ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងនៅប្រទេសថៃ កាលពីរាត្រីថ្ងៃសៅរ៍ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយរថយន្តទេសចរណ៍មួយគ្រឿងដែលដឹកជនបរទេស៣៨នាក់ បានក្រឡាប់ បណ្តាលឱ្យមនុស្ស១២នាក់រងរបួស។

យោងតាមការចុះផ្សាយរបស់កាសែត The Nation គ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង៨:៥០នាទីយប់ លើផ្លូវហាយវ៉េ Lampang–Chiang Mai ត្រង់ចំណុចជម្រាលភ្នំក្នុងភូមិសាស្រ្តឃុំ Wiang Tan នៃស្រុក Hang Chat ខេត្ត Lamphun។ អាជ្ញាធរបានឱ្យដឹងថា រថយន្តរបស់ក្រុមហ៊ុន Srithawong មួយនេះ បានក្រឡាប់ដោយសារតែផ្លូវរអិលខ្លាំង បន្ទាប់ពីមានភ្លៀងធ្លាក់នៅចង្កេះភ្នំ Doi Khuntan។

ក្នុងចំណោមភ្ញៀវទេសចរបរទេសទាំងអស់ អ្នកដែលរងរបួសមានសញ្ជាតិឥណ្ឌា និងប៉ាគីស្ថានច្រើនជាងគេ ហើយពួកគេទាំងអស់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដែលនៅក្បែរនោះជាបន្ទាន់ ដើម្បីទទួលការសង្គ្រោះបឋម និងព្យាបាលបន្ត។
