រឿងរ៉ាវដ៏សង្វេគ! កូនប្រុសចិត្តតិរច្ឆានប្រើចបកាប់សម្លាប់ឪពុកបង្កើតយ៉ាងឃោរឃៅ ព្រោះតែរឿងជម្លោះឆ្កែជុះអាចម៍

រឿងរ៉ាវដ៏សង្វេគ! កូនប្រុសចិត្តតិរច្ឆានប្រើចបកាប់សម្លាប់ឪពុកបង្កើតយ៉ាងឃោរឃៅ ព្រោះតែរឿងជម្លោះឆ្កែជុះអាចម៍

ខេត្តប៉ៃលិន៖ រឿងរ៉ាវដ៏គួរឲ្យតក់ស្លុតមួយបានកើតឡើងនៅខេត្តប៉ៃលិន កាលពីព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយបុរសជាអតីតមន្ត្រីយោធាចូលនិវត្តន៍ម្នាក់ ត្រូវបានកូនប្រុសបង្កើតរបស់ខ្លួនប្រើចបកាប់វាយសម្លាប់យ៉ាងសាហាវព្រៃផ្សៃ បន្ទាប់ពីមានជម្លោះពាក្យសម្ដីតិចតួចទាក់ទងនឹងរឿងឆ្កែអ្នកជិតខាងជុះអាចម៍ក្នុងបរិវេណផ្ទះ។ ហេតុការណ៍អកុសលនេះបានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល និងរន្ធត់ជាខ្លាំង។
រូបភាពហេតុការណ៍

សេចក្ដីរាយការណ៍ពីសមត្ថកិច្ច និងលោក សាន់ សរ មេភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អោង ខែមក (Oung Khem) ភេទប្រុស អាយុ ៦៧ឆ្នាំ ជាអតីតមន្ត្រីយោធាចូលនិវត្តន៍។ ចំណែកជនសង្ស័យជាកូនឈ្មោះ បៀ​ង អំណត់ (Bieng Amnat) ភេទប្រុស អាយុ ៣៦ឆ្នាំ ដែលអ្នកទាំងពីររស់នៅជាមួយគ្នា។
រូបភាពជនរងគ្រោះ/ជនសង្ស័យ

មុនពេលកើតហេតុ គេឃើញជនដៃដល់ជាកូនប្រុស បានដើរកើបលាមកសត្វឆ្កែរបស់អ្នកភូមិ ដែលបានចូលមកបន្ទោរបង់នៅបរិវេណផ្ទះរបស់ខ្លួន ហើយបានស្រែកជេរប្រមាថយ៉ាងខ្លាំងៗ។ ទង្វើនេះបានបង្កការរំខានដល់ឪពុកដែលជាជនរងគ្រោះ រហូតឈានដល់ការប្រកែកគ្នាទៅវិញទៅមក។ នៅក្នុងពេលកំពុងជជែកតទល់គ្នានោះ ឪពុកក៏បានស្ទុះទៅទះកំផ្លៀងកូនប្រុសមួយដៃយ៉ាងពេញទំហឹង។

ដោយសារកំហឹងផ្ទុះឡើងខ្លាំង ជនដៃដល់ជាកូនប្រុសក៏បានរត់ទៅចាប់យកចបកាប់មួយដែលនៅក្បែរនោះ ហើយវាយប្រហារទៅលើឪពុកបង្កើតរបស់ខ្លួនយ៉ាងឃោរឃៅ បណ្ដាលឲ្យត្រូវរបួសចំក្បាលផ្នែកខាងមុខ និងរបួសកយ៉ាងធ្ងន់ធ្ងរ។ ជនរងគ្រោះបានដួលប្រកាច់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្នុងថ្លុកឈាមតែម្ដង។
រូបភាពកន្លែងកើតហេតុ

ក្រោយកើតហេតុ កូនៗដទៃទៀតដែលរស់នៅក្បែរនោះបានឃើញហេតុការណ៍ ក៏រត់ទៅបម្រុងនឹងជួយសង្គ្រោះ ប៉ុន្តែអ្វីៗបានហួសពេលទៅហើយ។ ជនដៃដល់ក្រោយពីឃើញសភាពមិនស្រួល ក៏បានទម្លាក់ចបកាប់ចោល ហើយរត់គេចខ្លួនបាត់ស្រមោលតែម្ដង។

លោកមេភូមិបានបញ្ជាក់បន្ថែមថា ជនដៃដល់រូបនេះកន្លងមកធ្លាប់ប្រើប្រាស់ថ្នាំញៀន រហូតដល់បែកថ្នាំ និងបង្កហិង្សាដល់អ្នកដទៃជាញឹកញាប់ រហូតត្រូវជាប់ពន្ធនាគារកាលពីប៉ុន្មានឆ្នាំមុន។ ក្រោយមក ឪពុករបស់គេបានធានាឲ្យចេញក្រៅឃុំ ដើម្បីរស់នៅជាមួយខ្លួន។ យ៉ាងណាមិញ ថ្ងៃកើតហេតុ បន្ទាប់ពីឈ្លោះប្រកែកគ្នា បានប៉ុន្មានម៉ាត់ កូនចិត្តតិរច្ឆានរូបនេះក៏បានកាប់ប្រហារឪពុកបង្កើតរបស់ខ្លួនរហូតដល់ស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធ័ម។
រូបភាពពាក់ព័ន្ធ

បច្ចុប្បន្ន សមត្ថកិច្ចនគរបាលក្រុងប៉ៃលិន កំពុងបើកប្រតិបត្តិការយ៉ាងសកម្មតាមប្រមាញ់ចាប់ខ្លួនជនដៃដល់ជាកូន ដើម្បីនាំខ្លួនមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់។ ចំណែកសពជនរងគ្រោះ ក្រោយពីបានធ្វើកោសល្យវិច័យរួចរាល់ ក៏ត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។
រូបភាពសមត្ថកិច្ច

administrator

Related Articles