ទីក្រុងឡុងដ៍៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ទៅចូលរួមពិព័រណ៍ទេសចរណ៍ពិភពលោក (World Travel Market) នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។
ក្នុងឱកាសដ៏សំខាន់នេះ លោករដ្ឋមន្ត្រីបានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិលើកទី៧២ (៩-វិច្ឆិកា-១៩៥៣ – ៩-វិច្ឆិកា-២០២៥) កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលរៀបចំឡើងដោយស្ថានទូតកម្ពុជាប្រចាំចក្រភពអង់គ្លេស។
ពិធីនេះប្រព្រឹត្តទៅក្រោមវត្តមានលោកស្រី ទួត បញ្ញា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពកម្ពុជាប្រចាំនៅចក្រភពអង់គ្លេស ព្រមទាំងមន្ត្រីស្ថានទូត ប្រជាពលរដ្ឋខ្មែរ សិស្ស និស្សិតដែលរស់នៅ និងសិក្សានៅអង់គ្លេស រួមទាំងមិត្តភ័ក្តិអង់គ្លេសសរុបជាង៥០រូប។
ក្នុងកិច្ចរំលឹកដល់ព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមរបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ក្នុងការទាមទារឯករាជ្យជូនជាតិ លោករដ្ឋមន្ត្រី ហួត ហាក់ បានសង្កត់ធ្ងន់ពីតម្លៃមហាសាលនៃសុខសន្តិភាព ឯករាជ្យ និងស្មារតីសាមគ្គីភាពជាតិជាធ្លុងមួយរបស់ប្រជាជនកម្ពុជានាគ្រប់សម័យកាល។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានពាំនាំនូវក្តីនឹករលឹក និងការសួរសុខទុក្ខពីថ្នាក់ដឹកនាំកំពូលៗ រួមមាន ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជូនដល់បងប្អូនសហគមន៍ខ្មែរ សិស្ស និស្សិតទាំងអស់ដែលកំពុងរស់នៅ និងបំពេញការងារនៅចក្រភពអង់គ្លេស។ 
ទន្ទឹមនឹងនោះ លោករដ្ឋមន្ត្រីក៏បានជម្រាបជូនអំពីស្ថានការណ៍នៅតំបន់ព្រំដែនជាមួយប្រទេសថៃ និងយន្តការដោះស្រាយរបស់រាជរដ្ឋាភិបាល។
ឯកឧត្តមបានស្នើសុំឱ្យបងប្អូនខ្មែរទាំងអស់មានជំនឿទុកចិត្តលើការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី។ មានតែការឯកភាព និងសាមគ្គីភាពជាធ្លុងមួយរបស់ប្រជាជនកម្ពុជាជាមួយរាជរដ្ឋាភិបាលប៉ុណ្ណោះ ទើបជាកម្លាំងដ៏ខ្លាំងក្លា រួមជាមួយការគាំទ្រពីប្រទេសជាមិត្តដែលស្រឡាញ់សន្តិភាព អាចធ្វើឱ្យប្រទេសថៃបញ្ចប់សកម្មភាពអរិភាពរបស់ខ្លួនជាមួយកម្ពុជានាពេលនេះ។ 
ជាចុងក្រោយ លោករដ្ឋមន្ត្រី ហួត ហាក់ បានអំពាវនាវដល់បងប្អូន និងសិស្ស និស្សិតកម្ពុជាទាំងអស់ ឱ្យក្លាយជាទូតទេសចរណ៍កម្ពុជា (Brand Ambassador) ជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ទៅកាន់មិត្តភក្តិ និងប្រជាជនអង់គ្លេសឱ្យបានទូលំទូលាយ បង្កើនការទាក់ទាញឱ្យមកទស្សនាកម្ពុជា ព្រមទាំងចូលរួមប្រឆាំង និងទប់ស្កាត់រាល់ព័ត៌មានក្លែងក្លាយនានាអំពីកម្ពុជាដែលជះឥទ្ធិពលអវិជ្ជមានដល់កម្ពុជា៕

