ចោរ​ល្បិចកល ២នាក់ បន្លំ​លួច​កាបូប​លុយ​ស្ត្រី​លក់​ផ្លែឈើ​អស់ជិត​១​លាន​រៀល មុខ​រោងចក្រ​នៅ​ស្វាយរៀង

ចោរ​ល្បិចកល ២នាក់ បន្លំ​លួច​កាបូប​លុយ​ស្ត្រី​លក់​ផ្លែឈើ​អស់ជិត​១​លាន​រៀល មុខ​រោងចក្រ​នៅ​ស្វាយរៀង

ខេត្តស្វាយរៀង ៖ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង កាលពី​យប់​ថ្ងៃ​ទី​៧ វិច្ឆិកា ២០២៥ នៅ​ចំណុច​តូប​លក់​ផ្លែឈើ​មុខ​រោងចក្រ ហ្គី​ហ្គា​ស្វាយ​រៀង ស្ថិត​ក្នុងភូមិ​ដើម​ពោធិ៍ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង ។ ក្នុងករណីនេះ ជនសង្ស័យ​ចំនួន​០២​នាក់ បាន​ធ្វើ​សកម្មភាព​បន្លំ​លួច​យក​កាបូប​លុយ​របស់​ស្ត្រី​ជា​អ្នកលក់​ផ្លែឈើ​ម្នាក់ បណ្ដាល​ឲ្យ​បាត់បង់​ប្រាក់ និង​ឯកសារ​សំខាន់​មួយចំនួន។

រូបភាព

តាម​សម្ដី​របស់​ស្ត្រី​រង​គ្រោះ បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា មុន​ពេល​កើតហេតុ គាត់​កំពុង​រៀបចំ​បិទ​តូប​ដើម្បី​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ស្រប​ពេល​នោះ ក៏​មាន​ជនសង្ស័យ​០២​នាក់ ជិះ​ម៉ូតូ​ស្កុប​ពី ពណ៌​ខ្មៅ ១​គ្រឿង បាន​ឈប់​នៅ​លើ​ផ្លូវជាតិ​លេខ​១ ។ បន្ទាប់មក ជនសង្ស័យ​ម្នាក់​បាន​ដើរ​ចូល​មក​ក្នុង​តូប​របស់​គាត់ រួច​ធ្វើ​ជា​សួរ​រក​ទិញ​ផ្លែស្វាយ​ចំនួន ១​គីឡូក្រាម ។

ខណៈ​រូប​គាត់​បាន​ដើរទៅ​បើក​ឃ្លុប​យក​ស្វាយ​មក​លក់​ឲ្យ ជនសង្ស័យ​ក៏​ឆ្លៀតឱកាស​លួច​យក​កាបូប​លុយ ដែល​គាត់​បាន​ដាក់​ទុក​នៅ​លើ​តុ​ខាង​មុខ​ដោយ​មិន​បាន​ប្រុងប្រយ័ត្ន ។ ភ្លាមៗ​នោះ ជនសង្ស័យ​ក៏បាន​រត់​ឡើង​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល​ទៅ​តាម​ផ្លូវជាតិ​លេខ​១ ឆ្ពោះទៅ​ទិស​ខាងលិច ។

រូបភាព

ស្ត្រី​រង​គ្រោះ​បាន​បន្ត​ទៀត​ថា នៅ​ក្នុង​កាបូប​លុយ​ដែល​ចោរលួច​យក​ទៅ​នោះ​មាន​ប្រាក់​ខ្មែរ​ជិត ១​លាន​រៀល ប្រាក់​ដុល្លារ ១០០​ដុល្លារ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ១​សន្លឹក និង​កាត​ធនាគារ ១​សន្លឹក ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ សមត្ថកិច្ច​មូលដ្ឋាន​កំពុង​ធ្វើការ​ស្រាវជ្រាវ និង​តាម​ប្រមាញ់​ជនសង្ស័យ​ដើម្បី​នាំ​ខ្លួន​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ។

administrator

Related Articles