ទីបំផុត អតីតមេបញ្ជាការភូមិភាគ២ថៃ លោក Boonsin Padklang បានចេញមុខសារភាពដោយត្រង់ៗហើយថា រូបលោកពិតជាបានផ្គើននឹងបញ្ជារបស់រដ្ឋាភិបាលទីក្រុងបាងកក ដែលបានបង្គាប់ឱ្យបញ្ឈប់ការបាញ់ប្រហារកាលពីជម្លោះព្រំដែនជាមួយកម្ពុជា កាលពីខែកក្កដាកន្លងទៅ។
ថ្លែងក្នុងសិក្ខាសាលាមួយនៅខេត្ត Nakhon Pathom បុរសដែលត្រូវបានគេចាត់ទុកថាជាអ្នកអុជបញ្ឆេះសង្គ្រាមជាមួយកម្ពុជារូបនេះ បានបញ្ជាក់ថា រូបលោកផ្ទាល់ជាអ្នកបដិសេធមិនព្រមស្តាប់តាមបញ្ជារបស់រដ្ឋាភិបាល ដែលបានណែនាំឱ្យភូមិភាគ២ត្រូវបញ្ឈប់ការប្រយុទ្ធនោះទេ ដោយសារតែរូបលោកផ្ទាល់ចង់បានទឹកដីមកវិញ។
យោងតាមការចុះផ្សាយរបស់កាសែត The Nation កាលពីថ្ងៃអាទិត្យ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក Boonsin បានសារភាពថា៖ «ប្រាំមួយម៉ោងដំបូង នៅថ្ងៃទីមួយនៃការប៉ះទង្គិចគ្នា ថ្នាក់លើបានបញ្ជាឱ្យខ្ញុំឈប់ ប៉ុន្តែខ្ញុំជំទាស់ ហើយស្នើទៅមេបញ្ជាការផ្ទាល់របស់ខ្ញុំ សុំបន្តការប្រយុទ្ធ។ នេះក៏ព្រោះតែខ្ញុំចង់ទាមទារយកទឹកដីមកវិញ ប៉ុន្តែបុគ្គលនោះ (មិនបញ្ចេញឈ្មោះ) បានប្រាប់ឱ្យខ្ញុំឈប់។ បើធ្វើតាមបញ្ជា នោះនឹងស្មើទោសប្រហារជីវិតសម្រាប់ពួកគេ»។
សូមរំលឹកផងដែរថា កងទ័ពកម្ពុជា-ថៃ បានបើកការប្រយុទ្ធគ្នាយ៉ាងក្តៅគគុក នៅថ្ងៃទី២៤ ខែកក្កដា។ បន្ទាប់ពីការប្រយុទ្ធគ្នាអស់រយៈពេលបួនថ្ងៃ ប្រទេសទាំងពីរបានឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់គ្នាដោយគ្មានលក្ខខណ្ឌ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលសម្របសម្រួលដោយភាគីម៉ាឡេស៊ី និងសហរដ្ឋអាមេរិក។
