អាវុធហត្ថខេត្តសៀមរាប បង្ក្រាបករណីលួចម៉ូតូ ឃាត់ខ្លួនជនសង្ស័យ៥នាក់ និងអំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្ន!

អាវុធហត្ថខេត្តសៀមរាប បង្ក្រាបករណីលួចម៉ូតូ ឃាត់ខ្លួនជនសង្ស័យ៥នាក់ និងអំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្ន!

ខេត្តសៀមរាប៖ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានទទួលបណ្តឹងផ្ទាល់មាត់ពីបងប្អូនប្រជាពលរដ្ឋ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩៦ អំពីករណីបាត់បង់ម៉ូតូ។ ភ្លាមៗនោះ កម្លាំងជំនាញនៃកងរាជអាវុធហត្ថខេត្ត បានចុះធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់។

រហូតដល់វេលាម៉ោង ២០:៣០នាទី ថ្ងៃខែដដែល សមត្ថកិច្ចបានកំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ០៤ នាក់ នៅចំណុចភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។

លុះព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ដដែល កម្លាំងជំនាញបន្តឃាត់ខ្លួនបក្ខពួកម្នាក់ទៀត បាននៅចំណុចភូមិវាល សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

ក្រោមវិធានការជំនាញ ជនសង្ស័យទាំង ០៥ នាក់ខាងលើ បានសារភាពដូចៗគ្នាថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូបានចំនួន ០២ លើក ពិតប្រាកដមែន។ លើកទី១ គឺនៅក្នុងអំឡុងខែតុលា ឆ្នាំ២០២៥ បានធ្វើសកម្មភាពលួចនៅសង្កាត់ក្របីរៀល និងលើកទី២ លួចនៅហាងស៊ប់អន្ទង់ ភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

បច្ចុប្បន្ន ជនសង្ស័យទាំង ០៥ នាក់ ត្រូវបានការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធី។

អាវុធហត្ថខេត្តសៀមរាប ក៏បានអំពាវនាវដល់បងប្អូនមហាជនទាំងអស់ សូមមេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះទ្រព្យសម្បត្តិមានតម្លៃផ្សេងៗ ជាពិសេសករណីទុកម៉ូតូចោលដោយធ្វេសប្រហែស ដែលអាចជាឱកាសឲ្យជនឆ្លៀតឱកាសធ្វើសកម្មភាពលួចយកទៅបាត់ដោយងាយស្រួល។

administrator

Related Articles