រាជធានីភ្នំពេញ៖ តាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាន លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានថ្លែងកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា រោងម៉ាស៊ីនកិនស្រូវជាដៃគូជាមួយក្រសួងកសិកម្មចំនួន២៧ នឹងត្រៀមប្រមូលទិញស្រូវពីកសិករទូទាំងប្រទេសប្រមាណ ១៤,០០០តោនបន្ថែមទៀតនៅថ្ងៃស្អែកនេះ បន្ទាប់ពីបានទិញជិត ១០,០០០តោនរួចមកហើយកាលពីម្សិលមិញ។
សន្ទុះនៃការប្រមូលទិញស្រូវនេះ កើតឡើងក្រោយរាជរដ្ឋាភិបាលកម្ពុជាសម្រេចបញ្ចេញកញ្ចប់ថវិកាពិសេសបន្ថែមចំនួន ៤០លានដុល្លារអាម៉េរិក តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដើម្បីផ្តល់ហិរញ្ញប្បទានដល់រោងម៉ាស៊ីនដៃគូ ជួយប្រមូលទិញស្រូវពីកសិករក្នុងតម្លៃសមរម្យ និងរក្សាលំនឹងទីផ្សារ។

ធនាគារ ARDB បានបញ្ជាក់នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកាថា មូលនិធិបន្ថែម ៤០លានដុល្លារនេះ គឺដើម្បីអន្តរាគមន៍រក្សាលំនឹងថ្លៃស្រូវក្នុងរដូវប្រមូលផលខែវិច្ឆិកា ដល់ធ្នូ ឆ្នាំ២០២៥ និងដើមឆ្នាំ២០២៦។ ការសម្រេចចិត្តនេះ ធ្វើឡើងខណៈដែលតម្លៃស្រូវលើទីផ្សារអន្តរជាតិមានការធ្លាក់ចុះ ដោយសារស្តុកអង្ករសុវត្ថិភាពឆ្នាំ២០២៤ របស់ប្រទេសមួយចំនួនបន្តប្រើប្រាស់ដល់ឆ្នាំ២០២៥ ធ្វើឱ្យតម្រូវការធ្លាក់ចុះ ស្របពេលផលិតកម្មស្រូវទាំងនៅកម្ពុជា និងសកលលោកបន្តកើនឡើង។
លោក ឃឹម ហ្វីណង់ បានបញ្ជាក់ទៀតថា នេះជាអន្តរាគមន៍លើកទី៣ ហើយនៅក្នុងឆ្នាំ២០២៥ ដែលកន្លងមកធ្លាប់បានបញ្ចេញថវិកាចំនួន ៥០លានដុល្លាររួចមកហើយ។ សរុបទាំង ៣លើក គឺមានទំហំរហូតដល់ ៩០លានដុល្លារ ដើម្បីបង្កើនកម្លាំងស្រូបទាញពីទីផ្សារ និងជៀសវាងការកកស្ទះស្រូវរបស់ប្រជាកសិករ។
អ្នកនាំពាក្យរូបនេះបានប៉ាន់ប្រមាណថា ចំនួនប្រមូលទិញស្រូវនឹងកើនឡើងខ្ពស់ខ្លាំងក្នុងខែវិច្ឆិកា ដែលជាខែប្រមូលផលធំ លើផ្ទៃដីប្រហែល ១,៥លានហិកតា ជាមួយនឹងបរិមាណផលចន្លោះពី ៤-៥លានតោនស្រូវសើម។ ក្រសួងកសិកម្ម សហព័ន្ធស្រូវអង្ករ និងរោងម៉ាស៊ីនដៃគូ កំពុងធ្វើការយ៉ាងជិតស្និទ្ធស្ទើររៀងរាល់ថ្ងៃ ដើម្បីធានាថាការប្រមូលទិញស្រូវពីកសិករនៅតែមានលំហូរជាប្រចាំ និងជួយមិនឱ្យកសិករកកស្ទះរហូតដល់ខូចស្រូវឡើយ។ លោកក៏បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការសហការរវាងគ្រប់ភាគីពាក់ព័ន្ធ ទាំងរដ្ឋ និងឯកជន ដើម្បីបង្កើនភាពធន់នឹងហានិភ័យនៃការប្រែប្រួលថ្លៃទីផ្សារ។
ប្រភព៖ ក្រសួងព័ត៌មាន
