ ដោយធ្វើការហ៊ុមព័ទ្ធ និងទាញវ៉ាលិសនោះមកពិនិត្យ។ លទ្ធផលនៃការពិនិត្យបានបង្ហាញថា សពនៅក្នុងវ៉ាលិសនោះជាមនុស្សប្រុស មានសភាពស្អុយរលួយអស់សាច់ ពិបាកចំណាំ។ សពស្លៀកពាក់អាវយឺតដៃខ្លីពណ៌ស អាវក្រៅមានមួកពណ៌ប្រផេះ ខោជើងវែងពណ៌ប្រផេះ មានហោប៉ៅ២ សក់ជ្រុះអស់ ហើយស្លៀកលីអូពណ៌ទឹកប៊ិច។ សពមានកម្ពស់ប្រហែល ១.៦៥ ស.ម ចំណែកដៃជើងទាំងបួនពុំមានអ្វីគួរឱ្យកត់សម្គាល់នោះទេ។
សមត្ថកិច្ចបានសន្និដ្ឋានបឋមថា ករណីនេះគឺជាអំពើឃាតកម្ម ដោយជនល្មើសបានសម្លាប់ជនរងគ្រោះ រួចហើយញាត់ចូលវ៉ាលិសយកមកបោះចោល ដើម្បីបំបាត់ភស្តុតាង។ បច្ចុប្បន្ន កម្លាំងជំនាញកំពុងបន្តស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះ ក៏ដូចជាស្វែងរកចាប់ខ្លួនជនដៃដល់យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។
