ទឹកជំនន់គំរាមកំហែងបាងកក! អាជ្ញាធរចេញសារប្រកាសអាសន្នឲ្យប្រជាជនត្រៀមខ្លួនជម្លៀស

ទឹកជំនន់គំរាមកំហែងបាងកក! អាជ្ញាធរចេញសារប្រកាសអាសន្នឲ្យប្រជាជនត្រៀមខ្លួនជម្លៀស

ទីក្រុងបាងកក រាជធានីដ៏មមាញឹករបស់ប្រទេសថៃ កំពុងស្ថិតក្នុងភាពតានតឹងយ៉ាងខ្លាំង ខណៈដែលហានិភ័យនៃគ្រោះទឹកជំនន់ធំមួយបានលេចចេញជារូបរាង។ អាជ្ញាធរថៃបានចេញសារព្រមានជាបន្ទាន់ ដោយជំរុញឲ្យប្រជាពលរដ្ឋរៀបចំខ្លួនប្រុងប្រយ័ត្នខ្ពស់ និងត្រៀមលក្ខណៈជម្លៀសជាយថាហេតុ។

មូលហេតុចម្បងដែលនាំឲ្យមានការព្រួយបារម្ភនេះ គឺដោយសារទំនប់វារីអគ្គិសនីចៅប្រាយ៉ា ក្នុងខេត្ត Chai Nat បានបង្កើនល្បឿនទម្លាយទឹកយ៉ាងគំហុក រហូតដល់កម្រិត ២ ៨០០ ម៉ែត្រគូបក្នុងមួយវិនាទី។ តួលេខដ៏ខ្ពស់នេះ ត្រូវបានគេរំពឹងថា នឹងបង្កឲ្យមានការជន់លិចធ្ងន់ធ្ងរ។

យោងតាមការចុះផ្សាយរបស់កាសែត Bangkok Post កាលពីថ្ងៃអាទិត្យ ទី៩ ខែវិច្ឆិកា ផលប៉ះពាល់នៃការទម្លាយទឹកដ៏សម្បើមនេះ មិនមែនមានតែទីក្រុងបាងកកនោះទេ ដែលត្រូវប្រឈមមុខនឹងគ្រោះទឹកជំនន់ធ្ងន់ធ្ងរ។ ខេត្តចំនួនពីរផ្សេងទៀតគឺ Pathum Thani និង Nonthaburi ក៏កំពុងស្ថិតក្នុងហានិភ័យដូចគ្នាដែរ។

ដោយមើលឃើញពីស្ថានភាពដ៏ប្រកៀកប្រកិត អាជ្ញាធរកំពុងតែតាមដានការវិវត្តយ៉ាងដិតដល់ និងបានព្រមានជាថ្មីដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេឲ្យបង្កើនការប្រុងប្រយ័ត្នជាប់ជានិច្ច ព្រមទាំងត្រៀមខ្លួនសម្រាប់ប្រតិបត្តិការជម្លៀស ប្រសិនបើចាំបាច់។

គួររំលឹកផងដែរថា កាលពីថ្ងៃសៅរ៍កន្លងទៅ ខេត្តថៃចំនួន ៧ រួចទៅហើយបានប្រកាសអាសន្នទឹកជំនន់កម្រិតក្រហម ដែលជាកម្រិតធ្ងន់ធ្ងរបំផុត។ ការប្រកាសអាសន្ននេះ កើតឡើងដោយសារទំនប់វារីអគ្គិសនីជាច្រើនមិនអាចទប់ទល់នឹងបរិមាណទឹកភ្លៀងដែលធ្លាក់ឥតឈប់ឈរ បណ្តាលមកពីឥទ្ធិពលព្យុះបន្តបន្ទាប់គ្នា។

យោងតាមទីភ្នាក់ងារអវកាស និងភូមិសាស្ត្រព័ត៌មានវិទ្យាជាតិនៃប្រទេសថៃ (GISTDA) ខេត្តទាំង ៧ រួមមាន Chainat, Singburi, Ang Thong, Suphanburi, Phra Nakhon Si Ayutthaya, Saraburi និង Pathum Thani សុទ្ធតែស្ថិតក្នុងស្ថានភាពអាសន្ន និងតម្រូវឲ្យមានការតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។

administrator

Related Articles