ព្យុះទីហ្វុង Fung-wong ដ៏សាហាវ ត្រៀមវាយប្រហារហ្វីលីពីន ខណៈអាជ្ញាធរប្រកាសអាសន្ន! ប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់បំផុតពីគ្រោះថ្នាក់ដល់អាយុជីវិត

ព្យុះទីហ្វុង Fung-wong ដ៏សាហាវ ត្រៀមវាយប្រហារហ្វីលីពីន ខណៈអាជ្ញាធរប្រកាសអាសន្ន! ប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់បំផុតពីគ្រោះថ្នាក់ដល់អាយុជីវិត

(ម៉ានីល)៖ ទីភ្នាក់ងារឧតុនិយមហ្វីលីពីន បានចេញផ្សាយការព្រមានអំពីគ្រោះថ្នាក់ដល់អាយុជីវិត ខណៈព្យុះទីហ្វុងថ្មីមួយទៀតឈ្មោះ Fung-wong កំពុងរំកិលខ្លួនឆ្ពោះទៅកាន់ឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសហ្វីលីពីន ជាមួយនឹងកម្លាំងខ្យល់បក់ខ្លាំងបំផុតនៅយប់ថ្ងៃអាទិត្យសប្តាហ៍នេះ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃសៅរ៍ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥។

ព្យុះទីហ្វុង Fung-wong នៅហ្វីលីពីន

ក្នុងសន្និសីទសារព័ត៌មានមួយ មន្ត្រីឧតុនិយម លោក Benison Estareja បានបញ្ជាក់ថា ចរន្តខ្យល់ព្យុះទីហ្វុង Fung-wong ដែលមានកម្លាំងខ្លាំង និងលាតសន្ធឹងដល់ចម្ងាយ ១ ៥០០ គីឡូម៉ែត្រ កំពុងបក់បោកទៅលើផ្នែកខ្លះនៃភាគខាងកើតប្រទេសហ្វីលីពីន ដោយនាំមកនូវភ្លៀងធ្លាក់ជោកជាំ និងខ្យល់បក់បោកយ៉ាងខ្លាំង។ បច្ចុប្បន្ន ព្យុះនេះមានកម្លាំងអតិបរមា ១៤០ គីឡូម៉ែត្រក្នុងមួយម៉ោង និងខ្យល់បក់ខ្លាំងរហូតដល់ ១៧០ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយអាចនឹងកើនឡើងដល់ ១៨៥ គីឡូម៉ែត្រក្នុងមួយម៉ោង នៅពេលវាបោកបក់ដល់ដីគោក។ កម្លាំងខ្យល់ប៉ុននេះ គឺគ្រប់គ្រាន់ក្នុងការបំផ្លិចបំផ្លាញផ្ទះសម្បែង ដើមឈើ និងសំណង់នានាបានយ៉ាងងាយស្រួល។

ភ្លៀងធ្លាក់ក្នុងកម្រិតខ្ពស់រហូតដល់ ២០០ មីលីម៉ែត្រ ត្រូវបានព្យាករណ៍នៅក្នុងខេត្តភាគខាងកើតនៃប្រទេសហ្វីលីពីន ជាពិសេសតំបន់ Bicol ក៏ដូចជាផ្នែកខ្លះនៃទីក្រុង Samar ដែលបង្កើនហានិភ័យនៃទឹកជំនន់ និងការបាក់ដីយ៉ាងខ្លាំង។ ចំណែកឯភាគខាងជើង និងភាគកណ្តាលនៃទីក្រុង Luzon ក៏អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពី ១០០ ទៅ ២០០ មីលីម៉ែត្រផងដែរ អំឡុងពេលដែលព្យុះនេះឆ្លងកាត់។ ទីភ្នាក់ងារឧតុនិយមបានណែនាំយ៉ាងទទូចដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ទំនាប និងតំបន់ឆ្នេរ ឲ្យជម្លៀសខ្លួនទៅកាន់ទីទួលសុវត្ថិភាពជាបន្ទាន់ ហើយបញ្ឈប់រាល់សកម្មភាពធ្វើដំណើរតាមផ្លូវសមុទ្រទាំងអស់។

រដ្ឋបាលនៅតាមតំបន់មួយចំនួនធំបានប្រកាសផ្អាកថ្នាក់រៀនសម្រាប់ថ្ងៃចន្ទស្អែកនេះ ហើយក្រុមហ៊ុនអាកាសចរណ៍ជាតិហ្វីលីពីនក៏បានលុបចោលជើងហោះហើរមួយចំនួនជាមុន មុត្រពេលព្យុះទីហ្វុង Fung-wong មកដល់។ គួររំលឹកផងដែរថា ប្រទេសហ្វីលីពីន ទើបតែទទួលរងនូវការវាយប្រហារយ៉ាងដំណំពីព្យុះទីហ្វុង Kalmaegi កាលពីប៉ុន្មានថ្ងៃមុននេះ ដែលបានបន្សល់ទុកនូវការបំផ្លិចបំផ្លាញទ្រង់ទ្រាយធំនៅទូទាំងតំបន់ឆ្នេរ និងបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ២០៤ នាក់បានបាត់បង់ជីវិត។

administrator

Related Articles