អាជីវករឆ្នេរកែបព្រមទទួលកំហុសរឿងជួលតូប ៥០ដុល្លារ! ឯកភាពធ្វើកិច្ចសន្យា ៤ចំណុច ក្រោយអាជ្ញាធរហៅសួរនាំ

អាជីវករឆ្នេរកែបព្រមទទួលកំហុសរឿងជួលតូប ៥០ដុល្លារ! ឯកភាពធ្វើកិច្ចសន្យា ៤ចំណុច ក្រោយអាជ្ញាធរហៅសួរនាំ

ខេត្តកែប៖ បន្ទាប់ពីមានការរិះគន់យ៉ាងផុសផុលពីសំណាក់ភ្ញៀវទេសចរណ៍ អំពីតម្លៃជួលតូប និងការរឹតត្បិតចំណតនៅឆ្នេរកែប រដ្ឋបាលក្រុងកែបបានហៅម្ចាស់អាជីវករម្នាក់មកសាកសួរ និងបានឈានដល់ការឯកភាពធ្វើកិច្ចសន្យា៤ចំណុច ដើម្បីធានាបាននូវសេវាកម្មល្អប្រសើរជូនភ្ញៀវទេសចរណ៍។

កាលពីថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០២៥ មន្ទីរព័ត៌មានខេត្តកែបបានចេញសេចក្តីបំភ្លឺ ដោយបញ្ជាក់ថា ការរិះគន់បានកើតឡើងក្រោយមានវីដេអូបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ដោយភ្ញៀវទេសចរណ៍បានលើកឡើងថា ចំណតសាធារណៈមុខតូបមិនអនុញ្ញាតឱ្យចតទេ លុះត្រាតែជួលតូបមួយក្នុងតម្លៃ ៥០ដុល្លារ ដែលធ្វើឱ្យពួកគេមានការមិនពេញចិត្តជាខ្លាំង។

ឆ្លើយតបនឹងបញ្ហានេះ អាជ្ញាធរក្រុងសហការជាមួយមន្ទីរទេសចរណ៍ខេត្តកែប កាលពីថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញលោកស្រី ឆោម គឹមធើយ ជាអាជីវករលក់ដូរនៅឆ្នេរកែប មកបំភ្លឺ។ លោកស្រីបានទទួលស្គាល់ថា ពិតជាបានប្រាប់ភ្ញៀវឱ្យទៅចតនៅចំណតផ្សេង និងបានជម្រាបតម្លៃតូបជួល ៥០ដុល្លារមែន ប៉ុន្តែជាតម្លៃចចារ ហើយនឹងមិនគិតថ្លៃតូបឡើយ ប្រសិនបើភ្ញៀវទិញម្ហូបចាប់ពី៤មុខឡើងទៅ។

លោកស្រី ឆោម គឹមធើយ ក៏បានឯកភាពតាមការណែនាំរបស់អាជ្ញាធរ និងបានយល់ព្រមធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពប៉ះពាល់ភ្ញៀវទេសចរណ៍ រួមមាន៖
១. មិនឆ្លៀតឱកាសតម្លើងថ្លៃ ពិសេសថ្ងៃបុណ្យជាតិ និងអន្តរជាតិ។
២. រក្សាចំណតរថយន្តជាចំណតសាធារណៈ។
៣. មានបញ្ជីរាយមុខម្ហូប វិក្កយបត្រ ឈ្មោះទីតាំង និងលេខទូរសព្ទទំនាក់ទំនងឱ្យបានត្រឹមត្រូវ។
៤. ចូលរួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចដើម្បីរៀបចំសណ្តាប់ធ្នាប់សាធារណៈ អនាម័យបរិស្ថានឱ្យបានស្អាតជាប្រចាំ។

រដ្ឋបាលក្រុងកែបក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ក្នុងករណីជួបប្រទះភាពមិនប្រក្រតីណាមួយ ពិសេសពាក់ព័ន្ធនឹងតម្លៃសេវាកម្មទេសចរណ៍ សូមទំនាក់ទំនងទៅកាន់លេខទូរសព្ទ៖ ០១៥ ២៥០ ៧៦៨, ០១១ ៤១៣ ៧៣៧, ០៩៧ ៩៦៤ ៦៨ ៩៨, ០៩៦ ៦៦៦៦ ៧២៧។
ប្រភព៖ មន្ទីរព័ត៌មានខេត្តកែប

administrator

Related Articles