តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ បានបង្ហាញសញ្ញាកើនឡើងវិញបន្តិចបន្តួច នៅថ្ងៃចន្ទ ទី១០ ខែវិច្ឆិកានេះ បន្ទាប់ពីមានក្ដីសង្ឃឹមយ៉ាងមុតមាំថា រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងបើកដំណើរការឡើងវិញក្នុងពេលឆាប់ៗនេះ។ ការវិលត្រឡប់មកវិញនៃដំណើរការរដ្ឋាភិបាលអាមេរិក ត្រូវបានគេរំពឹងថានឹងជំរុញតម្រូវការប្រេងឡើងវិញ បើទោះជាការផ្គត់ផ្គង់សកលលោកកំពុងមានការកើនឡើងក៏ដោយ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។

សម្រាប់តម្លៃប្រេងឆៅអនាគតម៉ាក Brent បានកើនឡើង ៤៧ សេន ឬ ០,៧៤% ឈានដល់ ៦៤,១០ ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងប្រមាណជាង ៩ ព្រឹក (ម៉ោងនៅទីក្រុងហុងកុង)។ រីឯតម្លៃប្រេងអាមេរិកម៉ាក West Texas Intermediate (WTI) វិញ ក៏បានកើនឡើង ៥០ សេន ឬ ០,៨៤% ដល់ ៦០,២៥ ដុល្លារក្នុងមួយបារ៉ែលផងដែរ។
គួរជម្រាបថា ការបិទទ្វាររដ្ឋាភិបាលសហរដ្ឋអាមេរិក បានអូសបន្លាយអស់រយៈពេល ៤០ ថ្ងៃហើយគិតត្រឹមថ្ងៃចន្ទនេះ ដែលនេះជាការបិទទ្វារដ៏យូរបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក។ បច្ចុប្បន្ន ព្រឹទ្ធសភាអាមេរិកកំពុងមមាញឹកក្នុងការរៀបចំការបោះឆ្នោតលើផែនការបើករដ្ឋាភិបាលឡើងវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ក្រុមអ្នកវិភាគទីផ្សារបានលើកឡើងថា ការបើករដ្ឋាភិបាលឡើងវិញ គឺជាសញ្ញាវិជ្ជមានដ៏ធំមួយ។ វានឹងជួយស្ដារប្រាក់ឈ្នួលដល់បុគ្គលិកសហព័ន្ធប្រមាណ ៨០០ ០០០ នាក់ ដែលនឹងជំរុញទំនុកចិត្ត សកម្មភាព និងការចំណាយរបស់អតិថិជនឡើងវិញ។ ទាំងអស់នេះនឹងរួមចំណែកជំរុញសកម្មភាពសេដ្ឋកិច្ច និងបង្កើនតម្រូវការប្រេងនៅលើទីផ្សារ។
ទោះជាយ៉ាងណាក៏ដោយ កំណើនតម្លៃប្រេងនៅថ្ងៃចន្ទនេះ នៅតែមានកម្រិតតិចតួចប៉ុណ្ណោះ បើប្រៀបធៀបនឹងការធ្លាក់ចុះជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ។ ការធ្លាក់ចុះនេះបណ្ដាលមកពីកង្វល់អំពីការកើនឡើងនៃការផ្គត់ផ្គង់ប្រេងសកល និងភាពតានតឹងពាណិជ្ជកម្មអន្តរជាតិ ដែលបង្កឱ្យមានការព្រួយបារម្ភពីភាពយឺតយ៉ាវនៃកំណើនសេដ្ឋកិច្ចពិភពលោក។
កាលពីសប្ដាហ៍មុន តម្លៃប្រេង Brent និង WTI បានធ្លាក់ចុះប្រហែល ២% បន្ទាប់ពីអង្គការនៃប្រទេសនាំចេញប្រេងកាត និងសម្ព័ន្ធមិត្ត (OPEC+) បានសម្រេចចិត្តបង្កើនការផលិតប្រេងនៅខែធ្នូ ប៉ុន្តែបានផ្អាកការបង្កើននេះនៅត្រីមាសដើមឆ្នាំ ដើម្បីទប់ស្កាត់ការផ្គត់ផ្គង់លើសពីតម្រូវការ។
