ចាប់ខ្លួនជនជាតិចិនម្នាក់! គាស់គ្លីនិកលួចទ្រព្យសម្បត្តិជាង ១១ម៉ឺនដុល្លារ នៅពោធិ៍សែនជ័យ

ចាប់ខ្លួនជនជាតិចិនម្នាក់! គាស់គ្លីនិកលួចទ្រព្យសម្បត្តិជាង ១១ម៉ឺនដុល្លារ នៅពោធិ៍សែនជ័យ

(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយការិយាល័យព្រហ្មទណ្ឌ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនជាតិចិនម្នាក់ បន្ទាប់ពីជននេះបានធ្វើសកម្មភាពគាស់គ្លីនិកមួយកន្លែង បំបែកទូរដែកលួចយកប្រាក់ និងគ្រឿងអលង្ការ សរុបជាទឹកប្រាក់ចំនួន ១១២ ៤៥០ដុល្លារ កាលពី២ថ្ងៃមុន។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ ចាង ទៀន វៃ (Zhang Dian Wei) ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EP2843056 មុខរបរលក់បាយ ស្នាក់នៅផ្ទះលេខ៣៣ បុរី ជីប ម៉ុង លែនពោធិ៍ចិនតុង ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រីឯជនរងគ្រោះឈ្មោះ ឥន សម្ភាវិត ភេទប្រុស អាយុ ៥៦ឆ្នាំ ជាវេជ្ជបណ្ឌិត មានទីលំនៅជាប់គ្នា។

លោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមគ្រួសារជនរងគ្រោះបានធ្វើដំណើរទៅកម្សាន្តនៅខេត្តមណ្ឌលគីរីអស់មួយយប់។ លុះដល់វេលាម៉ោងប្រហែល ៤៖៣០នាទីព្រឹក ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ពេលត្រឡប់មកដល់ផ្ទះវិញ ស្រាប់តែឃើញទ្វារផ្ទះបើកចំហរ របស់របររាយប៉ាយ និងទូរដែកដាក់គ្រឿងអលង្ការត្រូវបានគេគាស់បំបែកយកទ្រព្យសម្បត្តិអស់។

លោកអធិការបន្តថា ជនសង្ស័យបានលួចយកប្រាក់ដុល្លារប្រមាណ ៤៥ ០០០ដុល្លារ, ចិញ្ចៀនពេជ្រ ៣វង់ (១១ ៥០០ដុល្លារ), ខ្សែដៃពេជ្រ ២ខ្សែ (១១ ០០០ដុល្លារ), ខ្សែដៃមាស ២ខ្សែ (៥៥០០ដុល្លារ), ខ្សែកមាស ៤ខ្សែ (៨២៥០ដុល្លារ), ខ្សែកផ្លាកទីន ២ខ្សែ (១៦០០០ដុល្លារ), ចិញ្ចៀនមាស ១វង់ (២៣០០ដុល្លារ), ចិញ្ចៀនផ្លាកទីន ៣វង់ (២៥០០ដុល្លារ), ចិញ្ចៀនត្បូងទន្ទឹម ១វង់ (៦០០ដុល្លារ), កងដៃមាស ១កង (២៣០០ដុល្លារ), ក្រវិលពេជ្រ ១គូ (៥៥០០ដុល្លារ) និងកងដៃផ្លាកទីន ២កង (២០០០ដុល្លារ)។ សរុបទាំងអស់ ១១២ ៤៥០ដុល្លារ។

បន្ទាប់ពីកើតហេតុ ជនរងគ្រោះបានដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី២។ អនុវត្តតាមបទបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ០៩៖៣០នាទីព្រឹក កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ក្រោមការដឹកនាំរបស់លោក ម៉ន វុធី បានសហការជាមួយនគរបាលការិយាល័យព្រហ្មទណ្ឌ និងលោកនាយប៉ុស្តិ៍ ស្រាវជ្រាវឈានទៅឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនខាងលើ ដែលស្នាក់នៅជាប់ផ្ទះជនរងគ្រោះ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពវាយបំបែកកញ្ចក់ទ្វារក្រោយផ្ទះជនរងគ្រោះ ហើយចូលលួចសម្ភារៈ និងគ្រឿងអលង្ការពិតប្រាកដមែន។

សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទៅចង្អុលបង្ហាញទីតាំងលាក់ទុកសម្ភារៈលួចបានក្នុងផ្ទះរបស់ខ្លួន និងវត្ថុតាងមួយចំនួនទៀតដែលជនសង្ស័យប្រើប្រាស់ធ្វើសកម្មភាព ព្រមទាំងយកទៅប្លុងចោលនៅចំណុចដីឡូតិ៍មួយកន្លែង ស្ថិតក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមនីតិវិធី។ ផ្ដល់សិទ្ធិដោយ៖ Freshnews

administrator

Related Articles