កុមារី​៧ឆ្នាំ រងរបួសធ្ងន់ធ្ងរ ក្រោយ​ឆ្កែ៥ក្បាលព្រួតខាំទាំងកម្រោល ពេល​ត្រឡប់ពីសាលា! ម្ចាស់​ឆ្កែ​ព្រមទទួលខុសត្រូវ និង​បង្ខាំង​សត្វ​ចោល

កុមារី​៧ឆ្នាំ រងរបួសធ្ងន់ធ្ងរ ក្រោយ​ឆ្កែ៥ក្បាលព្រួតខាំទាំងកម្រោល ពេល​ត្រឡប់ពីសាលា! ម្ចាស់​ឆ្កែ​ព្រមទទួលខុសត្រូវ និង​បង្ខាំង​សត្វ​ចោល

ព័ត៌មានក្តៅ! កោះកុង៖ កុមារីម្នាក់អាយុ៧ឆ្នាំ បានរងរបួសធ្ងន់ធ្ងរពេញខ្លួនប្រាណ ដោយសារតែត្រូវសត្វឆ្កែចំនួន៥ក្បាលព្រួតខាំយ៉ាងសាហាវឃោរឃៅ ខណៈពេលដែលកុមារីរូបនេះកំពុងដើរត្រឡប់មកពីសាលារៀន នៅក្នុងភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង។ ករណីដ៏រន្ធត់នេះ បានកើតឡើងកាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង១០ព្រឹក។

លោកវរៈសេនីយ៍ទោ ស្រ៊ីន សុខលីន អធិការនគរបាលស្រុកកោះកុង បានបញ្ជាក់ប្រាប់នៅរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះថា បន្ទាប់ពីកើតហេតុ ម្ចាស់ឆ្កែទាំង៥ក្បាលនោះ បានចូលខ្លួនទៅដោះស្រាយរួចរាល់ហើយ ដោយទទួលបន្ទុកចេញថ្លៃព្យាបាលទាំងអស់ ជូនកុមារីរងគ្រោះឈ្មោះ ឌី ដានីន នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។ ជាងនេះទៅទៀត សមត្ថកិច្ចក៏បានណែនាំឲ្យម្ចាស់បង្ខាំងសត្វឆ្កែទាំងអស់នោះ កុំឲ្យព្រលែងចោលពាសវាលពាសកាលបន្តទៀត ហើយក៏បានធ្វើកិច្ចសន្យាបញ្ឈប់មិនឲ្យមានករណីឆ្កែខាំមនុស្សបែបនេះកើតឡើងជាលើកទី២ទៀតដែរ។

បច្ចុប្បន្ន កុមារីរងគ្រោះកំពុងទទួលបានការយកចិត្តទុកដាក់ពិនិត្យ និងព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ និងអាជ្ញាធរសមត្ថកិច្ច។

លោកវរៈសេនីយ៍ទោ ស្រ៊ីន សុខលីន បានបន្តឲ្យដឹងទៀតថា ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅចំណុចក្នុងដីចម្ការរបស់លោក លិ អ៊ូលៀង (ម្ចាស់ឆ្កែ) ខណៈកុមារី ឌី ដានីន ដើរត្រឡប់មកពីសាលារៀន។ ឪពុករបស់កុមារីរងគ្រោះឈ្មោះ ជួង ឌីណា អាយុ ៣៥ឆ្នាំ និងម្ដាយឈ្មោះ ឃាង សុខលាប អាយុ ៣៤ឆ្នាំ ដែលអ្នកទាំងពីរជាកម្មករជៀរជ័រកៅស៊ូ ស្នាក់នៅក្នុងដីចម្ការលោក លិ អ៊ូលៀង នេះដែរ។

យោងតាមកំណត់ហេតុ និងការបំភ្លឺពីលោកស្រី ហាក់ ចន្ថា ត្រូវជាភរិយារបស់លោក លិ អ៊ូលៀង ដែលជាម្ចាស់ឆ្កែផ្ទាល់ បានឃើញហេតុការណ៍ដោយផ្ទាល់ភ្នែកថា ជារៀងរាល់ថ្ងៃឪពុកម្ដាយតែងជូនកុមារីរងគ្រោះទៅសាលា និងមកផ្ទះវិញ ប៉ុន្តែនៅថ្ងៃកើតហេតុ កុមារីបានដើរត្រឡប់មកផ្ទះដោយខ្លួនឯង។ ភ្លាមៗនោះ លោកស្រីបានឮសំឡេងឆ្កែព្រុស និងសំឡេងក្មេងយំ ក៏រត់ចេញទៅមើល ស្រាប់តែប្រទះឃើញសត្វឆ្កែទាំង៥ក្បាលកំពុងព្រួតខាំកុមារីរងគ្រោះយ៉ាងសាហាវ។ លោកស្រីក៏បានស្ទុះចូលទៅចាប់ឆ្កែ និងទាញកុមារីចេញ បណ្ដាលឲ្យលោកស្រីរងរបួសដៃបន្តិចបន្តួចផងដែរ។ ដោយសារស្ថានភាពរបួសធ្ងន់ និងមានឈាមហូរពេញផ្ទៃមុខ ដៃ និងជើង លោកស្រីភ័យស្លន់ស្លោរពេក បានស្រែកយំហៅអ្នកជួយភ្លាមៗ។

ឪពុកម្ដាយកុមារីរងគ្រោះដែលកំពុងជៀរជ័រកៅស៊ូក្នុងចម្ការ ក៏បានរត់មកដល់ ហើយប្រញាប់អោបបីកូនចុះមកក្នុងភូមិដើម្បីសង្គ្រោះបឋម។ ដោយមើលឃើញរបួសធ្ងន់ធ្ងរ លោក ខាំ លិ ត្រូវជាស្វាមីរបស់លោកស្រី លិ ឡាំង មេឃុំកោះកាពិ បានជួយដឹកកុមារីរងគ្រោះតាមរយៈអូប័រ ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុងទាន់ពេលវេលា។

administrator

Related Articles