ទឹកជំនន់លិចរាប់ខែ! ពលរដ្ឋអាយុធ្យានាំគ្នាធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលថៃ ទាមទារដំណោះស្រាយជាបន្ទាន់

ទឹកជំនន់លិចរាប់ខែ! ពលរដ្ឋអាយុធ្យានាំគ្នាធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលថៃ ទាមទារដំណោះស្រាយជាបន្ទាន់

ជាង ៣០០ នាក់​នៃ​ពលរដ្ឋ​ខេត្ត​អាយុធ្យា ប្រទេស​ថៃ បាន​ចេញ​ធ្វើ​បាតុកម្ម​ដ៏​ធំ​មួយ​ប្រឆាំង​នឹង​រដ្ឋាភិបាល ដោយសារ​តែ​ពួកគាត់​ទ្រាំ​លែង​បាន​នឹង​ទឹកជំនន់​ដែល​បាន​ជន់​លិច​សហគមន៍​របស់​ពួកគេ​អស់​រយៈពេល​ជាង ៣ ខែ​មកហើយ ខណៈ​អាជ្ញាធរ​នៅតែ​មិន​ព្រម​បើកទ្វារទឹក​រំដោះ​ទៅកាន់​តំបន់​ផ្សេងៗ។

កាសែត The Star បាន​ផ្សាយ​កាលពី​ថ្ងៃ​សៅរ៍ ទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ ថា ពលរដ្ឋ​ទាំងនោះ​បាន​នាំគ្នា​បិទផ្លូវ Ayutthaya-Sena ដើម្បី​រង់ចាំ​ការដោះស្រាយ​ពី​រដ្ឋាភិបាល។ ពួកគេ​ទាមទារ​ឲ្យ​អាជ្ញាធរ​បើកទ្វារទឹក Sam Ko និង Chao Jet ជាបន្ទាន់ ដើម្បី​ជួយ​រំដោះ​ទឹក​ចេញពី​ផ្សារ Sena និង​តំបន់​ក្បែរៗ​នោះ ឲ្យ​ហូរ​ទៅកាន់​តំបន់ Tung Ja Phaet, Tung Bang Sai និង Tung Koo Solat។

បច្ចុប្បន្ន នាយកដ្ឋាន​ធនធានទឹក​បាន​បញ្ចេញ​ទឹក ២ ៧០០ ម៉ែត្រគូប​ក្នុង​មួយ​វិនាទី បន្ថែម​លើ​បរិមាណ​ទឹកជំនន់​ដែល​កំពុង​ជន់​លិច​ស្រាប់ ធ្វើ​ឲ្យ​ស្ថានការណ៍​រឹតតែ​អាក្រក់​ទៅ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​ជាច្រើន។

តំបន់​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ​គឺ​ស្រុក Sena, Bang Ban និង Phak Hai ដែល​ទឹកជំនន់​បាន​បំផ្លាញ​ផ្ទះសម្បែង​ជាង ៣០ ០០០ ខ្នង ហើយ​គ្រួសារ​ខ្លះ​ត្រូវ​បង្ខំចិត្ត​រស់នៅ​តាម​ចិញ្ចើមផ្លូវ​យ៉ាង​វេទនា។

បាតុកម្ម​នេះ​កើតឡើង​ស្របពេល​ដែល​ខេត្ត​ចំនួន ៧ នៅ​ប្រទេស​ថៃ បាន​ប្រកាសអាសន្ន​ទឹកជំនន់​កម្រិត​ក្រហម ដែលជា​កម្រិត​ធ្ងន់ធ្ងរ​បំផុត។ ការប្រកាសអាសន្ន​នេះ​បណ្ដាល​មកពី​ទំនប់​ចៅប្រាយ៉ា​នឹង​ត្រូវ​បញ្ចេញ​ទឹក​យ៉ាង​គំហុក ដោយសារ​មិនអាច​ទប់ទល់​នឹង​បរិមាណ​ទឹកភ្លៀង​ដែល​បន្ត​ធ្លាក់​ឥត​ឈប់ឈរ​ពី​ឥទ្ធិពល​ព្យុះ​ជាច្រើន​បន្តបន្ទាប់។

យោងតាម​ការផ្សាយ​របស់ Khaosod ដោយ​ដកស្រង់​ប្រភពពី​ទីភ្នាក់ងារ​អវកាស​និង​ភូមិសាស្ត្រ​ព័ត៌មានវិទ្យា​ជាតិនៃ​ប្រទេស​ថៃ (GISTDA) កាលពី​ថ្ងៃ​សៅរ៍ ទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ បាន​ឲ្យ​ដឹង​ថា ខេត្ត​ទាំង ៧ រួមមាន Chainat, Singburi, Ang Thong, Suphanburi, Phra Nakhon Si Ayutthaya, Saraburi និង Pathum Thani សុទ្ធតែ​ត្រូវ​បានដាក់​ក្នុង​ស្ថានភាព​អាសន្ន និង​តម្រូវ​ឲ្យ​មានការ​ត្រួតពិនិត្យ​តាមដាន​យ៉ាង​ដិតដល់ ខណៈ​ទំនប់​ចៅប្រាយ៉ា​ទំនង​ជា​នឹង​បញ្ចេញ​ទឹក​ក្នុង​កម្រិត ២ ៨០០ ម៉ែត្រគូប​ក្នុង​មួយ​វិនាទី។

GISTDA ក៏បាន​ចេញ​ការព្រមាន​បន្ថែម​ទៀត​ថា តំបន់​ទាំង ៧ ខាងលើ​នឹង​រងការ​លិចលង់​ធ្ងន់ធ្ងរ ជាពិសេស​ដី​កសិកម្ម និង​សហគមន៍​ដែល​ស្ថិតនៅ​តាម​ដងទន្លេ។

administrator

Related Articles