(កំពង់ចាម)៖ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ចាម បានប្រកាសពីជោគជ័យនៃប្រតិបត្តិការបង្ក្រាបបទល្មើសជលផលទ្រង់ទ្រាយធំមួយករណី ដឹកនាំដោយមន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ។ ប្រតិបត្តិការដ៏មុតស្រួចនេះ បានធ្វើឡើងនៅចំណុចបឹងរូង ក្នុងភូមិសាស្ត្រឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ប្រតិបត្តិការនេះ ត្រូវបានសម្របសម្រួលដោយផ្ទាល់ពីឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ព្រមទាំងមានការចូលរួមគាំទ្រពីអាជ្ញាធរស្រុកជើងព្រៃ អាជ្ញាធរឃុំគោករវៀង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោករវៀង។ ក្រុមការងារចម្រុះបានចុះទៅដល់ទីតាំងកើតហេតុ ដោយបានរុះរើ និងបំផ្លាញចោលនូវឧបករណ៍នេសាទខុសច្បាប់ជាច្រើន។

ក្នុងនោះរួមមាន លូស្បៃមុងចំនួន ២២មាត់ របាំងស្បៃមុងប្រវែង៤៤០ម៉ែត្រ បង្គោលចម្រឹងចំនួន ២២០ដើម។ មិនតែប៉ុណ្ណោះ ត្រីចម្រុះទម្ងន់ប្រមាណ ៧ គីឡូក្រាម ដែលជាប់នៅក្នុងឧបករណ៍ទាំងនោះ ក៏ត្រូវបានចាក់លែងចូលទៅក្នុងបឹងវិញ ដើម្បីធានានូវនិរន្តរភាពធនធានជលផលធម្មជាតិ។ ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម។
