កុមារី៧ឆ្នាំម្នាក់រងរបួសធ្ងន់ធ្ងរ ក្រោយត្រូវឆ្កែ៥ក្បាលព្រួតខាំនៅកោះកុង! ម្ចាស់ឆ្កែចេញមុខទទួលខុសត្រូវហើយ

កុមារី៧ឆ្នាំម្នាក់រងរបួសធ្ងន់ធ្ងរ ក្រោយត្រូវឆ្កែ៥ក្បាលព្រួតខាំនៅកោះកុង! ម្ចាស់ឆ្កែចេញមុខទទួលខុសត្រូវហើយ

កោះកុង៖ កុមារីម្នាក់អាយុ៧ឆ្នាំ ត្រូវបានសត្វឆ្កែចំនួន៥ក្បាលព្រួតគ្នាខាំបណ្ដាលឱ្យរងរបួសធ្ងន់ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ គ្រាដែលនាងកំពុងដើរត្រលប់មកពីសាលារៀន។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅត្រង់ចំណុចក្នុងដីចម្ការរបស់លោក លិ អ៊ូលៀង ដែលត្រូវជាម្ចាស់សត្វឆ្កែទាំងនោះ ស្ថិតក្នុងស្រុកកោះកុង ខេត្តកោះកុង។

លោកវរសេនីយ៍ទោ ស្រ៊ីន សុខលីន អធិការនគរបាលស្រុកកោះកុង បានបញ្ជាក់ប្រាប់នៅរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះថា គិតមកទល់ពេលនេះ ម្ចាស់សត្វឆ្កែទាំង៥ក្បាលខាងលើ បានចូលខ្លួនទៅដោះស្រាយ និងទទួលខុសត្រូវរាល់ការចំណាយថ្លៃព្យាបាលរបស់កុមារីរងគ្រោះឈ្មោះ ឌី ដានីន អាយុ៧ឆ្នាំ នៅមន្ទីរពេទ្យបង្អែកខេត្ត រួចរាល់ទាំងស្រុងហើយ។

លោកអធិការនគរបាលស្រុកកោះកុង បានបន្តទៀតថា ក្រៅពីការចេញមុខទទួលខុសត្រូវចំពោះកុមារីរងគ្រោះ សមត្ថកិច្ចក៏បានណែនាំឱ្យម្ចាស់សត្វឆ្កែទាំងនោះ បង្ខាំងពួកវាទុកឱ្យបានត្រឹមត្រូវ ដោយមិនត្រូវលែងឱ្យដើរពាសវាលពាសកាលទៀតឡើយ។ ជាមួយគ្នានេះ ក៏តម្រូវឱ្យធ្វើកិច្ចសន្យាបញ្ឈប់មិនឱ្យមានករណីឆ្កែខាំមនុស្សណាម្នាក់ជាលើកទី២បានកើតឡើងទៀតផង។ បច្ចុប្បន្នកុមារីរងគ្រោះកំពុងទទួលបានការយកចិត្តទុកដាក់ពិនិត្យ និងព្យាបាលយ៉ាងខ្លាំងក្លាពីក្រុមគ្រូពេទ្យ និងអាជ្ញាធរសមត្ថកិច្ចទាំងថ្នាក់ស្រុក-ខេត្ត។

ឪពុករបស់កុមារីរងគ្រោះមានឈ្មោះ ជួង ឌីណា អាយុ៣៥ឆ្នាំ និងម្ដាយឈ្មោះ ឃាង សុខលាប អាយុ៣៤ឆ្នាំ អ្នកទាំងពីរមានមុខរបរជាកម្មករចៀរជ័រកៅស៊ូ ហើយបច្ចុប្បន្នកំពុងស្នាក់នៅក្នុងដីចម្ការរបស់លោក លិ អ៊ូលៀង ដែលជាម្ចាស់សត្វឆ្កែនេះតែម្ដង។

administrator

Related Articles