ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងកាលពីយប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយរថយន្តម៉ាក TOYOTA TACOMA មួយគ្រឿង បានបើកថយក្រោយជ្រុលទៅបុកចំរទេះលក់ភេសជ្ជៈដែលកំពុងឈប់លក់លើចិញ្ចើមផ្លូវ បណ្ដាលឱ្យមនុស្សចំនួន ៣នាក់រងរបួសធ្ងន់ស្រាល និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។
ករណីនេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ១០៖២០នាទីយប់ ស្ថិតនៅតាមបណ្ដោយផ្លូវ ៥១៦ កែងផ្លូវ ៣១៥ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ 
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើករថយន្តម៉ាក TOYOTA TACOMA ពាក់ផ្លាកលេខ ភ្នំពេញ 2BD-6042 ក្នុងស្ថានភាពថយក្រោយ ហើយបានជ្រុលទៅបុកយ៉ាងពេញទំហឹងទៅនឹងរទេះលក់ភេសជ្ជៈដែលចតនៅក្បែរចិញ្ចើមផ្លូវ បណ្ដាលឱ្យមានអ្នករងរបួសជាបន្តបន្ទាប់។ ក្រោយបង្កហេតុ ម្ចាស់រថយន្តបង្កបានព្យាយាមបើករត់គេចខ្លួន ប៉ុន្តែត្រូវបានប្រជាពលរដ្ឋដែលឃើញហេតុការណ៍ដេញតាមឃាត់បាន រួចនាំមកកន្លែងកើតហេតុវិញ។
បន្ទាប់ពីទទួលបានដំណឹង សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្ក រួមទាំងរទេះលក់ភេសជ្ជៈ ទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់ជាបន្តទៀត។
