ឯកឧត្តម ឌិត ទីណា ចុះចែកស្រូវពូជជួយកសិកររងគ្រោះទឹកជំនន់នៅតាកែវ

ឯកឧត្តម ឌិត ទីណា ចុះចែកស្រូវពូជជួយកសិកររងគ្រោះទឹកជំនន់នៅតាកែវ

(ខេត្តតាកែវ)៖ តាមសេចក្តីរាយការណ៍ពីក្រសួងព័ត៌មាន នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូ ចុះជួបសំណេះសំណាល និងនាំយកស្រូវពូជសរុប ២៩,៩ តោន ក្រោមកម្មវិធីប្រព័ន្ធស្បៀងបម្រុងរបស់រាជរដ្ឋាភិបាល ចែកជូនដល់បងប្អូនប្រជាកសិករចំនួន ២៩៩ គ្រួសារ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារទឹកជំនន់ជន់លិចដំណាំស្រូវនៅស្រុកទ្រាំង ខេត្តតាកែវ។ ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមអមដំណើរពីឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និងសហការីផងដែរ។

រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិជាសេនាធិការ តែងតែយកចិត្តទុកដាក់ និងឈរជាមួយបងប្អូនប្រជាកសិករជានិច្ច មិនថាក្នុងកាលៈទេសៈណានោះទេ។ នៅពេលប្រជាកសិករជួបការខ្វះខាតទឹក រាជរដ្ឋាភិបាលជួយដោះស្រាយបញ្ហាទឹកជូន។ នៅពេលដំណាំស្រូវរងការខូចខាតដោយសារទឹកជំនន់ រាជរដ្ឋាភិបាលបានជួយចែកស្រូវពូជ ដើម្បីស្តារផលិតកម្មឡើងវិញ។ រីឯនៅពេលដល់រដូវប្រមូលផល ក៏បានជួយស្វែងរកទីផ្សារជូន ទោះបីជាតម្លៃប្រហែលជាមិនបានដូចការចង់បានទាំងស្រុងក្តី ក៏ប៉ុន្តែមិនបានបណ្តោយឱ្យស្រូវរបស់ប្រជាកសិករកកស្ទះ រហូតដល់ខូចខាតគ្មានតម្លៃនោះឡើយ។

ប្រភព៖ ក្រសួងព័ត៌មាន

administrator

Related Articles