គុនខ្មែរ និងល្បុក្កតោ កំពុងត្រដែតត្រសែតនៅដែនដីរុស្ស៊ី! សិស្សគុនជិត ១០០០នាក់ចាប់អារម្មណ៍ខ្លាំង

គុនខ្មែរ និងល្បុក្កតោ កំពុងត្រដែតត្រសែតនៅដែនដីរុស្ស៊ី! សិស្សគុនជិត ១០០០នាក់ចាប់អារម្មណ៍ខ្លាំង

(ភ្នំពេញ)៖ ស្នៀតគុនដូនតាខ្មែរ គឺគុនខ្មែរ និងគុនល្បុក្កតោ កំពុងតែរីកសាយភាយ និងទទួលបានការទទួលស្គាល់យ៉ាងខ្លាំងក្លា នៅលើទឹកដីនៃប្រទេសរុស្ស៊ី។ មហាអំណាចមួយនេះបាននិងកំពុងជំរុញការអភិវឌ្ឍកីឡាអត្តសញ្ញាណជាតិខ្មែរទាំងពីរនេះយ៉ាងសកម្ម ដោយបានទាក់ទាញសិស្សគុនជាច្រើនឱ្យចូលហ្វឹកហាត់។

ការបញ្ជាក់នេះ គឺធ្វើឡើងដោយលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងជាប្រធានស្ដីទីសហព័ន្ធកីឡាគុនល្បុក្កតោ និងគុនខ្មែរអន្ដរជាតិ ក្នុងឱកាសលោកបានចូលរួមវេទិកាកីឡាពិភពលោក។ ជាមួយគ្នានោះ លោក ពេជ្រឃុន បញ្ញា ឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុង Moscow ក៏បានចុះពិនិត្យក្លិបហ្វឹកហាត់គុនខ្មែរ និងគុនល្បុក្កតោ នៅសាលាអនុវិទ្យាល័យលេខ១៧ ក្នុងទីក្រុង Moscow សហព័ន្ធរុស្ស៊ី កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ។

ប្រទេសរុស្ស៊ីបានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ ក្នុងការអភិវឌ្ឍកីឡាវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ ដោយបានបង្កើតទីលានហ្វឹកហាត់ និងកម្មវិធីបណ្តុះបណ្តាលសម្រាប់សិស្សគុនជិត ១,០០០ នាក់។ មិនត្រឹមតែប៉ុណ្ណោះ រុស្ស៊ីក៏បានរៀបចំការប្រកួតគុនខ្មែរ និងគុនល្បុក្កតោថ្នាក់ជាតិជារៀងរាល់ឆ្នាំ ហើយកំពុងពង្រីកវិសាលភាពដល់ថ្នាក់ឧត្តមសិក្សាបន្ថែមទៀតផង។ ភាពជោគជ័យនេះ កើតចេញពីការគាំទ្រយ៉ាងពេញទំហឹងពីក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដែលថ្មីៗនេះបានចុះអនុស្សរណៈនៃការយោគយល់ (MOU) ជាមួយរុស្ស៊ី ដើម្បីរួមគ្នាអភិវឌ្ឍកីឡាប្រពៃណីរបស់ប្រទេសទាំងពីរ។

ស្របពេលជាមួយការខិតខំបណ្តុះបណ្តាល និងដុសខាត់សមត្ថភាព បច្ចេកទេសយ៉ាងយកចិត្តទុកដាក់នេះ គណៈប្រតិភូកីឡាគុនខ្មែររុស្ស៊ី ក៏បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីចូលរួមជាថ្មីម្តងទៀត ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាគុនខ្មែរជើងឯកពិភពលោក ឆ្នាំ២០២៥ នៅខេត្តព្រះសីហនុ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ។

នេះគឺជាសក្ខីកម្មដ៏រស់រវើកនៃការងារអភិវឌ្ឍកីឡាវប្បធម៌ជាតិទៅកាន់ឆាកអន្តរជាតិ ក្រោមម្លប់សន្តិភាព និងការរីកចម្រើនរបស់រាជរដ្ឋាភិបាល ក៏ដូចជាគោលនយោបាយការទូតកីឡារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

administrator

Related Articles