ខណៈដែលព្យុះបិសាច Fung-wong កំពុងតែរំកិលខ្លួនខិតជិតមកនោះ ប្រទេសហ្វីលីពីនបានបង្កើនការត្រៀមលក្ខណៈជាមុន ដោយប្រញាប់ជម្លៀសប្រជាពលរដ្ឋជាង ១០ម៉ឺននាក់ទៅកាន់តំបន់សុវត្ថិភាព ហើយបានផ្អាកជើងហោះហើរទាំងក្នុង និងក្រៅប្រទេសជាង ៣០០ ជើងផងដែរ។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងថា ព្យុះ Fung-wong ត្រូវបានគេរំពឹងថានឹងមកដល់ដីគោកហ្វីលីពីននៅរាត្រីថ្ងៃអាទិត្យ ទី៩ ខែវិច្ឆិកា ដោយនឹងវាយប្រហារចំខេត្ត Aurora ជាមួយនឹងកម្លាំងខ្យល់ខ្លាំងបំផុតរហូតដល់ ១៨៥ គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចមានខ្យល់កន្ត្រាក់ឡើងដល់ ២៣០ គីឡូម៉ែត្រក្នុងមួយម៉ោងទៀតផង។
ទោះបីជាព្យុះនេះមិនទាន់មកដល់ពេញលេញក៏ដោយ ក៏ឥទ្ធិពលរបស់វាបានបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង ខ្យល់បក់បោក និងការដាច់ចរន្តអគ្គិសនីនៅតាមតំបន់ជាច្រើនរួចទៅហើយ ជាពិសេសនៅតំបន់ Visayas ភាគខាងកើត។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន ប្រទេសហ្វីលីពីននៅមិនទាន់បានធូរស្រាលពីឥទ្ធិពលនៃព្យុះ Kalmaegi ដែលបានវាយប្រហារកាលពីដើមសប្តាហ៍នេះនៅឡើយទេ ខណៈគិតត្រឹមថ្ងៃសៅរ៍ ព្យុះនោះបានបណ្តាលឲ្យមនុស្សស្លាប់ចំនួន ២២៤ នាក់ ជាពិសេសនៅខេត្ត Cebu។
