រាជធានីភ្នំពេញ៖ តាមសេចក្តីរាយការណ៍ពីក្រសួងព័ត៌មាន នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឲ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងសំណើរបស់សាខាកាកបាទក្រហមកម្ពុជាប្រចាំខេត្តរតនគិរី និងខេត្តមណ្ឌលគិរី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់អំណោយមនុស្សធម៌ដ៏ថ្លៃថ្លាជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ចំនួនសរុប ១.៧៨៣ គ្រួសារ។ ក្នុងនោះមាន ៨៥០ គ្រួសារ រស់នៅក្នុងខេត្តរតនគិរី និង ៩៣៣ គ្រួសារ រស់នៅខេត្តមណ្ឌលគិរី។
ពិធីចែកអំណោយនេះ នឹងប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ គណៈប្រតិភូ មន្ត្រីទីស្នាក់ការកណ្តាល ដែលដឹកនាំដោយ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ នឹងអញ្ជើញចុះដោយផ្ទាល់ ដើម្បីចែកជូនដល់ដៃប្រជាពលរដ្ឋរងគ្រោះទាំងអស់។
សូមបញ្ជាក់ថា គ្រួសាររងគ្រោះនីមួយៗ នឹងទទួលបាននូវគ្រឿងឧបភោគបរិភោគជាច្រើនមុខ រួមមាន៖ អង្ករ ៣០ គីឡូក្រាម, មី ១ កេស, ត្រីខ ១០ កំប៉ុង, ទឹកស៊ីអ៊ីវ ៦ ដប, និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ (ឃីត) ១ កញ្ចប់។ កាយវិការមនុស្សធម៌ដ៏ឧត្តុង្គឧត្តមនេះ ពិតជាបានរួមចំណែកយ៉ាងធំធេង ក្នុងការជួយសម្រាលបន្ទុកជីវភាពរបស់ប្រជាពលរដ្ឋរងគ្រោះ នៅតាមមូលដ្ឋាន។
