ម្ចាស់ជើងឯក ATP Finals ៧ សម័យកាល លោក Novak Djokovic បានប្រកាសដកខ្លួនចេញពីការប្រកួតវគ្គផ្តាច់ព្រ័ត្រប្រចាំរដូវកាល ATP Finals ដោយសារបញ្ហារបួសស្មា។ ការសម្រេចចិត្តនេះធ្វើឡើងប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោកទើបតែដណ្តើមបានពានរង្វាន់ទី ១០១ ក្នុងអាជីពរបស់ខ្លួន ពីកម្មវិធី Hellenic Championship នៅទីក្រុង Turin។ 
នៅក្នុងការប្រកួតដ៏តានតឹងនោះ Djokovic បានចំណាយពេលជិត ៣ ម៉ោង ដើម្បីយកឈ្នះកីឡាករអ៊ីតាលី Lorenzo Musetti ដោយលទ្ធផល ៤-៦, ៦-៣, ៧-៥។ យ៉ាងណាមិញ លោកនឹងមិនអាចបង្ហាញខ្លួននៅទីក្រុង Turin បានទេ នៅពេលការប្រកួត ATP Finals ចាប់ផ្តើមនៅថ្ងៃអាទិត្យនេះ។ 
Djokovic បានបង្ហោះសារនៅលើបណ្ដាញសង្គមថា៖ «ខ្ញុំពិតជាទន្ទឹងរង់ចាំការប្រកួតនៅទីក្រុង Turin និងចង់បង្ហាញអស់ពីសមត្ថភាពរបស់ខ្ញុំ។ ប៉ុន្តែបន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅទីក្រុង Athens ថ្ងៃនេះ ខ្ញុំពិតជាសោកស្ដាយក្នុងការចែករំលែកថា ខ្ញុំត្រូវការដកខ្លួនចេញ ដោយសារតែរបួសដែលនៅតែបន្តរំខាន»។ 
Djokovic គឺជាម្ចាស់កំណត់ត្រាឈ្នះពាន ATP Finals រហូតដល់ ៧ ដង ហើយការដកខ្លួនចេញពីឆ្នាំនេះ ធ្វើឲ្យលោកមិនអាចស្វែងរកពានទី ៨ បាន។
