រាជធានីភ្នំពេញ ៖ កម្ពុជារំលេចព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយទៀត! ក្រសួងទេសចរណ៍បានបង្ហើបឲ្យដឹងកាលពីថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះថា ខ្លួនកំពុងជំរុញគម្រោងនាំយកកំពូលតារាចម្រៀងលំដាប់ពិភពលោក លោក Andrea Bocelli មកប្រគំតន្ត្រីដ៏អស្ចារ្យនៅកម្ពុជា។
ការប្រកាសនេះធ្វើឡើងបន្ទាប់ពីប្រតិភូក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) បានចូលរួមយ៉ាងសកម្មក្នុងពិព័រណ៍ទេសចរណ៍អន្តរជាតិ (World Travel Market) នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស កាលពីថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅ។

ក្នុងឱកាសនោះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារដោយផ្ទាល់ជាមួយលោក Andrea Primicerio ភ្នាក់ងារពិភពលោក និងជានាយកក្រុមហ៊ុន Klassics Music Management Limited អំពីគម្រោងមហាតន្ត្រីដ៏ធំ និងលំដាប់អន្តរជាតិរបស់តារាចម្រៀងដ៏ល្បីល្បាញ លោក Andrea Bocelli។

ក្រសួងទេសចរណ៍បានបញ្ជាក់បន្ថែមថា ឯកឧត្តមរដ្ឋមន្ត្រីក៏បានឆ្លៀតឱកាសអញ្ជើញលោក Andrea Primicerio និងក្រុមការងារមកបំពេញទស្សនកិច្ចផ្ទាល់នៅកម្ពុជា ដើម្បីសិក្សាស្វែងយល់ស៊ីជម្រៅអំពីស្ថានភាពនយោបាយ សង្គម សេដ្ឋកិច្ចពិត ក៏ដូចជាកត្តាសុខសន្តិភាព សុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា។

នេះជាកិច្ចខិតខំប្រឹងប្រែងដ៏សំខាន់មួយក្នុងការលើកកម្ពស់វិស័យទេសចរណ៍ និងវប្បធម៌កម្ពុជាទៅកាន់ឆាកអន្តរជាតិ តាមរយៈព្រឹត្តិការណ៍សិល្បៈលំដាប់ពិភពលោក។
