រន្ធត់! ឃាតកម្មសម្លាប់បុរសម្នាក់ញាត់វ៉ាលីសបោះចោលលើផ្លូវជាតិ២៣ នៅកោះធំ

រន្ធត់! ឃាតកម្មសម្លាប់បុរសម្នាក់ញាត់វ៉ាលីសបោះចោលលើផ្លូវជាតិ២៣ នៅកោះធំ

ខេត្តកណ្តាល៖ ករណីឃាតកម្មដ៏រន្ធត់មួយបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង២រសៀល ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោយពីគេប្រទះឃើញសាកសពបុរសម្នាក់ត្រូវបានឃាតករសម្លាប់ រួចញាត់ចូលក្នុងវ៉ាលីសបោះចោលនៅគុម្ពោតព្រៃក្បែរផ្លូវជាតិលេខ២៣ ក្នុងភូមិទួលស្លែង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល។

ប្រភពពីសមត្ថកិច្ចស្រុកកោះធំបានបញ្ជាក់ប្រាប់កោះសន្តិភាពថា សាកសពនៅក្នុងវ៉ាលីសនោះ គឺជាបុរសភេទប្រុស អាយុប្រមាណ៣៥ឆ្នាំ ហើយមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ វត្ថុតាងដែលត្រូវបានរកឃើញរួមមាន៖ វ៉ាលីសពណ៌ទឹកប្រាក់ចំនួន០១, ខ្សែសាកទូរសព្ទចំនួន០៥ខ្សែ, ខ្សែភ្លើងឌុយបីពណ៌សចំនួន០១ខ្សែ, ខ្សែ Wi-Fi ចំនួន០២ និងដែកកេះចំនួន០២។

យោងតាមការបំភ្លឺរបស់លោក អូន អុន ភេទប្រុស អាយុ៤៥ឆ្នាំ និងលោក មុត មឿន ភេទប្រុស អាយុ៦០ឆ្នាំ ដែលជាប្រជាពលរដ្ឋរស់នៅក្នុងឃុំលើកដែក បានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង៦ព្រឹក ពេលដែលលោក អូន អុន កំពុងឃ្វាលគោនៅវាលស្រែ ស្រាប់តែប្រទះឃើញវ៉ាលីសពណ៌ទឹកប្រាក់មួយរំលំនៅចន្លោះដើមជ្រៃពីរដើម ដោយមានក្លិនស្អុយខុសប្រក្រតី។ ដោយសង្ស័យថាមានមនុស្សស្លាប់នៅក្នុងនោះ លោកក៏ប្រញាប់រាយការណ៍ជូននាយប៉ុស្តិ៍រដ្ឋបាលឃុំលើកដែកភ្លាមៗ។

ក្រោយទទួលបានព័ត៌មាននេះ លោកនាយប៉ុស្តិ៍បានបន្តរាយការណ៍ទៅលោកអធិការស្រុកកោះធំ ហើយកម្លាំងសមត្ថកិច្ចចម្រុះបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ។ ក្រុមការងារបានហ៊ុមព័ទ្ធទីតាំង និងទាញវ៉ាលីសនោះមកពិនិត្យ ទើបដឹងថា សពដែលនៅខាងក្នុងគឺជាបុរសភេទប្រុស ដែលមានសភាពរលួយអស់សាច់។ សពស្លៀកអាវយឺតដៃខ្លីពណ៌ស អាវក្រៅមានមួកពណ៌ប្រផេះ និងខោជើងវែងពណ៌ប្រផេះមានហោប៉ៅពីរ។ សក់របស់សពបានរង្គោះអស់ ហើយស្លៀកលីអូពណ៌ទឹកប៊ិច។ សពមានកម្ពស់ប្រហែល១.៦៥ម៉ែត្រ និងដៃជើងទាំងបួនមិនមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ឡើយ។

ជាការសន្និដ្ឋានបឋម សមត្ថកិច្ចចាត់ទុកករណីនេះជាអំពើឃាតកម្មសម្លាប់មនុស្ស រួចញាត់សាកសពចូលវ៉ាលីសបោះចោល។ បច្ចុប្បន្ន កម្លាំងជំនាញកំពុងបន្តស្រាវជ្រាវដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះ និងតាមចាប់ខ្លួនឃាតករយកមកផ្ដន្ទាទោសតាមច្បាប់។

administrator

Related Articles