កម្ពុជា បន្តគ្រងមេដាយមាស ២ និងប្រាក់ ១ ក្នុងការប្រកួតប៉េតង់ជើងឯកអាស៊ី នៅម៉ាឡេស៊ី!

កម្ពុជា បន្តគ្រងមេដាយមាស ២ និងប្រាក់ ១ ក្នុងការប្រកួតប៉េតង់ជើងឯកអាស៊ី នៅម៉ាឡេស៊ី!

(ភ្នំពេញ)៖ មោទនភាពជាតិបានលេចធ្លោជាថ្មី! កីឡាប៉េតង់កម្ពុជាបានបន្តដណ្ដើមបានមេដាយ ២ គ្រឿងទៀត គឺមេដាយមាស ១ និងមេដាយប្រាក់ ១ បន្ថែមពីលើមេដាយមាសដែលរកបានកាលពីពេលថ្មីៗនេះ។ ជ័យជម្នះដ៏ត្រចះត្រចង់ទាំងនេះកើតឡើងនៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកអាស៊ី លើកទី៦ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

សម្រាប់មេដាយមាសចុងក្រោយ គឺលើវិញ្ញាសានារី ៣នាក់ ទល់ ៣នាក់ ដែលក្រុមប៊ូលីងនារីកម្ពុជាបានបង្ហាញស្នាដៃយ៉ាងត្រចះត្រចង់ ដោយយកឈ្នះក្រុមប៉េតង់នារីវៀតណាមយ៉ាងដាច់ ដោយលទ្ធផល ១៣-៥ ពិន្ទុ ក្នុងវគ្គផ្ដាច់ព្រ័ត្រដ៏ក្ដៅគគុក។ នេះជាការបញ្ជាក់ពីភាពខ្លាំងរបស់កីឡាការិនីកម្ពុជាលើឆាកអន្តរជាតិ។

ចំណែកឯមេដាយប្រាក់វិញ គឺទទួលបានលើវិញ្ញាសាបុរស ៣នាក់ ទល់ ៣នាក់ បន្ទាប់ពីក្រុមកីឡាករប៉េតង់កម្ពុជាបានតស៊ូប្រកួតយ៉ាងស្វិតស្វាញ រហូតចាញ់ពិន្ទុក្រុមថៃទាំងប្រផិតប្រផើយត្រឹម ១២-១៣ ក្នុងវគ្គផ្ដាច់ព្រ័ត្រនាព្រឹកថ្ងៃអាទិត្យនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏នេះនៅតែជាសមិទ្ធផលដ៏គួរឱ្យកោតសរសើរ។

គិតត្រឹមពេលនេះ កម្ពុជាបានដណ្ដើមបានមេដាយសរុប ៣ គ្រឿងហើយ គឺមេដាយមាស ២ និងមេដាយប្រាក់ ១។ មេដាយមាសដំបូងបំផុត គឺបានមកពីស្នាដៃដ៏ឆ្នើមរបស់កីឡាករ នន់ រ៉ាវីន លើវិញ្ញាសាយុវជនវាយយកពិន្ទុ កាលពីប៉ុន្មានថ្ងៃមុន។ ការប្រកួតកីឡាប៉េតង់ជើងឯកអាស៊ីនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ដោយមានអត្តពលិកសរុប ១៥ ប្រទេសចូលរួម។ ក្នុងនោះ ក៏មានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីកម្ពុជាចំនួន ១២ នាក់ បានទៅចូលរួមយ៉ាងសកម្មផងដែរ៕


ផ្ដល់សិទ្ធិដោយ៖ Freshnews

administrator

Related Articles