«ផ្អើល​ក្រុង​បាវិត! ជនជាតិ​វៀតណាម​រាប់រយ​នាក់​ព្រួត​វាយ​គ្នា​ក្នុង​អគារ​ល្បែង​អនឡាញ រួច​នាំគ្នា​លោត​ពីលើ​រត់​គេច​ខ្លួន»

«ផ្អើល​ក្រុង​បាវិត! ជនជាតិ​វៀតណាម​រាប់រយ​នាក់​ព្រួត​វាយ​គ្នា​ក្នុង​អគារ​ល្បែង​អនឡាញ រួច​នាំគ្នា​លោត​ពីលើ​រត់​គេច​ខ្លួន»

ខេត្តស្វាយរៀង ៖ មាន​ករណី​ដ៏​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅ​សង្កាត់​បាវិត ក្រុង​បាវិត កាលពី​ល្ងាច​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២៥ ដែល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នៅ​ក្នុង​ក្រុង​ទាំងមូល។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ៥ និង ៣០ នាទី​ល្ងាច ដោយ​ជនជាតិ​វៀតណាម​រាប់រយ​នាក់​បាន​នាំគ្នា​រត់​ចេញពី​អគារ​មួយ​កន្លែង ក្រោយ​ពី​មាន​ជម្លោះ​បណ្ដាល​ឲ្យ​មានការ​វាយតប់​គ្នា​យ៉ាង​កក្រើក។

សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ក្រុម​ជនជាតិ​វៀតណាម​ទាំងនោះ ខ្លះ​បាន​កាន់ដំបង​នៅ​ក្នុង​ដៃ រត់​ចុះ​ពី​ជាន់​ទី​១ មក​ដី ចំណែក​ឯ​អ្នកខ្លះ​ទៀត​ដែល​នៅ​ជាន់​ទី​២ បាន​សម្រេចចិត្ត​លោត​ពីលើ​អគារ​ចុះ​មកលើ​ដំបូលផ្ទះ​ដែល​នៅ​ជាប់​គ្នា រួច​បន្ត​លោត​ចុះ​មក​ដី​ដើម្បី​គេចខ្លួន​ទាំង​ភ័យ​ស្លន់ស្លោ។ រូបភាព

តាម​ការ​បង្ហើប​ឲ្យ​ដឹង​ពី​អ្នកស្រុក​ដែល​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ បាន​រៀបរាប់​ថា មុន​ពេល​ផ្ទុះ​អំពើហិង្សា គេ​បាន​ឃើញ​ជនបរទេស​មួយ​ក្រុម​បាន​ជិះ​រថយន្ត​ចូល​ទៅ​ចត​នៅ​មុខ​អគារ​នោះ ហើយ​ក៏​នាំគ្នា​ដើរ​ចូល​ទៅ​ខាងក្នុង។ ប្រមាណ​ជា​កន្លះ​ម៉ោង​ក្រោយមក ក៏​ស្រាប់តែ​លេចឮ​សំឡេង​ឈ្លោះប្រកែក​គ្នា​យ៉ាង​ខ្លាំង រួច​ក៏​ផ្ទុះ​ការ​វាយតប់​គ្នា​តែម្តង​រវាង​ក្រុម​ជនជាតិ​វៀតណាម​ទាំងនោះ ដោយ​ខ្លះ​កាន់ដំបង ខ្លះ​ដៃទទេ បង្ក​ឲ្យ​មានការ​រត់​ចែកជើង​គ្នា​ពេញ​អគារ។ រូបភាព

ប្រភព​ដដែល​បាន​បន្ថែម​ទៀត​ថា ទីតាំង​អគារ​ដែល​កើតហេតុ​នេះ ត្រូវ​បាន​គេ​សង្ស័យ​ថា​ជា​កន្លែង​បង្កប់​ល្បែង​អនឡាញ​ខុសច្បាប់ ហើយ​ជម្លោះ​ហិង្សា​ខាងលើ​នេះ ទំនងជា​កើតចេញពី​ការ​មិន​ចុះសម្រុង​គ្នា​ក្នុង​ចំណោម​ពួកគេ។ រូបភាព

គិត​ត្រឹម​ម៉ោង ៧ យប់ ថ្ងៃទី​៨ ខែវិច្ឆិកា អាជ្ញាធរ​មិនទាន់​អាច​រក​ការ​បំភ្លឺ​ពី​លោក​អធិការ​ក្រុង​បាវិត​បាន​នៅឡើយ​ទេ។ ព័ត៌មាន​លម្អិត​នឹង​ត្រូវ​ផ្សាយ​ជូន​នៅ​ព្រឹកស្អែក។

administrator

Related Articles