UN ស្រែកព្រមាន៖ អំពើប្រល័យពូជសាសន៍ដ៏សាហាវ កំពុងលេបត្របាក់ស៊ូដង់!

UN ស្រែកព្រមាន៖ អំពើប្រល័យពូជសាសន៍ដ៏សាហាវ កំពុងលេបត្របាក់ស៊ូដង់!

ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UN) បានបន្លឺសំឡេងព្រមានជាបន្ទាន់ អំពីអំពើប្រល័យពូជសាសន៍ដែលមិនអាចគិតស្មានដល់ កំពុងកើតមានយ៉ាងសាហាវឃោរឃៅ នៅទីក្រុង El-Fasher នៃប្រទេសស៊ូដង់។ ការព្រមាននេះធ្វើឡើង បន្ទាប់ពីកងកម្លាំងគាំទ្ររហ័ស (RSF) បានវាយដណ្តើមកាន់កាប់ទីក្រុងនេះកាលពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈវីដេអូដែលបានបង្ហោះលើបណ្ដាញសង្គម X កាលពីថ្ងៃសៅរ៍ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ និងយកមកផ្សាយដោយ Al Jazeera, លោកស្រី Li Fung តំណាង UN ទទួលបន្ទុកសិទ្ធិមនុស្សនៅប្រទេសស៊ូដង់ បានថ្លែងរៀបរាប់ទាំងក្តុកក្តួលថា៖ «រយៈពេល ១០ថ្ងៃកន្លងមកនេះ El-Fasher បានក្លាយជាទីក្រុងនៃភាពទុក្ខសោក និងឈឺចាប់បំផុត។ វាពោរពេញទៅដោយការវាយប្រហារយ៉ាងឃោរឃៅបំផុត ដែលមិនធ្លាប់មាន។ ជនស៊ីវិលដែលបានរួចជីវិតពីការឡោមព័ទ្ធ និងអរិភាពអស់រយៈពេល ១៨ ខែ ឥឡូវនេះកំពុងស៊ូទ្រាំនឹងអំពើឃោរឃៅដែលមិនអាចនឹកស្មានដល់។ មនុស្សរាប់រយនាក់ត្រូវបានសម្លាប់ រួមទាំងស្ត្រី និងកុមារគ្មានកំហុស។ ក្រុមគ្រួសារទាំងមូលត្រូវបានបំផ្លិចបំផ្លាញ នៅពេលពួកគេព្យាយាមរត់គេចខ្លួន ខណៈអ្នកខ្លះទៀតបានបាត់ខ្លួនដោយគ្មានដំណឹងសោះ»។

ការព្រមានដ៏គួរឲ្យរន្ធត់របស់លោកស្រីកើតឡើងចំពេលមានរបាយការណ៍ជាច្រើន អំពីការសម្លាប់រង្គាល ការប្រហារជីវិតលើអ្នកគ្មានកំហុស អំពើហិង្សាផ្លូវភេទយ៉ាងទូលំទូលាយ រួមទាំងការចាប់រំលោភជាក្រុម ការចាប់ជំរិត ការប្លន់ និងការវាយប្រហារទៅលើមន្ទីរពេទ្យ និងបុគ្គលិកមនុស្សធម៌។

ក្រៅពីត្រូវបានសម្លាប់ និងធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ ជនស៊ីវិលរាប់ម៉ឺននាក់ដែលបានភៀសខ្លួនចេញពីផ្ទះសម្បែង ក៏នៅតែជាប់គាំង និងប្រឈមមុខនឹងភាពអត់ឃ្លានធ្ងន់ធ្ងរផងដែរ។

សង្គ្រាមស៊ីវិលដ៏សាហាវនៅប្រទេសស៊ូដង់ គឺជាការប្រយុទ្ធគ្នារវាងកងកម្លាំងគាំទ្ររហ័ស (RSF) ជាមួយកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) ដែលបានឈានដល់កើតមានអំពើប្រល័យពូជសាសន៍ដោយស្នាដៃ RSF។ កងកម្លាំងនេះ កំពុងតាមប្រមាញ់ក្រុមជនជាតិភាគតិចដូចជា Fur, Masalit និង Zaghawa យ៉ាងឃោរឃៅបំផុត។

បុរសម្នាក់ឈ្មោះ Adam Yahya ដែលបានរត់គេចពីសេចក្តីស្លាប់ជាមួយកូន ៤ នាក់ ចេញពីទីក្រុង El-Fasher បានរៀបរាប់ទាំងទឹកភ្នែកថា «សាកសពដេករណូករណែលពាសពេញផ្លូវ ហើយយោធាបានប្រើកាំភ្លើងយន្ត បាញ់រះសម្លាប់មិនរើសមុខ មិនថាស្រ្តី ឬកុមារនោះទេ»។

តួលេខប៉ាន់ស្មានពីអង្គការសហប្រជាជាតិ បានបង្ហាញថា សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃនេះ បានសម្លាប់មនុស្សជាង ១៥០,០០០ នាក់ និងបង្ខំឲ្យមនុស្សជាង ១៤ លាននាក់ផ្លាស់ទីលំនៅ។ ក្រៅពីការសម្លាប់រង្គាល ក៏មានសេចក្តីរាយការណ៍ថា កងកម្លាំង RSF បានចាប់រំលោភស្រ្តី ធ្វើទារុណកម្មគ្រប់ទម្រង់ និងប្រព្រឹត្តអំពើឃោរឃៅជាច្រើនទៀតផងដែរ ដែលជាទង្វើដ៏ព្រៃផ្សៃបំផុត។

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក អាន់វ៉ា អំពាវនាវឲ្យបញ្ឈប់អំពើហិង្សានិងការពារជនស៊ីវិលនៅ ស៊ូដង់ ជាបន្ទាន់

administrator

Related Articles