ព្រះមហាក្សត្រយាងប្រទានភ្លើងជ័យមហោឡារិក ក្នុងខួប៧២ឆ្នាំនៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

ព្រះមហាក្សត្រយាងប្រទានភ្លើងជ័យមហោឡារិក ក្នុងខួប៧២ឆ្នាំនៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

រាជធានី​ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្ដេច​ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីសក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​បាន​សព្វ​ព្រះរាជហឫទ័យ​យាង​ជា​ព្រះរាជាធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុង​ព្រះរាជ​ពិធី​ប្រទាន​ភ្លើង​ជ័យ​ដ៏​មហោឡារិក ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧២ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា និង​ទិវា​កំណើត​កងយោធពលខេមរភូមិន្ទ (​០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០២៥)។ ពិធីបុណ្យជាតិ​ដ៏​សំខាន់​នេះ ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ រៀបចំ​ឡើង​យ៉ាង​អធិកអធម​នៅ​បរិវេណ​វិមាន​ឯករាជ្យ កាលពី​ព្រឹក​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២៥។

ព្រះរាជ​ពិធី​ដ៏​ឧត្ដុង្គឧត្ដម​នេះ ក៏មាន​ការយាង និង​អញ្ជើញ​ចូលរួម​ពី​ឥស្សរជន​ជាន់ខ្ពស់​ជាច្រើន​រូប​ផង​ដែរ រួមមាន ព្រះរាជ​វត្តមាន សម្ដេចព្រះ​អគ្គ​មហាសង្ឃរាជ សម្ដេច​ព្រះសង្ឃនាយករង សម្ដេច​ព្រះសង្ឃ​នានា និង​វត្តមាន​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​ក្រុម​ឧត្ដម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ, សម្ដេច​មហារដ្ឋសភាធិការធិបតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា, សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា, សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានកិត្តិយស​នៃ​ក្រុម​ឧត្ដម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ព្រមទាំង​សម្ដេច ឯកឧត្ដម លោក​ជំទាវ ជា​សមាជិក​សមាជិកា ឧត្ដម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូត និង​តំណាង​ស្ថានទូត​នានា​ប្រចាំ​នៅ​កម្ពុជា។

មិនតែប៉ុណ្ណោះ ព្រះរាជ​វង្សានុវង្ស នាម៉ឺន​សព្វ​មុខមន្ត្រី អ្នកមុខអ្នកការ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ​គ្រប់​ក្រសួង ស្ថាប័ន ក៏ដូចជា​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន លោកគ្រូ អ្នកគ្រូ កាយរឹទ្ធ​កម្ពុជា យុវជន​កាកបាទក្រហមកម្ពុជា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា សម្ពន្ធ​យុវជន​ស្រឡាញ់​សន្តិភាព និង​សិស្សានុសិស្ស​ជាច្រើន​កុះករ ក៏បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ដ៏​មាន​អត្ថន័យ​នេះ​ដែរ។

នៅ​ក្នុង​ព្រះរាជ​ពិធី​នោះ បន្ទាប់ពី​ពិធី​គោរព​ទង់ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង ព្រះអង្គ​បាន​សព្វព្រះរាជហឫទ័យ​យាង​ប្រទាន​កម្រងផ្កា និង​គោរព​វិញ្ញាណក្ខន្ធ​វិរបុរស​វីរនារី​គ្រប់​ជំនាន់ ព្រមទាំង​យាង​ប្រទាន​ភ្លើង​ជ័យ​ដ៏​ពិសិដ្ឋ ដែល​ដង្ហែ​អម​ព្រះរាជ​ដំណើរ​ដោយ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន, សម្ដេច​មហារដ្ឋសភាធិការធិបតី ឃួ​ន សុ​ដា​រី និង​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត។ ក្នុង​ពិធី​នោះ ក៏មាន​ព្រះរាជ​វត្តមាន សម្ដេចព្រះ​មហាសង្ឃរាជ សម្ដេចព្រះ​សង្ឃនាយក និង​សម្ដេច​ព្រះសង្ឃ​ឋានានុក្រម ៩​អង្គ ស្វាធ្យាយ​ជយន្តោ ផង​ដែរ។

បន្ទាប់មក ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង ព្រះអង្គ​បាន​សព្វ​ព្រះរាជហឫទ័យ​យាង​ចូលរួម​ក្នុង​ពិធី​បង្ហោះ​ប៉េងប៉ោង និង​លែង​ព្រាប ដែល​ជា​និមិត្តរូប​នៃ​សុខ​សន្តិភាព និង​វិបុលភាព​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា។

យោងតាម​ផែនការ​ណែនាំ​របស់​គណៈកម្មាធិការ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ បានឱ្យ​ដឹង​ថា ក្នុង​ព្រះរាជ​ពិធី​ប្រទាន​ភ្លើង​ជ័យ និង​ព្រះរាជ​ពិធី​ពន្លត់ភ្លើង​ជ័យ ក៏មាន​ការរៀបចំ​កម្មវិធី​អុជ​កាំជ្រួច​រយៈពេល​២​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​៩ និង​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៥ វេលា​ម៉ោង​៧:០០​នាទី​យប់ នៅ​មុខ​ព្រះបរមរាជវាំង។ ជាមួយគ្នា​នោះ ក៏មាន​ក្រុម​តន្ត្រីសម័យ និង​បុរាណ សម្ដែង​និង​ប្រគំ​ជូន​ប្រជារាស្ត្រ​ទស្សនា​កម្សាន្ត​នៅតាម​ទីសាធារណៈ​មួយ​ចំនួន​ដែល​បាន​កំណត់​ផង​ដែរ។ ព្រះរាជ​ពិធី​ពន្លត់ភ្លើង​ជ័យ​នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​រសៀល​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៥ ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង។

គួរ​រំលឹក​ផង​ដែរ​ថា ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា ត្រូវ​បាន​ប្រារព្ធ​ឡើងជា​រៀងរាល់​ឆ្នាំ ដើម្បី​ឧទ្ទិស​ដល់​ព្រះរាជ​បូជនីយកិច្ច​ដ៏​ថ្លៃថ្លា​របស់​អតីត​ព្រះមហាក្សត្រ ព្រះបាទ​សម្ដេចព្រះ នរោត្ដម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះអង្គ​បាន​លះបង់​ព្រះ​កាយពល និង​ព្រះ​បញ្ញាញាណ​យ៉ាង​ក្លៀវក្លា​បំផុត ដើម្បី​តស៊ូ​ទាមទារ​ឯករាជ្យ​ពី​អាណានិគម​បារាំង។ តាម​ប្រវត្តិសាស្ត្រ បារាំង​បាន​ដាក់​អាណានិគម​គ្រប់គ្រង​លើ​ប្រទេស​កម្ពុជា ចាប់តាំងពី​ឆ្នាំ​១៨៦៣ រហូត​ដល់​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ ទើប​ប្រទេស​បារាំង​ប្រកាស​ប្រគល់​ឯករាជ្យ​ពេញលេញ​ដល់​កម្ពុជា​វិញ។ ការរំលឹក​នេះ​បង្ហាញ​ពី​តម្លៃ​នៃ​សន្តិភាព និង​ឯករាជ្យ​ដែល​កម្ពុជា​បាន​ទទួល​មកវិញ​យ៉ាង​លំបាក​លំបិន។



administrator

Related Articles