ក្នុងរយៈពេលពីរថ្ងៃជាប់គ្នា ជើងហោះហើររាប់ពាន់ជើងនៅតាមព្រលានយន្តហោះធំៗក្នុងសហរដ្ឋអាមេរិកត្រូវបានលុបចោល ដោយសារតែវិបត្តិបិទរដ្ឋាភិបាលនៅតែបន្តអូសបន្លាយ និងមិនទាន់មានដំណោះស្រាយ។ ស្ថានភាពនេះបាននិងកំពុងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់វិស័យអាកាសចរណ៍ និងធ្វើឲ្យអ្នកដំណើររាប់ពាន់នាក់ជាប់គាំង។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថា ចាប់តាំងពីថ្ងៃសុក្រ ទី៧ ខែវិច្ឆិកាមក ក្រុមហ៊ុនអាកាសចរណ៍អាមេរិកបានលុបចោលជើងហោះហើរចំនួន ១ ៤៦០ជើង នៅតាមព្រលានយន្តហោះសំខាន់ៗចំនួន ៤០ ទូទាំងប្រទេស។
ការលុបចោលដ៏ច្រើននេះ គឺបណ្តាលមកពីការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពនៃការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស។ មូលហេតុចម្បងគឺការបិទរដ្ឋាភិបាលបានធ្វើឲ្យមានកង្វះខាតយ៉ាងធ្ងន់ធ្ងរនូវបុគ្គលិកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស ដោយសារពួកគេមិនបានទទួលប្រាក់ឈ្នួលអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ។

ជាមួយគ្នានេះ រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) បានចេញការព្រមានថា ប្រសិនបើរដ្ឋាភិបាលមិនអាចរកដំណោះស្រាយដើម្បីបើកដំណើរការឡើងវិញបានទេនោះ ការលុបចោលជើងហោះហើរនឹងបន្តកើតមានថែមទៀត ជាពិសេសនៅតាមទីក្រុងធំៗដូចជា Atlanta, Newark, San Francisco, Chicago និង New York។
សូមបញ្ជាក់ថា ការបិទរដ្ឋាភិបាលអាមេរិកនេះកើតឡើងដោយសារតែសភាទាំងពីរគណបក្ស មិនអាចឈានដល់ការឯកភាពគ្នាស្តីពីកញ្ចប់ថវិកាប្រើប្រាស់សហព័ន្ធថ្មីបាន។
ក្នុងអំឡុងពេលនៃការបិទរដ្ឋាភិបាលដែលមានរយៈពេលយូរមិនធ្លាប់មានរហូតដល់ ៣៩ថ្ងៃ បុគ្គលិកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសប្រមាណ ១៣ ០០០ នាក់ និងបុគ្គលិកត្រួតពិនិត្យសន្តិសុខប្រមាណ ៥០ ០០០ នាក់ ត្រូវបានបង្ខំចិត្តធ្វើការដោយគ្មានប្រាក់ឈ្នួល ដែលជាហេតុធ្វើឲ្យពួកគេជាច្រើនមិនអាចមកបំពេញការងារបានធម្មតា។
