(ភ្នំពេញ)៖ ជាដំណឹងដ៏គួរឲ្យសាទរ! នៅយប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានប្រោសព្រះរាជទាននូវព្រះរាជដំណាក់ដ៏ឧត្ដុង្គឧត្ដមចំនួន២ ដែលស្ថិតនៅភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជូនរាជរដ្ឋាភិបាលកម្ពុជា តាមរយៈសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរៀបចំចាត់ចែងធ្វើជាសារមន្ទីរជាតិ និងទុកជាសម្បត្តិបេតិកភណ្ឌជាតិដ៏ថ្លៃថ្លាសម្រាប់កូនចៅខ្មែរជំនាន់ក្រោយ។ ព្រះរាជទាននេះត្រូវបានធ្វើឡើងតាមរយៈព្រះរាជសារលិខិត ដែលបណ្តាញព័ត៌មានបានទទួល។
ក្នុងព្រះរាជសារលិខិតនោះ ព្រះមហាក្សត្រទ្រង់មានព្រះបន្ទូលថា៖ «ខ្ញុំមានហឫទ័យសោមនស្សរីករាយ សូមប្រទានជូនរាជរដ្ឋាភិបូជា នូវព្រះរាជដំណាក់ចំនួនពីរ»។

ទី១ គឺព្រះរាជដំណាក់ទក្សិណ ដែលមានទំហំ ២៨៤៣ម៉ែត្រការ៉េ ស្ថិតនៅភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ព្រះរាជដំណាក់នេះ គឺជាទីកន្លែងប្រសូតរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ។ ព្រះរាជដំណាក់ទក្សិណ ត្រូវបានប្រទានជូនរាជរដ្ឋាភិបាល ដើម្បីជួសជុល កែលម្អ ថែរក្សា និងរៀបចំធ្វើជាសារមន្ទីរជាតិ ព្រមទាំងទុកជាសម្បត្តិបេតិកភណ្ឌជាតិដ៏ឧត្តុង្គឧត្តម។
ទី២ គឺព្រះរាជដំណាក់ព្កុល ដែលមានទំហំ ៣៥៣៩ម៉ែត្រការ៉េ ស្ថិតនៅទីតាំងដូចគ្នា ហើយនឹងត្រូវប្រទានជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីថែរក្សាធ្វើជាសារមន្ទីរជាតិ និងបេតិកភណ្ឌជាតិ បន្ទាប់ពីព្រះអង្គ (ព្រះមហាក្សត្រ) យាងសោយព្រះទីវង្គត។
នៅទីបញ្ចប់នៃព្រះរាជសារ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក៏ទ្រង់បានប្រសិទ្ធពរជ័យជូនសម្តេចទាំងទ្វេ គឺសម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សូមទទួលបាននូវជោគជ័យថ្មីៗបន្ថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ជូនជាតិ និងប្រជារាស្ត្រកម្ពុជា ក៏ដូចជាប្រកបដោយព្រះពុទ្ធពរគ្រប់ប្រការ កុំបីឃ្លៀងឃ្លាតឡើយ។
