ព្យុះទីហ្វុង Fung-wong ដ៏កាចសាហាវ បានទៅដល់ប្រទេសហ្វីលីពីនហើយ កាលពីថ្ងៃសៅរ៍កន្លងទៅនេះ ដោយនាំមកនូវកម្លាំងខ្យល់បក់ខ្លាំង ១៨៥គីឡូម៉ែត្រក្នុងមួយម៉ោង និងខ្យល់កន្ត្រាក់រហូតដល់ ២៣០គីឡូម៉ែត្រក្នុងមួយម៉ោង។ គ្រោះធម្មជាតិដ៏ធំនេះ បានបង្ខំឱ្យមនុស្សជាង ៩០ម៉ឺននាក់ ត្រូវជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ខណៈជើងហោះហើររាប់រយជើងក៏ត្រូវបានផ្អាកផងដែរ។

យោងតាមការផ្សាយរបស់ BBC នៅថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា មហាព្យុះទីហ្វុងនេះ បានវាយប្រហារខេត្ត Aurora ពេញទំហឹងនៅម៉ោង ៩:១០នាទីយប់ថ្ងៃសៅរ៍។ ភ្លាមៗនោះ ព្យុះបានបណ្តាលឱ្យមនុស្ស ២នាក់បាត់បង់ជីវិតគួរឱ្យសោកស្តាយ។
ដោយសារតែឥទ្ធិពលដ៏សាហាវយង់ឃ្នងរបស់ព្យុះនេះ ប្រទេសហ្វីលីពីនបានចេញការព្រមានពីហានិភ័យនៃគ្រោះថ្នាក់ដល់ជីវិតរួចហើយ។ មិនតែប៉ុណ្ណោះ មានការព្យាករណ៍ថា ព្យុះ Fung-wong នឹងបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងក្លា រហូតឈានដល់ការបង្កើតជាទឹកជំនន់ និងបំណាក់ដីធ្ងន់ធ្ងរនៅតាមបណ្តាតំបន់នានា ជាពិសេសនៅតាមតំបន់ភ្នំផងដែរ។

ការមកដល់នៃព្យុះថ្មីនេះ ស្របពេលដែលប្រទេសហ្វីលីពីននៅមិនទាន់បានធូរស្រាលពេញលេញនៅឡើយពីផលប៉ះពាល់នៃព្យុះ Kalmaegi ដែលបានវាយប្រហារកាលពីដើមសប្តាហ៍មុន។ ព្យុះ Kalmaegi បានបណ្តាលឱ្យមនុស្ស ២២៤នាក់ស្លាប់ ជាពិសេសនៅខេត្ត Cebu។
ទោះបីជាព្យុះ Kalmaegi ត្រូវបានគេចាត់ទុកថាជាព្យុះដ៏សាហាវបំផុតប្រចាំឆ្នាំរួចទៅហើយក៏ដោយ ក៏គេនៅតែបន្តតាមដានយ៉ាងយកចិត្តទុកដាក់ថា តើព្យុះ Fung-wong ថ្មីនេះ នឹងក្លាយជាព្យុះដែលខ្លាំងជាង Kalmaegi និងបង្កការបំផ្លិចបំផ្លាញធំធេងកម្រិតណា។ ការសង្កេតបឋមបានបង្ហាញថា ព្យុះ Fung-wong មានទំហំធំជាងប្រទេសហ្វីលីពីនទៅទៀត ដែលជាការព្រួយបារម្ភយ៉ាងខ្លាំង។
