(ភ្នំពេញ)៖ ដំណឹងដ៏គួរឲ្យរំភើបមួយសម្រាប់វិស័យសិល្បៈ និងទេសចរណ៍កម្ពុជា! ព្រះរាជាណាចក្រកម្ពុជាកំពុងត្រៀមខ្លួនទទួលស្វាគមន៍តារាចម្រៀងអូប៉េរ៉ាដ៏ល្បីល្បាញលំដាប់ពិភពលោក លោក Andrea Bocelli ជនជាតិអ៉ីតាលី មកធ្វើការប្រគំតន្រ្តីដ៏អស្ចារ្យមួយនាពេលខាងមុខ។
កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារយ៉ាងយកចិត្តទុកដាក់ជាមួយលោក Andrea Primicerio ដែលជាភ្នាក់ងារពិភពលោក និងជានាយកក្រុមហ៊ុន Klassics Music Management Limited នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ ជំនួបនេះគឺផ្តោតសំខាន់ទៅលើគម្រោងរៀបចំការប្រគំតន្រ្តីដ៏ធំ និងលំដាប់អន្តរជាតិរបស់តារាចម្រៀង Andrea Bocelli នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

ជំនួបជាប្រវត្តិសាស្ត្រនេះបានធ្វើឡើង នៅក្នុងឱកាសដែលឯកឧត្តម ហួត ហាក់ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយកម្ពុជា (CTB) ទៅចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ (World Travel Market) យ៉ាងមមាញឹកនាទីក្រុងឡុងដ៍។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានអញ្ជើញលោក Andrea Primicerio និងក្រុមការងាររបស់លោក មកបំពេញទស្សនកិច្ច និងពិនិត្យផ្ទាល់នៅប្រទេសកម្ពុជា។ គោលបំណងគឺដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់ពីស្ថានភាពនយោបាយ សង្គម សេដ្ឋកិច្ចពិតប្រាកដ ក៏ដូចជាកត្តាសុខសន្តិភាព សុវត្ថិភាពដែលផ្តល់ជូនភ្ញៀវទេសចរ និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា។

នេះជាសញ្ញាណដ៏វិជ្ជមានមួយដែលបង្ហាញពីការរីកចម្រើននៃវិស័យទេសចរណ៍ និងសិល្បៈវប្បធម៌នៅកម្ពុជា ដែលអាចទាក់ទាញព្រឹត្តិការណ៍អន្តរជាតិលំដាប់ពិភពលោកមកកាន់ប្រទេសយើង។

រង់ចាំទស្សនាទាំងអស់គ្នាថា តើការប្រគំតន្រ្តីដ៏កម្រនេះនឹងលេចរូបរាងឡើងនៅពេលណា! (ផ្តល់សិទ្ធិដោយ៖ Freshnews)


