ប្រទេសសិង្ហបុរីត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ប្រាក់ឧបត្ថម្ភដល់ប្រជាពលរដ្ឋពេញវ័យប្រមាណ ៣ លាននាក់នៅខែក្រោយនេះ ដើម្បីជួយសម្រាលបន្ទុកជីវភាពដែលកំពុងកើនឡើងខ្ពស់។
ជំនួយសាច់ប្រាក់នេះ ត្រូវបានរាយការណ៍ដោយ VN Express កាលពីថ្ងៃអាទិត្យ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា នឹងមានចាប់ពី ១០០ ទៅ ៦០០ ដុល្លារសិង្ហបុរី (ស្មើនឹង ៧៧ ទៅ ៤៦១ ដុល្លារអាមេរិក)។ ចំនួនទឹកប្រាក់ដែលទទួលបានគឺអាស្រ័យលើលក្ខណៈវិនិច្ឆ័យមួយចំនួន ដូចជា ចំនួនអចលនទ្រព្យដែលបុគ្គលម្នាក់ៗកាន់កាប់ និងកម្រិតប្រាក់ចំណូល។
ជាឧទាហរណ៍ ប្រជាពលរដ្ឋដែលមានអចលនទ្រព្យច្រើន ឬមានប្រាក់ចំណូលលើសពី ១០ ម៉ឺនដុល្លារសិង្ហបុរីក្នុងមួយឆ្នាំ នឹងទទួលបាន ១០០ ដុល្លារសិង្ហបុរី។ រីឯអ្នកដែលមានប្រាក់ចំណូល ៣៩ ០០០ ដុល្លារសិង្ហបុរី ឬតិចជាងនេះ នឹងទទួលបានទឹកប្រាក់អតិបរមា ៦០០ ដុល្លារសិង្ហបុរី។
ទោះជាយ៉ាងណា ដើម្បីមានសិទ្ធិទទួលបានជំនួយនេះ ប្រជាពលរដ្ឋត្រូវតែមានអាយុចាប់ពី ២១ ឆ្នាំឡើងគិតត្រឹមឆ្នាំ២០២៦ ហើយត្រូវតែជាពលរដ្ឋដែលរស់នៅក្នុងប្រទេសសិង្ហបុរី។
ការផ្តល់ប្រាក់ឧបត្ថម្ភនេះ គឺជាផ្នែកមួយនៃកញ្ចប់ធានារ៉ាប់រងដ៏ធំរបស់ប្រទេសសិង្ហបុរី ដែលត្រូវបានបញ្ចូលក្នុងកញ្ចប់ថវិកាឆ្នាំ២០២៣ ដោយមានគោលបំណងគាំទ្រដល់ក្រុមគ្រួសារដែលមានប្រាក់ចំណូលទាបទៅមធ្យម។
អត្ថបទ៖ សុខ សុវណ្ណ
