គ្រោះថ្នាក់! BYD បុកកុងតឺន័រពេញទំហឹង របួសនារីចិន២នាក់ធ្ងន់ស្រាល នៅផ្លូវក្រវ៉ាត់ក្រុងទី៣

គ្រោះថ្នាក់! BYD បុកកុងតឺន័រពេញទំហឹង របួសនារីចិន២នាក់ធ្ងន់ស្រាល នៅផ្លូវក្រវ៉ាត់ក្រុងទី៣

ភ្នំពេញ៖ រថយន្តស៊េរីទំនើបម៉ាក BYD មួយគ្រឿង បើកបរដោយនារីជនជាតិចិនពីរនាក់ ក្នុងល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុកពីក្រោយរថយន្តសណ្តោងទូកុងតឺន័រ ដែលចតស្ងៀមនៅលើចិញ្ចើមផ្លូវយ៉ាងពេញទំហឹង បណ្តាលឲ្យនារីទាំងពីរនាក់រងរបួសធ្ងន់ស្រាល ត្រូវបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង ១០:៣០ នាទីយប់ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣ ក្នុងភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តសណ្តោងទូកុងតឺន័រមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 3E-7254 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣ ក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុ ក៏បានឈប់អែបខាងលើចិញ្ចើមផ្លូវ ខណៈតៃកុងបានចុះទៅទិញទឹកសុទ្ធហូបមួយភ្លែត។

ភ្លាមៗនោះ ស្រាប់តែមានរថយន្តស៊េរីទំនើបម៉ាក BYD ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ កំពង់ស្ពឺ 2A-9188 បើកបរដោយនារីជនជាតិចិនម្នាក់ រួមដំណើរជាមួយនារីម្នាក់ទៀតជាជនជាតិចិនដូចគ្នា បានបោះពួយមកពីក្រោយតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនមិនប្រយ័ត្ន ក៏ជ្រុលទៅបុកពីក្រោយរថយន្តសណ្តោងទូកុងតឺន័រនោះយ៉ាងពេញទំហឹងតែម្តង។



កម្លាំងប៉ះទង្គិចយ៉ាងខ្លាំងនេះ បានបណ្តាលឲ្យរថយន្ត BYD រងការខូចខាតយ៉ាងធ្ងន់ធ្ងរស្ទើរទាំងស្រុង រីឯអ្នកបើកបរនិងអ្នករួមដំណើរ ដែលជាស្ត្រីជនជាតិចិនទាំងពីរនាក់ បានរងរបួសត្រង់ក្បាលធ្ងន់និងស្រាល ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុ ភាគីទាំងសងខាងបានសម្របសម្រួលគ្នាបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្តង។

ដោយ​ ៖​ ភារ៉ា​ ដង្កោ

administrator

Related Articles