ភ្នំពេញ៖ នារសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ប្រទេសកម្ពុជាបានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលជាថ្មីម្តងទៀត ដោយគ្រងដំណែងជា «អង្ករល្អបំផុតលើពិភពលោក» សម្រាប់ឆ្នាំ២០២៥ ជាលើកទី៧ ដ៏គួរឱ្យមោទនភាពបំផុត។ ជ័យជម្នះដ៏ត្រចះត្រចង់នេះ ត្រូវបានប្រកាសនៅក្នុងសន្និសីទស្រូវអង្ករពិភពលោក ដែលប្រារព្ធធ្វើឡើងនៅព្រះរាជាណាចក្រកម្ពុជាផ្ទាល់តែម្តង។ ក្រសួងពាណិជ្ជកម្ម ក៏បានចូលរួមអបអរសាទរយ៉ាងកក់ក្តៅចំពោះសមិទ្ធផលប្រវត្តិសាស្ត្រនេះផងដែរ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។

សន្និសីទស្រូវអង្ករពិភពលោក ឆ្នាំ២០២៥ ដែលរៀបចំដោយស្ថាប័ន The Rice Trader បានប្រព្រឹត្តទៅអស់រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ អង្ករកម្ពុជា បានបញ្ជាក់ពីគុណភាពខ្ពស់របស់ខ្លួនជាថ្មីម្តងទៀត ដោយឈ្នះពានរង្វាន់ “អង្ករល្អបំផុតលើពិភពលោក” (World Best Rice 2025) ជាលើកទី៧ ។

ការទទួលស្គាល់ដ៏ល្បីល្បាញនេះ បន្ថែមលើកំណត់ត្រាដ៏អស្ចារ្យរបស់កម្ពុជា ដែលធ្លាប់ឈ្នះពានរង្វាន់ដូចគ្នានេះកាលពីឆ្នាំ២០១២, ២០១៣, ២០១៤, ២០១៨, ២០២២, និង ២០២៤។ ជ័យជម្នះជាបន្តបន្ទាប់ទាំងនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងឥតឈប់ឈររបស់កម្ពុជា ក្នុងការផលិតអង្ករដែលមានគុណភាពខ្ពស់បំផុត។

គួររំលឹកផងដែរថា ភាពជោគជ័យដ៏ត្រចះត្រចង់នេះ គឺកើតចេញពីកម្លាំងញើសឈាម និងការតស៊ូរបស់ប្រជាកសិករខ្មែរគ្រប់រូប ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការដាំដុះ ថែរក្សា និងជំរុញគុណភាពអង្ករកម្ពុជាឱ្យកាន់តែល្អប្រសើរ រហូតទទួលបានការទទួលស្គាល់ជាអន្តរជាតិទាំងគុណភាព និងរសជាតិ។ នេះគឺជាមោទកភាពរួមរបស់ជាតិ ដែលបង្ហាញពីសក្ដានុពលដ៏ធំធេងរបស់វិស័យកសិកម្មកម្ពុជា។
ប្រភព៖ ក្រសួងព័ត៌មាន
