(ភ្នំពេញ)៖ ជាមោទកភាពជាតិ! កម្ពុជាបានបន្តកត់ត្រាជ័យជម្នះដ៏ត្រចះត្រចង់ ដោយបានគ្រងតំណែងជាម្ចាស់ពានរង្វាន់ “អង្ករល្អបំផុតលើពិភពលោក” (Worlds Best Rice 2025) ជាលើកទី៧ ក្នុងព្រឹត្តិការណ៍សន្និសីទស្រូវអង្ករពិភពលោក ឆ្នាំ២០២៥ ដែលប្រារព្ធធ្វើឡើងនៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជាតែម្ដង។ 
ព្រឹត្តិការណ៍ដ៏សំខាន់នេះត្រូវបានរៀបចំឡើងដោយស្ថាប័ន The Rice Trader រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ ជ័យលាភី “អង្ករល្អបំផុតក្នុងពិភពលោក” ឆ្នាំ២០២៥ នេះបានបញ្ជាក់សាជាថ្មីពីកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញរបស់អង្ករកម្ពុជាលើឆាកអន្តរជាតិ។ 
គួររំលឹកផងដែរថា នេះគឺជាលើកទី៧ ហើយដែលកម្ពុជាដណ្តើមបានពានរង្វាន់កិត្តិយសនេះ ដោយធ្លាប់ទទួលបានជោគជ័យកាលពីឆ្នាំ២០១២, ២០១៣, ២០១៤, ២០១៨, ២០២២, ២០២៤ និងចុងក្រោយបំផុតគឺឆ្នាំ២០២៥ នេះ។ 
ភាពជោគជ័យដ៏ត្រចះត្រចង់នេះ គឺកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់បងប្អូនប្រជាកសិករកម្ពុជាគ្រប់រូប ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការផលិតស្រូវប្រកបដោយគុណភាពខ្ពស់។ ការតស៊ូព្យាយាមទាំងនេះ បានធ្វើឱ្យអង្ករកម្ពុជាមានកេរ្តិ៍ឈ្មោះល្បីរន្ទឺ និងត្រូវបានទទួលស្គាល់ពីបណ្ដាប្រទេសនានាជុំវិញពិភពលោក អំពីគុណតម្លៃ និងរសជាតិដ៏ឈ្ងុយឆ្ងាញ់របស់ខ្លួន។ 

(ផ្ដល់សិទ្ធិដោយ៖ Freshnews)
