ភ្នំពេញ ៖ ក្រោយមើលឃើញថាគ្មានក្តីសង្ឃឹមពីរដ្ឋាភិបាលបារាំង ក្នុងការពិនិត្យសំណើទាមទារឯករាជ្យនោះ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះវររាជបិតាឯករាជ្យជាតិ បានសម្រេចព្រះទ័យបន្តព្រះរាជបណ្ដើរទៅសហរដ្ឋអាមេរិក ដោយសង្ឃឹមថា មហាអំណាចមួយនេះនឹងជួយអន្តរាគមន៍ជំរុញសម្ព័ន្ធមិត្តបារាំង ឲ្យប្រគល់ឯករាជ្យពេញលេញមកកម្ពុជាជាមិនខាន។ 
ដំណឹងនៃគម្រោងយាងចេញពីបារាំង ឆ្ពោះទៅកាន់សហរដ្ឋអាមេរិកនេះ បានលេចឮដល់លោក ហ្សង់ ឡឺ ទួរណូ (Jean Le Tourneau) អគ្គស្នងការបារាំងប្រចាំឥណ្ឌូចិនទើបតែងតាំងថ្មី។ លោកបានកោះហៅព្រះអង្គម្ចាស់ស៊ីសុវត្ថិ មុនីរ៉េត ដែលពេលនោះជាតំណាងកម្ពុជាប្រចាំទីក្រុងប៉ារីស ទៅជួបដើម្បីស្ទាបស្ទង់ពីគោលបំណងពិតប្រាកដនៃព្រះរាជដំណើររបស់ព្រះមហាក្សត្រ។ ព្រះអង្គម្ចាស់មុនីរ៉េត បានថ្វាយតាមត្រង់ថា ទ្រង់ពុំបានជ្រាបពីព្រះរាជបំណងរបស់ព្រះមហាក្សត្រឡើយ។ ក្រោយពីពិភាក្សាអស់ប្រហែល ៣ ម៉ោង លោក ហ្សង់ ឡឺ ទួរណូ បានស្នើសុំឲ្យព្រះអង្គម្ចាស់មុនីរ៉េត ពាំនាំនូវការថ្វាយព្រះពរដល់ព្រះមហាក្សត្រសីហនុ សូមឲ្យមានសុវត្ថិភាពក្នុងព្រះរាជដំណើរ។ យ៉ាងណាមិញ លោកក៏បានផ្ដាំផ្ញើព្រមានដល់ព្រះមហាក្សត្រឲ្យមានការប្រុងប្រយ័ត្ន និងពិចារណាឲ្យបានល្អិតល្អន់ ព្រោះរឿងនេះពាក់ព័ន្ធដល់ព្រះរាជបល្ល័ង្ករបស់ព្រះអង្គ។
នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ១៩៥៣ ព្រះមហាក្សត្រសីហនុ បានយាងចាកចេញពីប្រទេសបារាំង ឆ្ពោះទៅកាន់ប្រទេសកាណាដា។ ក្រៅពីការផ្សព្វផ្សាយបទសម្ភាសន៍តាមរយៈកាសែតនានា ព្រះអង្គក៏បានផ្ដល់បទសម្ភាសន៍ដល់វិទ្យុកាណាដា ផ្សព្វផ្សាយតាមរលកធាតុអាកាសផងដែរ។ វិទ្យុកាណាដាបានទូលសួរព្រះអង្គថា តើបញ្ហាកុម្មុយនិស្តនៅកម្ពុជាមានសភាពធ្ងន់ធ្ងរដូចនៅវៀតណាមដែរឬទេ? ព្រះអង្គបានមានបន្ទូលតបវិញថា ប្រជារាស្ត្រខ្មែរពុំសូវយកចិត្តទុកដាក់ចំពោះលទ្ធិកុម្មុយនិស្តប៉ុន្មានឡើយ ដោយសារលទ្ធិនេះផ្ទុយនឹងប្រពៃណី វប្បធម៌ និងព្រះពុទ្ធសាសនា។ ភាគច្រើននៃប្រជាជនជាពុទ្ធសាសនិក និងជាកសិករមានដីស្រែចម្ការរៀងខ្លួន ដូច្នេះពុំសូវមានជំនឿលើពួកកុម្មុយនិស្តឡើយ។ ប៉ុន្តែអ្វីដែលប្រជារាស្ត្រខ្មែរយកចិត្តទុកដាក់បំផុត គឺឆន្ទៈទាមទារឯករាជ្យដែលកំពុងពុះកញ្ជ្រោល តែត្រូវបានគេរាំងខ្ទប់។
ក្រោយពីព្រះអង្គបានបំពេញបេសកកម្មឃោសនានយោបាយតាមប្រព័ន្ធផ្សព្វផ្សាយនៅកាណាដារយៈពេលខ្លីមក ព្រះអង្គក៏បន្តព្រះរាជដំណើរឆ្ពោះទៅសហរដ្ឋអាមេរិក។ នៅទីក្រុងវ៉ាស៊ីងតោន ព្រះអង្គពុំបានទទួលការលើកទឹកចិត្តពីរដ្ឋាភិបាលអាមេរិកឡើយ សូម្បីតែប្រធានាធិបតីអាមេរិក លោក វ៉ៃត៍ អៃសិនហាវវើរ (Dwight D. Eisenhower) ក៏មិនបានអនុញ្ញាតឲ្យចូលគាល់ដែរ។
ទោះជាយ៉ាងណា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ហ្វូស្ទ័រ ឌុលឡេស (Foster Dulles) បានយល់ស្របនឹងព្រះមហាក្សត្រសីហនុថា បារាំងគួរប្រគល់ឯករាជ្យឲ្យកម្ពុជាក្នុងពេលឆាប់ៗ។ ប៉ុន្តែអ្វីដែលលោកមិនយល់ស្របនោះ គឺក្រោយពេលទទួលបានឯករាជ្យ កម្ពុជានឹងមិនមានសមត្ថភាពទប់ទល់នឹងចលនាកុម្មុយនិស្តបានឡើយ។ លោកយល់ថា កម្ពុជាមិនអាចគ្រប់គ្រងខ្លួនឯងជំនួសបារាំងបានទេ ពិសេសវិស័យកងទ័ព ហើយបើគ្មានកងទ័ពបារាំងជំនួយ កម្ពុជានឹងធ្លាក់ក្នុងកណ្ដាប់ដៃកុម្មុយនិស្តយ៉ាងឆាប់រហ័សបំផុត ដែលនាំឲ្យឯករាជ្យដែលព្រះអង្គចង់បានរលាយបាត់ទៅវិញ។ ជាទីបញ្ចប់ លោករដ្ឋមន្ត្រីការបរទេសអាមេរិកបានសំណូមពរឲ្យព្រះអង្គអត់ធ្មត់បន្តិចទៀតសិន។
នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ១៩៥៣ ព្រះមហាក្សត្រសីហនុ បានអនុញ្ញាតឲ្យអ្នកកាសែត ”ញូវយ៉កថែម” ឈ្មោះម៉ៃឃឺល ជេមដ៍ ចូលសម្ភាសន៍នៅទីក្រុងញូវយ៉ក។ មួយថ្ងៃក្រោយមក កាសែត “ញូវយ៉កថែម” បានចុះផ្សាយបន្ទូលរបស់ព្រះអង្គថា ប្រសិនបើបារាំងនៅតែមិនព្រមប្រគល់ឯករាជ្យពេញលេញក្នុងប៉ុន្មានខែខាងមុខនេះទេ នោះគ្រោះថ្នាក់ពិតជានឹងកើតមាន ដោយប្រជារាស្ត្រនឹងនាំគ្នាក្រោកឈរប្រឆាំងនឹងរបបគ្រប់គ្រងរបស់ព្រះអង្គ ហើយនឹងចូលរួមជាមួយចលនាតស៊ូឥស្សរៈខ្មែរ-វៀតមិញដែលដឹកនាំដោយពួកកុម្មុយនិស្ត ដើម្បីប្រយុទ្ធប្រឆាំងបារាំងជាមិនខាន។ 
ក្នុងព្រះរាជដំណើរយាងត្រឡប់មកមាតុប្រទេសវិញ ពេលចុះចតនៅប្រទេសជប៉ុន ព្រះអង្គបានទទួលសារលិខិតពីលោក ប៉ែន នុត រាជប្រតិភូនាយករដ្ឋមន្ត្រីរដ្ឋាភិបាលរបស់ព្រអង្គ។ លោក ប៉ែន នុត បានជូនដំណឹងពីប្រទេសបារាំងថា មេដឹកនាំបារាំងបានអញ្ជើញព្រះអង្គទៅទីក្រុងប៉ារីស ដើម្បីពិភាក្សា និងពិនិត្យលទ្ធភាពនៃការទាមទារឯករាជ្យរបស់ព្រអង្គនាពេលខាងមុខ។ ក្នុងរយៈពេលបីសប្តាហ៍គង់នៅទីក្រុងតូក្យូ ព្រះមហាក្សត្រសីហនុ បានទទួលនូវព្រះកិត្តិយសខ្ពង់ខ្ពស់ ដោយព្រះចៅអធិរាជហ៊ីរ៉ូហ៊ីតូ បានយាងទៅសោយទឹកតែក្នុងព្រះបរមរាជវាំងរបស់ព្រះអង្គ។ តែព្រះចៅអធិរាជហ៊ីរ៉ូហ៊ីតូ ពុំបានបណ្ដោយឲ្យព្រះមហាក្សត្រសីហនុ អូសទាញព្រះអង្គឲ្យពាក់ព័ន្ធនឹងរឿងនយោបាយបន្តិចឡើយ ក្រៅពីថ្វាយព្រះពរឲ្យព្រះមហាក្សត្រសីហនុ ទទួលបានជោគជ័យក្នុងព្រះរាជបូជនីយកិច្ចនេះប៉ុណ្ណោះ។
នៅក្នុងខែឧសភា ឆ្នាំ១៩៥៣ ពុត ឆាយ, អ៊ូជ និលពេជ្រ និងគ្រូអ៊ុំ បានសម្រេចចិត្តទម្លាក់អាវុធចុះចូលជាមួយព្រះមហាក្សត្រសីហនុ។ ជាថ្នូរ ពុត ឆាយ និងអ៊ូជ និលពេជ្រ ត្រូវបានបំពាក់ឋានន្តរស័កិ្តជាអនុសេនីយ៍ឯកក្នុងជួរកងយោធពលខេមរភូមិន្ទ។ ពិធីចុះចូលជាផ្លូវការបានប្រារព្ធធ្វើឡើងនៅបន្ទាយត្មាតពង ខេត្ដកំពង់ស្ពឺ នៅថ្ងៃទី៣ ឧសភា ឆ្នាំ១៩៥៤ ក្រោមព្រះរាជាធិបតីភាពរបស់សម្ដេចព្រះនរោត្ដម សុរាម្រិត ដែលជាព្រះបិតារបស់ព្រះមហាក្សត្រនរោត្តម សីហនុ។ ក្នុងពិធីនោះ លោក ពុត ឆាយ ក៏ត្រូវបានបំពាក់ឋានន្តរស័ក្តិជាវរសេនីយ៍ត្រី (ស័ក្តិ៤) ផងដែរ។ 
ក្រោយពេលបានចុះចូលក្នុងសង្គមជាតិវិញ លោក ពុត ឆាយ ពុំមានតួនាទីធំដុំ និងកេរ្តិ៍ឈ្មោះល្បីល្បាញដូចមេខ្មែរឥស្សរៈ ដាប ឈួន ដែលបានចុះចូលជាមួយសម្ដេចព្រះនរោត្ដម សីហនុ កាលពីឆ្នាំ១៩៤៩នោះឡើយ។ លោកភាគច្រើនតែងតែមានវត្តមាននៅតាមសង្វៀនជល់មាន់មួយចំនួននៅជាយក្រុងភ្នំពេញ។
នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ ព្រះមហាក្សត្រនរោត្តម សីហនុ បានយាងត្រឡប់មកដល់រាជធានីភ្នំពេញវិញ។ នោះជាលើកទីមួយហើយដែលចាប់ពីព្រលានយន្តហោះពោធិ៍ចិនតុង រហូតដល់ព្រះបរមរាជវាំង ប្រជារាស្ត្រគ្រប់ស្រទាប់វណ្ណៈ ក្មេងចាស់ប្រុសស្រី រាប់ពាន់នាក់បានឈរអមដងផ្លូវ ទះដៃ និងស្រែកជ័យឃោសធ្វើព្រះរាជបដិសណ្ឋារកិច្ចថ្វាយព្រះអង្គយ៉ាងអធិកអធមបំផុត។ ពេលយាងមកដល់ព្រះបរមរាជវាំង លោក ប៉ែន នុត រាជប្រតិភូនាយករដ្ឋមន្ត្រីរដ្ឋាភិបាល ដែលទើបវិលត្រឡប់ពីបារាំងដូចគ្នា បានចូលថ្វាយសំណុំឯកសារឆ្លើយតបពិសេសមួយរបស់មេដឹកនាំបារាំង។ តែឯកសារនោះបានធ្វើឲ្យព្រះអង្គខកព្រះទ័យយ៉ាងខ្លាំង ព្រោះបារាំងនៅតែមិនព្រមផ្ដល់ឯករាជ្យពេញលេញដល់កងទ័ពកម្ពុជា ក្នុងការបង្ក្រាបចលនាបះបោររបស់ពួកវៀតមិញ និងឥស្សរៈខ្មែរឡើយ។ បារាំងគ្រាន់តែយល់ព្រមឲ្យបង្កើតសេនាធិការចម្រុះ (បារាំង-ខ្មែរ) នៅក្នុងអង្គភាពកងទ័ពដែលមានទាហានខ្មែរ ជំនួសសេនាធិការដែលមានតែនាយទាហានបារាំង។ ព្រះមហាក្សត្រសីហនុពុំអាចទទួលយកបានជាដាច់ខាត ទ្រង់ក៏សម្រេចព្រះទ័យបន្តការទាមទារឯករាជ្យនេះឲ្យល្បីរន្ទឺនៅលើឆាកអន្តរជាតិជាថ្មីម្ដងទៀត។
នៅពាក់កណ្ដាលខែមិថុនា ឆ្នាំ១៩៥៣ ព្រះមហាក្សត្រនរោត្តម សីហនុ បានយាងទៅទីក្រុងបាងកក ប្រទេសថៃ។ តែគួរឲ្យសោកស្ដាយ នៅទីក្រុងបាងកក ព្រះមហាក្សត្រថៃ ភូមិបុល អាប់ឌុលយ៉ាដេត ពុំបានអនុញ្ញាតឲ្យព្រះអង្គចូលគាល់ឡើយ។ រដ្ឋមន្ត្រីក្រសួងការបរទេសថៃបានទូលព្រះអង្គថា ប្រទេសថៃមិនអាចផ្ដល់ការគាំទ្រដល់វត្តមានព្រះអង្គបានទេ ព្រោះមិនចង់ឲ្យមានបញ្ហានយោបាយ និងការទូតជាមួយបារាំង។ ចំណែកនាយករដ្ឋមន្ត្រីថៃ សេនាប្រមុខវិបុល សង្គ្រាម បានសម្ដែងឫកពាក្រអឺតក្រទម ដោយផ្ដាំផ្ញើឲ្យព្រះអង្គទៅជួបលោកផ្ទាល់នៅខុទ្ទកាល័យ ប្រសិនបើមានសំណូមពរអ្វី។ លើសពីនេះ រាជរដ្ឋាភិបាលថៃបានហាមឃាត់ព្រះអង្គមិនឲ្យធ្វើសកម្មភាពនយោបាយ ឬជួបអ្នកកាសែតអ្វីបន្តិចឡើយ សូម្បីតែគេហដ្ឋានឯកអគ្គរាជទូតខ្មែរប្រចាំទីក្រុងបាងកក ក៏ត្រូវបានហាមឃាត់មិនឲ្យគង់នៅដែរ។ ធ្ងន់ធ្ងរជាងនេះទៅទៀត រាជរដ្ឋាភិបាលថៃបានចាត់ទុកព្រះអង្គគ្រាន់តែជាជននិរទេសម្នាក់ប៉ុណ្ណោះ។
នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៥៣ ព្រះមហាក្សត្រសីហនុ បានយាងត្រឡប់មកមាតុប្រទេសវិញតាមព្រះទីនាំងរថយន្ត ឆ្លងកាត់ក្រុងអារញ្ញប្រះថេត។ ប្រជារាស្ត្រថៃដែលមានដើមកំណើតខ្មែររាប់រយនាក់បានឈររង់ចាំស្វាគមន៍ព្រះរាជដំណើរព្រះអង្គដោយទឹកចិត្តស្វាមីភក្ដិបំផុត។ ពួកគេបានក្រាបថ្វាយបង្គំ និងសុំអនុញ្ញាតចូលបម្រើក្នុងជួរកងទ័ពព្រះអង្គ ដើម្បីរួមចំណែកទាមទារឯករាជ្យពីបារាំងជូនមាតុភូមិដើម។ ពេលមកដល់ទីរួមខេត្តបាត់ដំបង ព្រះមហាក្សត្រសីហនុបានប្រកាសអំពាវនាវឲ្យប្រជារាស្ត្រទូទាំងប្រទេសចូលរួមក្នុងចលនាទាមទារឯករាជ្យពីបារាំងជាមួយព្រអង្គ។ ពុំយូរប៉ុន្មាន ប្រជារាស្ត្រគ្រប់មជ្ឈដ្ឋានប្រមាណ ២០ ម៉ឺននាក់ បានស្ម័គ្រចិត្តចូលរួម ហើយកងជីវពលនារីក្លាហានដែលមានឈ្មោះថា “កងទ័ពកាំភ្លើងឈើ” ក៏ចាប់ផ្ដើមបង្កើតឡើងនៅទូទាំងប្រទេស។
បន្ទាប់មក ព្រះអង្គបានបន្តព្រះរាជដំណើរតាមព្រះទីនាំងរថយន្តឆ្ពោះទៅខេត្តសៀមរាប ដោយមានសម្ដេចព្រះសង្ឃរាជហួត តាត គង់នៅជាមួយផងដែរ។ ដោយដឹងច្បាស់ថា សម្ដេចព្រះសង្ឃរាជមានទំនាក់ទំនងស្និទ្ធស្នាលជាមួយសឺង ង៉ុកថាញ់ មេដឹកនាំប្រជាចលនាឥស្សរៈខ្មែរបម្រើជាតិនៅភ្នំដងរែក ព្រះអង្គបានស្នើឲ្យសម្ដេចជួយស្ទាបស្ទង់ដោយសម្ងាត់ថា តើគាត់យល់ព្រមចូលរួមព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យជាមួយព្រះអង្គដែរឬទេ។ ប៉ុន្មានថ្ងៃក្រោយមក លោក សឺង ង៉ុកថាញ់ បានឆ្លើយតបមកព្រះអង្គវិញ មិនមែនតាមរយៈសម្ដេចព្រះសង្ឃរាជទេ គឺតាមរយៈបទវិចារណកថាមួយដែលចាក់ផ្សាយតាមវិទ្យុផ្សាយសំឡេងប្រជាចលនាឥស្សរៈខ្មែរបម្រើជាតិរបស់គាត់ ដែលមានទីតាំងនៅជើងភ្នំដងរែក ជាប់ព្រំដែនខ្មែរ-ថៃ។ បទវិចារណកថានោះបានលើកឡើងថា ព្រះរាជបូជនីយកិច្ចដឹកនាំដោយសីហនុ ដើម្បីទាមទារឯករាជ្យជូនមាតុប្រទេស គ្រាន់តែជារឿងកំប្លែងគួរឲ្យស្អប់ខ្ពើមមួយ ដែលសម្ដែងឡើងដោយស្ដេចក្បត់ក្រោមបញ្ជាបារាំងជាចៅហ្វាយនាយប៉ុណ្ណោះ។ បទវិចារណកថាដដែលនេះបានបន្តថា វីរបុរសរបស់ពួកគេមានតែម្នាក់គត់ គឺសឺង ង៉ុកថាញ់ ដែលនឹងមិនចុះចូលជាមួយសីហនុ ដែលជាសត្រូវរបស់ប្រជាពលរដ្ឋជាដាច់ខាត។
សាធារណមតិពិភពលោកបាននាំគ្នាចាប់អារម្មណ៍លើព្រះអង្គ ដោយអ្នកខ្លះទទួលស្គាល់ និងគាំទ្រសកម្មភាពទាមទារឯករាជ្យរបស់ព្រអង្គ តែអ្នកខ្លះទៀតក៏បាននាំគ្នារិះគន់។ ទស្សនាវដ្តី “ប៉ារីសម៉ាត់” របស់បារាំងបានចាត់ទុកព្រះរាជដំណើរយាងទៅប្រទេសថៃរបស់ព្រះមហាក្សត្រសីហនុថា គ្រាន់តែជាដំណើរដ៏សោះកក្រោះ ឥតខ្លឹមសាររបស់ស្ដេចដែលគ្មានការពិចារណា។ កាសែត “ឡូរ៉ូ” បានសរសេរថា នេះជាការទាមទារឯករាជ្យគួរឲ្យអស់សំណើចរបស់មេដឹកនាំប្រទេសមួយដែលមានព្រះសង្ឃច្រើនជាងកងទ័ព ១០ ដង តើអាចទទួលបានជ័យជម្នះដែរឬទេ? នៅក្រុងឡុងដ៍ ប្រទេសអង់គ្លេស កាសែត “ដេលី តេឡេក្រាហ្វ” បានសរសេរចំអកថា តើស្ដេចសីហនុមានភ័ព្វសំណាងអ្វីនឹងទទួលបានឯករាជ្យស្រដៀងនឹងប៉ាគីស្ថាន ទោះបីខិតខំទាមទារយ៉ាងណាក៏ដោយ។ កាសែតដដែលនោះបានសរសេរទៀតថា បើគ្មានបារាំងមកគ្រប់គ្រង ម្ល៉េះសមខ្មែរនឹងក្លាយជាប្រទេសឯករាជ្យដែលរណបចិនកុម្មុយនិស្តតាំងពីយូរយារណាស់មកហើយ។
ទោះជាយ៉ាងណា នៅប្រទេសបារាំងក៏មានសាធារណមតិជាច្រើនបានសម្ដែងការគាំទ្រ និងជួយជំរុញឲ្យរដ្ឋាភិបាលបារាំងយកចិត្តទុកដាក់ចំពោះការទាមទារឯករាជ្យរបស់ព្រះអង្គយ៉ាងផុលផុសដែរ។ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ១៩៥៣ កាសែត “ឡឺហ្វីការ៉ូ” របស់បារាំង បានចុះផ្សាយអត្ថបទជាស្នាដៃអ្នកនិពន្ធបារាំងដ៏ល្បីឈ្មោះ ហ្ស៊ក ឌុយហាបែល ជាសមាជិកបណ្ឌិតសភាបារាំង ដោយមានខ្លឹមសារថា ការសម្រេចព្រះទ័យរបស់ព្រះមហាក្សត្រខ្មែរកាលពីពេលយាងទៅទីក្រុងបាងកក ប្រទេសថៃ ដែលមតិខ្លះចាត់ទុកថាជាការបង្កបញ្ហានៅឥណ្ឌូចិន ឬជាលទ្ធផលនៃចិត្តសាវា និងការរវើរវាយរបស់ស្ដេចវ័យក្មេងនោះ គឺសុទ្ធតែជាការយល់ខុសទាំងស្រុង ហើយអ្វីដែលអ្នកសង្កេតការណ៍មួយចំនួនសង្ឃឹមថានឹងកើតឡើងដូចការសន្និដ្ឋាននោះ គឺមិនអាចកើតមានឡើយ។
នៅក្នុងខែមិថុនា ឆ្នាំ១៩៥៣ ព្រះមហាក្សត្រសីហនុ បានបង្កើតតំបន់ស្វយ័តមួយដែលរួមមានខេត្តសៀមរាប បាត់ដំបង និងកំពង់ធំ ដោយយកទីក្រុងសៀមរាបធ្វើជាបញ្ជាការដ្ឋាន ដើម្បីគ្រប់គ្រងតំបន់នោះ។ នៅទីក្រុងសៀមរាប ព្រះអង្គបានប្រកាសជាសាធារណៈថា ព្រះអង្គនឹងយាងត្រឡប់ចូលរាជធានីភ្នំពេញវិញ នៅថ្ងៃណាដែលបារាំងយល់ព្រមផ្ទេរសិទ្ធិកាន់កាប់វិស័យកងទ័ព រដ្ឋបាល និងសេដ្ឋកិច្ច មកឲ្យរដ្ឋាភិបាលរបស់ព្រះអង្គ។ នៅទីក្រុងសៀមរាប ដដែល នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ១៩៥៣ ព្រះអង្គបានរុះរើផ្លាស់ប្ដូរសមាសភាពគណៈរដ្ឋមន្ត្រីជាថ្មីម្ដងទៀត។ ក្នុងនោះ ព្រះអង្គនៅតែគង់ជានាយករដ្ឋមន្ត្រីដដែល លោក ប៉ែន នុត ជាឧបនាយករដ្ឋមន្ត្រី-រដ្ឋមន្ត្រីហិរញ្ញវត្ថុ កីឡា យុវជន និងអប់រំមូលដ្ឋាន រីឯលោក សម សារី (ឪពុកសម រង្ស៊ី) ជារដ្ឋមន្ត្រីអប់រំជាតិ។ 
នៅទីក្រុងសៀមរាប ព្រះមហាក្សត្រសីហនុ បានប្រជុំយ៉ាងសម្ងាត់បំផុតជាមួយលោក ប៉ែន នុត និងលោក សឺន សាន សូម្បីតែលោក ញឹក ជូឡុង និងលោក លន់ នល់ ដែលបានចូលរួមក្នុងការទាមទារឯករាជ្យ ក៏ពុំត្រូវបានអនុញ្ញាតឲ្យដឹងដែរ។ ព្រះអង្គបានត្រាស់បង្គាប់ឲ្យលោក ប៉ែន នុត និងលោក សឺន សាន រៀបចំព្រះរាជប្រកាសមួយ ដើម្បីអំពាវនាវឲ្យរាជរដ្ឋាភិបាល និងប្រជារាស្ត្រខ្មែរទូទាំងប្រទេស ចូលរួមក្នុងព្រះរាជបូជនីយកិច្ចនេះឲ្យបានគ្រប់ៗគ្នា និងតាមមធ្យោបាយរៀងៗខ្លួន។ ក្នុងការតាក់តែងព្រះរាជប្រកាសនេះ លោក ប៉ែន នុត និងលោក សឺន សាន បានព្យាយាមវាយអត្ថបទដោយខ្លួនឯង។ ដោយពុំសូវស្ទាត់ជំនាញ ពួកគាត់បានរកស្មៀននៅសាលាខេត្តម្នាក់ដែលមានជំនាញវាយអង្គុលីលេខមកជួយ ដើម្បីឲ្យទាន់សភាពការណ៍។ ស្មៀនរូបនោះត្រូវស្បថរក្សាការសម្ងាត់ទាំងស្រុង។ ក្រោយពីត្រួតពិនិត្យ និងឡាយព្រះហស្តលេខាលើព្រះរាជប្រកាសរួច ព្រះមហាក្សត្រសីហនុបានឲ្យលោក សឺន សាន ប្រញាប់យកឯកសារសម្ងាត់នោះទៅថ្វាយមាតាបិតាព្រះអង្គ និងទៅជូនរាជរដ្ឋាភិបាលនៅភ្នំពេញ ដែលពេលនោះមានលោក ស៊ឹម វ៉ា រដ្ឋមន្ត្រីក្រសួងការពារជាតិ ជានាយករដ្ឋមន្ត្រីស្ដីទី ដើម្បីចាត់ការតាមព្រះរាជប្រកាសនេះ។ ពេលក្រាបបង្គំលាព្រះមហាក្សត្រសីហនុ ចេញដំណើរទៅភ្នំពេញ លោក សឺន សាន ក៏បានឆ្លៀតឱកាសទូលសុំការសន្ដោសប្រោសប្រណីលើកលែងទោសដល់មន្ត្រីគណបក្សប្រជាធិបតេយ្យមួយចំនួនដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ (គុកធំ) នៅក្រោយវត្តឧណ្ណាលោម។ ពេលនោះ ព្រះអង្គបានសម្រេចព្រះទ័យដោះលែងមន្ត្រីគណបក្សប្រជាធិបតេយ្យទាំងអស់ឲ្យមានសេរីភាពវិញ តាមការទូលសុំរបស់លោក សឺន សាន ដោយគ្មានស្ទាក់ស្ទើរឡើយ។
ក្រោយពីមានព្រះរាជប្រកាសអំពាវនាវនោះមក ចាប់ពីចុងខែមិថុនា ដល់ចុងខែកក្កដា ឆ្នាំ១៩៥៣ នាយទាហាន ៥ នាក់បាននាំពលទាហាន ៦០០ នាក់រត់ចេញពីអង្គភាពកងទ័ពបារាំង ធ្វើដំណើរទៅខេត្តសៀមរាប ដើម្បីចូលរួមជាមួយព្រះអង្គក្នុងការទាមទារឯករាជ្យ។ ក្រោយពីមានទាហានខ្មែររត់ចេញពីអង្គភាពកងទ័ពបារាំង បារាំងក៏បានដកនាយទាហានជាជនជាតិបារាំងរបស់ពួកគេចេញពីមេបញ្ជាការកងវរសេនាតូចខ្មែរទាំងអស់ ដើម្បីបញ្ចៀសការរំជើបរំជួល និងការរត់ចោលអង្គភាពបន្តទៀត។ ជាមួយគ្នានេះ បារាំងក៏បានបញ្ជូនកងទ័ពជើងគោក ៣ កងវរសេនាតូច និងកងរថក្រោះ ៣ កងទៀតចូលមកកម្ពុជា ដើម្បីត្រៀមទប់ទល់នឹងសភាពការណ៍អាក្រក់ដែលអាចកើតឡើង។ ការពិត បារាំងមិនសូវភ័យខ្លាចសកម្មភាពទាមទារឯករាជ្យរបស់ព្រះមហាក្សត្រសីហនុប៉ុន្មានទេ តែអ្វីដែលបារាំងប្រុងប្រយ័ត្នបំផុត គឺខ្លាចពួកវៀតមិញឆ្លៀតឱកាសបើកការវាយប្រហារទ្រង់ទ្រាយធំ។ តែពេលនោះ ពួកវៀតមិញមិនបានធ្វើសកម្មភាពអ្វីគួរឲ្យព្រួយបារម្ភឡើយ។
ផ្ទុយទៅវិញ នៅទីក្រុងភ្នំពេញបែរជាមានបញ្ហាតានតឹង ដោយសារកងទ័ពក្រោមបញ្ជារបស់អតីតមេឥស្សរៈ ពុត ឆាយ ដែលទើបចុះចូលជាមួយព្រះមហាក្សត្រ បានបង្កការប្រកាន់ពូជសាសន៍ជាមួយកងទ័ពបារាំង (អាហ្វ្រិក)។ នៅពាក់កណ្ដាលខែសីហា ឆ្នាំ១៩៥៣ កងទ័ពរបស់ ពុត ឆាយ បានសម្លាប់មន្ត្រីកងអាវុធហត្ថបារាំងម្នាក់ និងស្មៀនខ្មែរម្នាក់ទៀត។ លើសពីនេះ ពួកគេបានបោះគ្រាប់បែកចូលក្នុងរង្គសាលមួយដែលមានទាហានបារាំង (អាហ្វ្រិក) ចូលរាំកម្សាន្ត បណ្ដាលឲ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់។
នៅពេលព្រះមហាក្សត្រសីហនុបង្កើនព្រះរាជសកម្មភាពទាមទារឯករាជ្យកាន់តែខ្លាំង បារាំងបានតែងតាំងឧត្តមសេនីយ៍ ដឺឡង់ក្លាដ (Delanglade) ឲ្យធ្វើជាអគ្គមេបញ្ជាការនៅកម្ពុជា។ កាលពីឆ្នាំ១៩៤៨ ព្រះមហាក្សត្រសីហនុបានយាងទៅសិក្សាយោធានៅសាលាសូមៀរ ប្រទេសបារាំង ហើយពេលនោះ ព្រះអង្គគឺជាសិស្សសំណព្វរបស់ឧត្តមសេនីយ៍ ដឺឡង់ក្លាដ នេះផងដែរ។ ដូច្នេះ ព្រះអង្គត្រូវស្ថិតក្នុងស្ថានភាពប្រឈមរវាងគ្រូនិងសិស្ស។ តែព្រះអង្គបានរិះរកគ្រប់មធ្យោបាយដើម្បីទប់ទល់នឹងអតីតគ្រូបង្ហាត់បង្រៀនក្បួនយុទ្ធសាស្ត្ររបស់ព្រះអង្គកាលពី ៤ ឆ្នាំមុននោះ ដោយសន្តិវិធី។
ចំណែកព្រះអង្គម្ចាស់ស៊ីសុវត្ថិ មុនីរ៉េត និងព្រះអង្គម្ចាស់ស៊ីសុវត្ថិ មុនីពង្ស ដែលជាព្រះបិតុលារបស់ព្រះអង្គ និងពុំមានតំណែងក្នុងជួររាជរដ្ឋាភិបាលនោះ មិនត្រឹមតែមិនគាំទ្រព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យរបស់ព្រះអង្គទេ បែរជាប្រកាន់ជំហរឈរខាងបារាំងទៅវិញ។ ព្រះអង្គម្ចាស់មុនីរ៉េត ដែលជាអតីតសិស្សនាយទាហាននៅសាលាបារាំងផងដែរ បានសើចចំអកចំពោះចំណេះដឹងក្បួនយុទ្ធសាស្ត្ររបស់ព្រះមហាក្សត្រសីហនុ ដោយវាយតម្លៃថាកងទ័ពរបស់ព្រះអង្គសុទ្ធតែជាកងទ័ពថ្មីៗ ពុំមានសមត្ថភាពវិជ្ជាជីវៈប្រយុទ្ធ ហើយនៅខ្សោយជាងកងទ័ពបារាំង ដែលជាមិត្តភក្កិរបស់ទ្រង់ឆ្ងាយណាស់។
នៅដើមខែវិច្ឆិកា ឆ្នាំ១៩៥៣ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក រីឆាដ និចសុន (Richard Nixon) ព្រមទាំងភរិយា លោកស្រី ប៉ាត និចសុន (Pat Nixon) និងកូនស្រីតូចអាយុប្រហែល ១០ ឆ្នាំ បានអញ្ជើញមកបំពេញទស្សនកិច្ចនៅរាជធានីភ្នំពេញ។ លោក រីឆាដ និចសុន ពុំបានថ្លែងអ្វីពីបញ្ហាទាមទារឯករាជ្យរវាងព្រះមហាក្សត្រ និងបារាំងដែលកំពុងប្រឈមមុខដាក់គ្នាឡើយ តែលោកបានពាំនាំនូវសមានចិត្ត និងការកោតសរសើរពីសំណាក់ប្រធានាធិបតីអាមេរិក លោក វ៉ៃត៍ អាយសិនហាវឺរ (Dwight D. Eisenhower) និងពលរដ្ឋអាមេរិក មកថ្វាយព្រះអង្គយ៉ាងកក់ក្ដៅបំផុត ហើយលោកក៏បានថ្វាយរូបថតប្រធានាធិបតីអាមេរិក អាយសិនហាវឺរ ដល់ព្រះមហាក្សត្រសីហនុផងដែរ។
អំឡុងពេលនោះ កាសែតជាច្រើននៅលើពិភពលោក ពិសេសនៅបារាំង និងសហរដ្ឋអាមេរិក បានចុះផ្សាយអត្ថបទប្រមាថមើលងាយព្រះមហាក្សត្រសីហនុថា ព្រះអង្គបានក្លាយជាមនុស្សឆ្កួតហើយ ការរំខានដល់មនុស្សឆ្កួតគឺជាអំពើមិនល្អ។ ជាពិសេស ពេលព្រះអង្គប្រកាសបង្កើតកងជីវពលនារីក្លាហានដែលមានកាំភ្លើងឈើ និងកាំបិតពូថៅត្រៀមប្រយុទ្ធជាមួយកងទ័ពបារាំង កាសែតមួយបានចុះផ្សាយថា ព្រះអង្គឆ្កួតហើយ ដែលធ្វើឲ្យព័ត៌មាននេះរីករាលដាលខ្លាំង។ តែការពិត ចាប់ពីរាជធានីភ្នំពេញ និងទីរួមខេត្ត រហូតដល់តំបន់ជនបទដាច់ស្រយាល ប្រជារាស្ត្រព្រះអង្គទាំងក្មេងចាស់ប្រុសស្រីបានស្លៀកពាក់ខោអាវពណ៌គគីរ ហ្វឹកហាត់ក្បួនយុទ្ធសាស្ត្រតាមផ្លូវសាធារណៈ ដោយប្រើកាំភ្លើងឈើជាអាវុធពិតប្រាកដ។ ទស្សនាវដ្តី ”ប៉ារីសម៉ាត់” របស់បារាំងបានចុះផ្សាយថា ព្រះមហាក្សត្រសីហនុប្រៀបដូចជាសត្វគួរឲ្យខ្លាច និងបានចោទប្រកាន់ព្រះអង្គយ៉ាងអយុត្តិធម៌ថា បានលក់កាំភ្លើងឈើឲ្យកងជីវពលនារីក្លាហានក្នុងតម្លៃថ្លៃបំផុត។ តែការពិត កាំភ្លើងឈើទាំងនោះគឺកងជីវពលខ្លួនឯង ឬអ្នកភូមិវ័យចំណាស់បានយកដុំឈើមកចាំងជារាងដូចកាំភ្លើងពិត នៅនឹងកន្លែងរៀងៗខ្លួន ដោយពុំបានទិញដូរឡើយ។ 
លិខិតលេខ ២៧៥៦ / C ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ១៩៥៣ របស់អគ្គបញ្ជាការកងទ័ពបារាំងប្រចាំកម្ពុជា ឧត្តមសេនីយ៍ ដឺឡង់ក្លាដ (Delanglade) ផ្ញើជូនឧបនាយករដ្ឋមន្ត្រី ប៉ែន នុត មានខ្លឹមសារបញ្ជាក់ថា ក្រោយពីការផ្ទេរអំណាចខាងតុលាការ ប៉ូលិស និងសន្តិសុខ តួនាទីទាំងអស់របស់កងអាវុធហត្ថបារាំងនឹងត្រូវបញ្ចប់។ ក្រោយមកទៀត ពិធីសារនៃការផ្ទេរអំណាចយោធា ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ១៩៥៣ បានចែងថា រដ្ឋាភិបាលនៃសាធារណរដ្ឋបារាំងបានសម្រេចផ្ទេរអំណាចទាំងអស់ក្នុងវិស័យយោធា មកឲ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាយ៉ាងពេញលេញក្នុងអធិបតេយ្យជាតិរបស់ខ្លួន រួមទាំងកងឯកភាពទាំងឡាយផងដែរ។
នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ប្រជារាស្ត្រដែលរស់នៅតាមតំបន់ដែលក្បួនព្រះទីនាំងរថយន្តរបស់ព្រះមហាក្សត្រត្រូវឆ្លងកាត់ពីខេត្តសៀមរាបមកភ្នំពេញ ដែលមានចម្ងាយប្រមាណ ៣០០ គីឡូម៉ែត្រ បាននាំគ្នារង់ចាំទទួលស្វាគមន៍ដោយក្ដីគារវភក្ដីបំផុត ចំពោះព្រះរាជដំណើរព្រះអង្គយ៉ាងអធិកអធម ក្រោមសម្រែកជ័យឃោសយ៉ាងកងរំពងថា «ជយោ! ព្រះមហាក្សត្រ! ជយោ! ព្រះមហាក្សត្រ!»។ លុះមកដល់ក្នុងព្រះបរមរាជវាំង ព្រះសង្ឃរាប់រយអង្គបានសូត្រជយន្តោប្រសិទ្ធពរជ័យថ្វាយព្រះអង្គយ៉ាងខ្ទរខ្ទារ។ ព្រឹកឡើងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ឧត្តមសេនីយ៍ ដឺឡង់ក្លាដ (Delanglade) បានចូលរួមជាអធិបតីជាមួយព្រះមហាក្សត្រខ្មែរ ក្នុងពិធីផ្ទេរអំណាចយោធាមកឲ្យកម្ពុជាវិញ ដោយមានក្បួនព្យុហយាត្រារបស់កងជីវពលនារីក្លាហានក្នុងឯកសណ្ឋានពណ៌គគីរ ប្រមាណ ១០០០ នាក់មកពីគ្រប់ទិសទីក្នុងព្រះរាជាណាចក្រកម្ពុជាយ៉ាងគគ្រឹកគគ្រេង។
ក្រោយថ្ងៃធ្វើពិធីប្រកាសឯករាជ្យបានពីរ សប្តាហ៍ គឺនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ព្រះមហាក្សត្រសីហនុបានរៀបចំរដ្ឋាភិបាលថ្មីមួយ។ ក្នុងនោះ លោក ចាន់ ណាក (អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ឆ្នាំ១៩៥០) ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រី-រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងព័ត៌មាន។ លោក សុន វ៉ឺនសៃ (អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់គណបក្សប្រជាធិបតេយ្យឆ្នាំ១៩៤៧) ជានាយករដ្ឋមន្ត្រីស្តីទី ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី-រដ្ឋមន្ត្រីសន្តិសុខជាតិ។ ការតែងតាំងនេះ ដោយសារលោក សុន វ៉ឺនសៃ បានបង្ហាញភាពស្មោះត្រង់ ដោយរាយការណ៍រឿងលួចបញ្ចេញអាវុធ គ្រាប់រំសេវ និងថ្នាំពេទ្យតាមបញ្ជាមេដឹកនាំគណបក្សប្រជាធិបតេយ្យ ទៅឲ្យចលនាតស៊ូរបស់ សឺង ង៉ុកថាញ់ ពេលលោកធ្វើជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងការពារជាតិពីខែតុលា ឆ្នាំ១៩៥១ ដល់ខែមិថុនា ឆ្នាំ១៩៥២។ រដ្ឋមន្ត្រីដទៃទៀតរួមមាន លោក ហាក់ ម៉ុងសេង ជារដ្ឋមន្ត្រីក្រសួងការបរទេស លោក ឃឹម ទិត ជារដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ឡៅ ប៊ុនប៉ា ជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក យ៉ែម សំបូរ ជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ព្រះអង្គម្ចាស់នរោត្តម ម៉ុងតាណា ជារដ្ឋមន្ត្រីក្រសួងសាធារណសិក្សា កីឡា និងយុវជន លោក ឃួន ណៃ ជារដ្ឋមន្ត្រីក្រសួងសុខាភិបាល សង្គមកិច្ច និងការងារ លោក នាល ផ្លែង ជារដ្ឋមន្ត្រីក្រសួងសាធារណការ និងទូរគមនាគមន៍ លោក សម ញាណ ជារដ្ឋមន្ត្រីក្រសួងធម្មការ វិចិត្រសិល្បៈ និងពុទ្ធិកសិក្សា លោក ម៉ៅ ចយ ជារដ្ឋមន្ត្រីក្រសួងកិច្ចការកសិករ លោក ប្រាក់ សារិន ជាអនុរដ្ឋលេខាធិការអមទីស្តីការគណៈរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មាន សារព័ត៌មាន និងឃោសនាការ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ឥស្សារ៉ូ ជាអនុរដ្ឋលេខាធិការអប់រំជាតិទទួលបន្ទុកអប់រំមូលដ្ឋាន យុវជន និងកីឡា និងព្រះអង្គម្ចាស់នរោត្តម វិរិយ៉ា ជាអនុរដ្ឋលេខាធិការមហាផ្ទៃទទួលបន្ទុកនគរបាល៕ សិក្សាស្រាវជ្រាវដោយ៖ ឈឹម សេរីភួន។
