(ម៉ានីល)៖ អាជ្ញាធរហ្វីលីពីនបានប្រញាប់ប្រញាល់ជម្លៀសប្រជាជនជាង ១០ ម៉ឺននាក់ ចេញពីតំបន់ភាគខាងកើត និងភាគខាងជើងនៃប្រទេស បន្ទាប់ពីព្យុះ Fung-wong បានកើនឥទ្ធិពលទៅជាព្យុះស៊ុបភើទីហ្វុងដ៏កាចសាហាវ កាលពីថ្ងៃអាទិត្យ ទី៩ ខែវិច្ឆិកា។ ព្យុះនេះត្រូវបានព្យាករថានឹងនាំមកនូវភ្លៀងធ្លាក់ជោគជាំ និងខ្យល់ព្យុះដ៏គំហុក។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។

ការប្រកាសអាសន្នកម្រិតខ្ពស់បំផុត (កម្រិតទី៥) ត្រូវបានដាក់ចេញនៅកោះ Luzon ជាពិសេសនៅទីក្រុង Catanduanes និងតាមបណ្តោយឆ្នេរនៃទីក្រុង Camarines Norte និង Camarines Sur។ រីឯតំបន់រដ្ឋធានីម៉ានីល និងតំបន់ជុំវិញ ត្រូវបានប្រកាសអាសន្នកម្រិតទី៣ ដើម្បីត្រៀមបង្ការ។ ព្យុះ Fung-wong ត្រូវបានគេព្យាករថាអាចនឹងបក់បោកក្នុងល្បឿនខ្យល់ដល់ទៅ ២៣០ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយអាចនឹងវាយប្រហារដល់ដីគោកនៃខេត្ត Aurora នៃកោះ Luzon នៅយប់ថ្ងៃអាទិត្យដដែលនេះ។ គួរបញ្ជាក់ថា តំបន់ជាច្រើននៅ Eastern Visayas បានជួបប្រទះការដាច់ចរន្តអគ្គិសនីរួចទៅហើយ។ បន្ថែមពីនេះ ជើងហោះហើរក្នុងស្រុក និងអន្តរជាតិប្រមាណ ៣០០ ជើងក៏ត្រូវបានលុបចោលផងដែរ ដោយសារតែស្ថានភាពអាកាសធាតុអាក្រក់នេះ។
គួររំលឹកផងដែរថា ព្យុះ Fung-wong នេះកើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រទេសហ្វីលីពីនត្រូវបានវាយប្រហារដោយព្យុះ Kalmaegi ដែលបានបណ្តាលឱ្យមនុស្ស ២០៤ នាក់ស្លាប់ និងបង្កការបំផ្លិចបំផ្លាញយ៉ាងដំណំនៅវៀតណាម ដែលមនុស្ស ៥ នាក់បានបាត់បង់ជីវិត។ ហ្វីលីពីន គឺជាប្រទេសមួយដែលតែងតែរងគ្រោះដោយសារព្យុះ ដោយជាមធ្យមមានព្យុះយ៉ាងហោចណាស់ ២០ វាយប្រហារលើប្រទេសនេះក្នុងមួយឆ្នាំៗ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews
