តាលីបង់អាហ្វហ្គានីស្ថាន បញ្ជាក់ជំហររក្សាបទឈប់បាញ់ជាមួយប៉ាគីស្ថាន ទោះបរាជ័យចរចា!

តាលីបង់អាហ្វហ្គានីស្ថាន បញ្ជាក់ជំហររក្សាបទឈប់បាញ់ជាមួយប៉ាគីស្ថាន ទោះបរាជ័យចរចា!

(កាប៊ុល)៖ រដ្ឋាភិបាលតាលីបង់នៃប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃសៅរ៍ ទី៨ ខែវិច្ឆិកា បានអះអាងថា បទឈប់បាញ់ជាមួយប្រទេសប៉ាគីស្ថាននឹងនៅតែបន្តរក្សា ទោះបីជាការចរចាសន្តិភាពលើកចុងក្រោយបានបរាជ័យក៏ដោយ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។

លោក Zabihullah Mujahid អ្នកនាំពាក្យរដ្ឋាភិបាលតាលីបង់ បានបញ្ជាក់ថា ក្នុងអំឡុងពេលចរចាភាគីប៉ាគីស្ថានបានព្យាយាមរុញច្រានការទទួលខុសត្រូវលើបញ្ហាសន្តិសុខទៅឱ្យរដ្ឋាភិបាលអាហ្វហ្គានីស្ថានទាំងស្រុង ខណៈខ្លួនឯងមិនបានបង្ហាញឆន្ទៈទទួលខុសត្រូវចំពោះសន្តិសុខផ្ទាល់របស់អាហ្វហ្គានីស្ថានឡើយ។ ទោះជាយ៉ាងណាក៏ដោយ លោកបានសង្កត់ធ្ងន់ថា «បទឈប់បាញ់ដែលបានព្រមព្រៀងជាមួយប៉ាគីស្ថាន គឺគ្មានបញ្ហាអ្វីឡើយ វាត្រូវតែរក្សាទុកដដែល»។

សូមរំលឹកថា អាហ្វហ្គានីស្ថាន និងប៉ាគីស្ថានបានជួបប្រជុំគ្នាកាលពីថ្ងៃព្រហស្បតិ៍ នៅប្រទេសតួគីយ៉េ ដើម្បីបន្តកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានចុះកាលពីថ្ងៃទី១៩ ខែតុលា នៅកាតា បន្ទាប់ពីការប៉ះទង្គិចគ្នាដ៏ធ្ងន់ធ្ងរ។ បច្ចុប្បន្ន ភាគីទាំងពីរនៅតែរក្សាជំហររៀងៗខ្លួនយ៉ាងតឹងរ៉ឹង លើខ្លឹមសារនៃការចរចា ដែលមានគោលបំណងដោះស្រាយបញ្ហាសន្តិសុខដ៏រាំរ៉ៃជាយូរមកហើយ។

administrator

Related Articles