ភ្នំពេញ៖ ជនជាតិចិនម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយនគរបាលការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវ និងឈានទៅឃាត់ខ្លួនបានដោយជោគជ័យ បន្ទាប់ពីជនសង្ស័យរូបនេះ បានធ្វើសកម្មភាពគាស់ផ្ទះលោកវេជ្ជបណ្ឌិតម្នាក់ និងបំបែកទូដែក លួចយកប្រាក់សុទ្ធ រួមទាំងគ្រឿងអលង្ការជាច្រើនសរុបជាទឹកប្រាក់រហូតដល់ ១១២.៤៥០ ដុល្លារអាមេរិក (មួយសែនមួយម៉ឺនពីរពាន់បួនរយហាសិបដុល្លារ)។ ករណីនេះ កើតឡើងកាលពីពីរថ្ងៃមុន ខណៈជនសង្ស័យបានរត់គេចខ្លួនមិនបានប៉ុន្មានផង ក៏ត្រូវជាប់អន្ទាក់សមត្ថកិច្ចតែម្តង។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន ត្រូវបានគេស្គាល់ឈ្មោះ ចាង ទៀន វៃ (Zhang Dian Wei) ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EP2843056។ បុរសរូបនេះមានមុខរបរលក់បាយ និងស្នាក់នៅផ្ទះលេខ ៣៣ ក្នុងបុរី ជីប ម៉ុង លែនពោធិ៍ចិនតុង ផ្លូវ ១១៣K ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ចំណែកជនរងគ្រោះវិញ គឺលោកវេជ្ជបណ្ឌិត ឥន សម្ភាវិត ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាវេជ្ជបណ្ឌិត និងមានទីលំនៅបច្ចុប្បន្ននៅផ្ទះលេខ ៣៥ ក្នុងបុរី ជីប ម៉ុង លែនពោធិ៍ចិនតុង ផ្លូវ ១១៣K ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលជាផ្ទះនៅជាប់របងផ្ទះជនសង្ស័យតែម្ដង។

លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមគ្រួសាររបស់លោកវេជ្ជបណ្ឌិតរងគ្រោះ បានធ្វើដំណើរទៅលេងកម្សាន្តនៅខេត្តមណ្ឌលគិរី និងបានសម្រាកនៅទីនោះមួយយប់។ លុះមកដល់វេលាម៉ោងប្រហែល ៤:៣០ នាទីព្រឹក ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ទើបក្រុមគ្រួសារលោកវេជ្ជបណ្ឌិតត្រឡប់មកដល់ផ្ទះវិញ ស្រាប់តែប្រទះឃើញទ្វារផ្ទះរបស់ខ្លួនបើកចំហរ ខណៈសម្ភារៈនៅក្នុងផ្ទះត្រូវបានរុះរើខ្ទេចខ្ទី និងទូដែកសម្រាប់ទុកគ្រឿងអលង្ការក៏ត្រូវបានចោរគាស់បំបែកយកលុយ និងសម្ភារៈអស់ពីក្នុងទូ។

លោកអធិការបានបន្តទៀតថា ក្នុងសកម្មភាពនោះ ជនសង្ស័យបានលួចយកប្រាក់ និងគ្រឿងអលង្ការជាច្រើនរួមមាន៖ ប្រាក់ដុល្លារប្រហែល ៤៥.០០០ ដុល្លារ, ចិញ្ចៀនពេជ្រ ៣វង់ គិតជាប្រាក់ ១១.៥០០ ដុល្លារ, ខ្សែដៃពេជ្រ ២ខ្សែ ១១.០០០ ដុល្លារ, ខ្សែដៃមាស ២ខ្សែ (ទម្ងន់ ១តម្លឹង) ៥.៥០០ ដុល្លារ, ខ្សែ.កមាស ៤ខ្សែ (ទម្ងន់ ១តម្លឹងកន្លះ) ៨.២៥០ ដុល្លារ, ខ្សែ.កផ្លាទីន ២ខ្សែ (ទម្ងន់ ៤តម្លឹង) ១៦.០០០ ដុល្លារ, ចិញ្ចៀនមាស ១វង់ (ទម្ងន់ ៥ជី) ២.៣០០ ដុល្លារ, ចិញ្ចៀនផ្លាទីន ៣វង់ (ទម្ងន់ ៨ជី) ២.៥០០ ដុល្លារ, ចិញ្ចៀនត្បូងទន្ទឹម ១វង់ ៦០០ ដុល្លារ, កងដៃមាស ១កង (ទម្ងន់ ០.៨៨តម្លឹង) ២.៣០០ ដុល្លារ, ក្រវិលពេជ្រ ១គូ ៥.៥០០ ដុល្លារ និងកងដៃផ្លាទីន ២កង ២.០០០ ដុល្លារ។ សរុបទាំងអស់ជាទឹកប្រាក់ចំនួន ១១២.៤៥០ ដុល្លារអាមេរិក។

លោកវរសេនីយ៍ឯក ម៉ន វុធី បានបញ្ជាក់ថា បន្ទាប់ពីកើតហេតុ ជនរងគ្រោះបានដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី២។ អនុវត្តតាមបទបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ០៩:៣០ នាទីព្រឹក កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ន វុធី អធិការ បានសហការជាមួយនគរបាលការិយាល័យព្រហ្មទណ្ឌនៃស្នងការនគរបាលរាជធានីភ្នំពេញ រួមជាមួយលោកនាយប៉ុស្តិ៍ផងដែរ បានធ្វើការស្រាវជ្រាវឈានទៅឃាត់ខ្លួនជនសង្ស័យជនជាតិចិនខាងលើ ដែលស្នាក់នៅផ្ទះជាប់របងគ្នា។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពវាយបំបែកកញ្ចក់ទ្វារខាងក្រោយផ្ទះជនរងគ្រោះ ហើយចូលលួចសម្ភារៈ និងគ្រឿងអលង្ការពិតប្រាកដមែន។

ក្នុងនោះ សមត្ថកិច្ចក៏បាននាំខ្លួនជនសង្ស័យទៅចង្អុលបង្ហាញទីតាំងដែលខ្លួនបានលាក់ទុកសម្ភារៈដែលលួចបាន នៅក្នុងផ្ទះរបស់ខ្លួន រួមទាំងវត្ថុតាងមួយចំនួនទៀតដែលជនសង្ស័យបានប្រើប្រាស់ក្នុងការធ្វើសកម្មភាព និងបានយកទៅបោះចោលនៅចំណុចដីឡូត៍មួយកន្លែង ស្ថិតក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាងទាំងអស់ ត្រូវបានកម្លាំងជំនាញនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តន៍តាមនីតិវិធី។
