រន្ធត់! ទូកជនភៀសខ្លួនលិចនៅព្រំដែនម៉ាឡេស៊ី-ថៃ មនុស្សម្នាក់បាត់បង់ជីវិត ១០នាក់ត្រូវបានជួយសង្គ្រោះ

រន្ធត់! ទូកជនភៀសខ្លួនលិចនៅព្រំដែនម៉ាឡេស៊ី-ថៃ មនុស្សម្នាក់បាត់បង់ជីវិត ១០នាក់ត្រូវបានជួយសង្គ្រោះ

(គូឡាឡាំពួ)៖ អាជ្ញាធរដែនសមុទ្រម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យ ទី៩ ខែវិច្ឆិកា បានថ្លែងឱ្យដឹងថា មនុស្សរាប់រយនាក់កំពុងបាត់ខ្លួន បន្ទាប់ពីទូកមួយគ្រឿងបានលិចនៅក្បែរព្រំដែនរវាងប្រទេសថៃ និងម៉ាឡេស៊ី។ ហេតុការណ៍ដ៏សោកសៅនេះបណ្ដាលឱ្យមនុស្សម្នាក់បាត់បង់ជីវិត និង១០នាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះទាន់ពេល។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។

អាជ្ញាធរដែនសមុទ្រប្រចាំរដ្ឋ Kedah និង Perlis ភាគខាងជើងម៉ាឡេស៊ី បានបង្ហាញការព្រួយបារម្ភថា ជនរងគ្រោះជាច្រើននាក់ទៀតអាចនឹងត្រូវរកឃើញនៅឯសមុទ្រ បន្ទាប់ពីរយៈពេល ៣ថ្ងៃដែលទូកនោះបានលិច។ ទូកដែលបានចាកចេញពីទីក្រុង Buthidaung ប្រទេសមីយ៉ាន់ម៉ា គឺបានផ្ទុកមនុស្សជាង ៩០នាក់។ ក្នុងចំណោមអ្នកនៅរស់រានមានជីវិត ដែលត្រូវបានជួយសង្គ្រោះនៅតំបន់ដែនទឹកនៃប្រជុំកោះ Langkawi គឺមានបុរសជនជាតិមីយ៉ាន់ម៉ាចំនួន ៣នាក់ បុរសជនជាតិរ៉ូហ៊ីងយ៉ាចំនួន ២នាក់ និងបុរសជនជាតិបង់ក្លាដែសមួយនាក់។ ចំណែកសាកសពមនុស្សម្នាក់ដែលត្រូវបានស្រង់ចេញពីសមុទ្រ ត្រូវបានគេកំណត់អត្តសញ្ញាណថាជាស្ត្រីជនជាតិរ៉ូហ៊ីងយ៉ាម្នាក់។
Boat sinking incident
គួរ​រំលឹក​ថា ដំបូង​ឡើយ ក្រុម​មនុស្ស​ដែល​មាន​បំណង​ធ្វើ​ដំណើរ​ចូល​ទៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី បាន​ជិះ​លើ​នាវា​ធំ​មួយ​គ្រឿង។ ប៉ុន្តែ នៅ​ពេល​ធ្វើ​ដំណើរ​ជិត​ដល់​ព្រំដែន ពួកគេ​ត្រូវ​បាន​គេ​ប្រាប់​ឲ្យ​ផ្លាស់​ប្តូរ​ទៅ​ជិះ​លើ​ទូក​តូចៗ​ចំនួន ៣​គ្រឿង​វិញ ដែល​ក្នុង​ចំណោម​នោះ ទូក​មួយ​គ្រឿង​បាន​ផ្ទុក​មនុស្ស​ជាង ១០០​នាក់ ដើម្បី​គេច​វេស​ពី​ការ​ចាប់​អារម្មណ៍​របស់​អាជ្ញាធរ។ ចំណែក​ឯ​ទូក​ ២​គ្រឿង​ផ្សេង​ទៀត ដែល​មាន​ផ្ទុក​មនុស្ស​ប្រហាក់ប្រហែល​គ្នា​នឹង​ទូក​ទី​មួយ កំពុង​តែ​បាត់​ខ្លួន​នៅ​ឡើយ៕

administrator

Related Articles