ភ្នំពេញ៖ បុរសម្នាក់បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈកំពុងធ្វើដំណើរត្រឡប់ពីកន្លែងការងារទៅផ្ទះវិញ។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង ៦ និង២០នាទីព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ត្រង់ចំណុចផ្លូវជាតិលេខ៥ ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក Today ពណ៌ខ្មៅលាយស ពាក់ផ្លាកលេខភ្នំពេញ 1AA-4690 ចេញពីធ្វើការក្នុងគោលបំណងទៅផ្ទះ។ លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍តែម្តង ដែលបណ្តាលឱ្យគាត់បាត់បង់ជីវិតភ្លាមៗ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ និងបានធ្វើការត្រួតពិនិត្យ ក៏ដូចជាឆែកមើលកាមេរ៉ាសុវត្ថិភាពតាមដងផ្លូវ ដើម្បីបញ្ជាក់ឱ្យច្បាស់ថា តើបុរសរងគ្រោះជួបគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯង ឬក៏ត្រូវរថយន្តបុកបណ្តាលឱ្យស្លាប់។

